
លោក ហង់ជួន ណារ៉ុន លោក W. Patrick Murphy លោកស្រី Nancy J. Eslick និងមន្ត្រីពាក់ព័ន្ធ។ រូប USAID
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅថ្ងៃទី ២៣ មីនា បានប្រកាសអនុវត្តជាផ្លូវការ គម្រោងអប់រំបរិយាប័ន្ននៅបឋមសិក្សា (IPEA) រយៈពេល ៥ ឆ្នាំ (២០២២-២០២៦) ក្រោមមូលនិធិគាំទ្រពី USAID ចំនួន ២៥ លានដុល្លារ ដើម្បីបង្កើនបទពិសោធ អំណាន និងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សា។
ការប្រកាសអនុវត្តគម្រោងនេះធ្វើឡើង ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick តំណាងទីភ្នាក់ងារជំនួយអាមេរិក USAID នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងអប់រំ IPEA ជួយបង្កើនដល់សមិទ្ធផលមុនៗរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង»។ គម្រោង IPEA នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅទូទាំងប្រទេស ដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធីកុមាររៀនកុមារចេះ នៃក្រសួងអប់រំ។
លោក W. Patrick Murphy ថ្លែងថា៖ «កុមារនៅថ្ងៃនេះ គឺជាអ្នកដឹកនាំនៅថ្ងៃអនាគត ហើយយើងមានមោទនភាពក្នុងការគាំទ្រដល់កុមារកម្ពុជា តាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។
លោកបានបន្តថា៖ «យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើកម្មវិធីកុមាររៀនកុមារចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ»។
លោក W. Patrick Murphy លើកឡើងថា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ ទីភ្នាក់ងារជំនួយ USAID បានបង្កើតកម្មវិធីអំណានថ្នាក់ដំបូង (EGR) ដែលគេស្គាល់ជាទូទៅថា ជាគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង បានធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ និងភាពជាដៃគូសកល សម្រាប់ការអប់រំ ដែលហៅកាត់ថា (GPR) ដើម្បីអនុវត្តកម្មវិធីអំណានសម្រាប់ថ្នាក់ទី ១ និងទី ២ នៅសាលារដ្ឋចំនួន ២ ៥០០ សាលាក្នុងខេត្តគោលដៅចំនួន ៨។
លោកបានថ្លែងថា៖ «ផ្អែកលើសមិទ្ធផលរបស់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង (ACR-cambodia) យើងនឹងបន្តអនុវត្តគម្រោងអប់រំបរិយាប័ន្ននៅបឋមសិក្សា (IPEA) ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំផ្សេងៗទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់កម្មវិធីសិក្សាកម្រិតថ្នាក់ដំបូងដល់សិស្សានុសិស្សនៅទូទាំងប្រទេស ដោយធានាថា គ្មានកុមារណាម្នាក់ ត្រូវបានគេមើលរំលង រួមទាំងកុមារដែលមានពិការភាពផងដែរ»។
លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ទីភា្នក់ងារជំនួយសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ទទួលបានលទ្ធផលល្អប្រសើរ។ លោកថ្លែងថា ក្រសួងអប់រំ ផ្តល់អាទិភាពខ្ពស់បំផុតដល់ការលើកកម្ពស់សមត្ថភាពអានរបស់សិស្សានុសិស្ស ជាពិសេសនៅថ្នាក់ទី ១ ទី ២ និងទី ៣។ ក្រសួងបានសហការជាមួយអង្គការដៃគូពាក់ព័ន្ធ ដើម្បីផលិតកញ្ចប់សម្ភារអំណានដំបូងរួមមាន សៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សរ រូបភាព ដើម្បីជួយពង្រឹងសមត្ថភាពសិស្សក្នុងការចងចាំ ក៏ដូចជាវិធីសាស្ត្រក្នុងការបង្រៀន សៀវភៅហ្វឹកហាត់សរសេរ និងសៀវភៅរឿងខ្លីៗជាដើម ហើយការអានសៀវភៅទាំងនេះក៏ជួយពង្រឹងបន្ថែមទៀតដល់សិស្សបន្ទាប់ពីរៀនអក្សរ។
លោកបន្តថា អំណាន គឺជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងគុណភាពអប់រំ ក្នុងការបន្តការសិក្សាទៅមធ្យមសិក្សា និងឧត្តមសិក្សា។ វិធីសាស្ត្របង្រៀនអំណានដំបូងត្រូវបានរៀបចំឡើង ដើម្បីជួយគ្រូក្នុងការដឹកនាំការបង្រៀន និងរៀនកាន់តែសកម្ម ការគ្រប់គ្រងថ្នាក់រៀន ប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្តសកម្មភាពក្នុងថ្នាក់រៀន តាមគោលការណ៍ «ខ្ញុំធ្វើ យើងធ្វើ និងអ្នកធ្វើ»។
បើតាមលោក ហង់ជួន ណារ៉ុន វិធីបង្រៀនអំណានដំបូងនេះ ប្រមូលផ្តុំនូវវិធីសាស្ត្រ ២ គឺវិធីសាស្ត្រប្រកប និងវិធីសាស្ត្រសរុប ជួយឱ្យកុមារចេះប្រកប ជួយឱ្យការចងចាំ ដោយបង្ហាញជារូបភាព និងជួយពង្រឹងឱ្យកុមារចេះស្គាល់សូរ ស្គាល់តួអក្សរ ចេះអានព្យាង្គ និងពាក្យ ចេះអានស្ទាត់ អានយល់ន័យអំណានឮ អំណានដៃគូ អំណានបុគ្គល ដោយប្រើសៀវភៅរឿងខ្លីៗសម្រាប់សិស្សអានចំនួន ៦០ ចំណងជើង។ លោកបញ្ជាក់ថា កញ្ចប់អំណាន និងគណិតវិទ្យា ថ្នាក់ទី ១ និងថ្នាក់ទី ២ ដែលបានអនុវត្តកន្លងមកពិតជាមានគុណភាព និងប្រសិទ្ធភាព ក្នុងការបង្រៀន និងរៀនដែលយើងអាចយកទៅប្រើប្រាស់ ពង្រីកការអនុវត្តទូទាំងប្រទេសក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈបង្កើនលទ្ធផលការសិក្សារបស់សិស្សនៅបឋមសិក្សា ពោលគឺកុមារកម្ពុជា ចេះអាន ចេះសរសេរ និងចេះគិតលេខទាំងអស់គ្នា ដែលជាមូលដ្ឋានគ្រឹះនៃការអប់រំ នៅថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា៕