​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ព្រះ​មេគណ​ខេត្តសៀមរាប ព្រះ​ធម្ម​សេរី អាភា​កា​រោ ជុំ គឹម​ឡេង បាន​ក្រើនរំឭក​ដល់​ព្រះចៅអធិការ​តាម​បណ្តា​វត្ត​នានា​ក្នុង​ទូទាំង​ខេត្ត ត្រូវ​ណែនាំ​ដល់​ភិក្ខុ​-​សាមណេរ​ក្រោម​ឱវាទ​ត្រូវមាន​ក្រឹត្យ​ក្រមសីលធម៌ គុណធម៌ ដោយ​ព្រះអង្គ​ព្រមាន​ដាក់​នៅ​ដោយឡែក​ពី​គេ ចំពោះ​ព្រះសង្ឃ​ណា​ដែល​មិន​ស្តាប់​ការ​ប្រៀនប្រដៅ មាន​អ​ស្មឹ​មានៈ តេះ​ដៀល និង​ប្រមាថកាតទាន​ដល់​ថ្នាក់ដឹកនាំ​សង្ឃ​។​

​ព្រះអង្គ​មាន​សង្ឃដីកា​ដូចនេះ​កាលពី​រសៀល​ថ្ងៃទី ​​២៣ ខែ មីនា ឆ្នាំ​ ២០២២ ក្នុងពេល​បិទ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី ​២៩ ប្រគេន​ដល់​មន្ត្រី​សង្ឃ​ស្រុក​ប្រាសាទបាគង​។​

​ព្រះ​ធម្ម​សេរី អាភា​កា​រោ ជុំ គឹម​ឡេង មាន​សង្ឃដីកា​ថា៖ «​ព្រះចៅអធិការ​ទាំងអស់ ត្រូវ​ណែនាំ​ដល់​ភិក្ខុ​-​សាមណេរ​ក្រោម​ឱវាទ ត្រូវមាន​ក្រឹត្យ​ក្រមសីលធម៌ គុណធម៌ និង​គោរព​ប្រតិបត្តិ​គ្រូ​ឧ​ប្ឈា និង​ប្រមុខ​ថ្នាក់ដឹកនាំ​សង្ឃ​គ្រប់លំដាប់​ថ្នាក់ ហើយ​ករណី​ភិក្ខុ​-​សាមណេរ​អង្គណា​មិន​ស្តាប់​ការ​ប្រៀនប្រដៅ មាន​អ​ស្មឹ​មានៈ តេះ​ដៀល និង​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​សង្ឃ ភិក្ខុ​ឬ​សាមណេរ​រូបនោះ ត្រូវ​ដាក់ឱ្យ​នៅក្រៅ​សង្វាស​និង​សហគមន៍​សង្ឃ ពោលគឺ​ទុក​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​»​។​

​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៩​នេះ នឹង​រួមចំណែក​ពង្រឹង​ការ​បដិបត្តិ​ធម៌​វិន័យ ពង្រឹង​ប្រ​សិ​ទ្ឋ​ភាព​នៃ​ការគ្រប់គ្រង​វត្ត​អារាម ពង្រឹង​ការងារ​ពុទ្ធិកសិក្សា​និង​កិច្ចការ​មួយចំនួនទៀត​ដែល​មានចែង​ក្នុង​ខ្លឹមសារ​នៃ​សង្ឃប្រកាស អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៩​ដើម្បី​រួមចំណែក​បន្ត​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ សមធម៌​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​សំដៅ​ធ្វើឱ្យ​សង្គមជាតិ​ទាំងមូល​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​ព្រះ​តេជគុណ ឆន ឆាន ព្រះ​លេខា​គណ​ស្រុក​ប្រាសាទបាគង បាន​បញ្ជាក់ថា ដើម្បីឱ្យ​ការងារ​គ្រប់គ្រង​ព្រះសង្ឃ​និង​ទី​អារាម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ឆ្លើយតបបាន​ទៅតាម​អនុ​សំវ​ច្ឆ​រលើ​ក​ទី​២៩​នេះ សាលា​អនុគណ​ស្រុក​ប្រាសាទបាគង បានដាក់​ចេញ​នូវ​ផែនការ​ចម្បង​មួយចំនួន​ផងដែរ​។​

​ព្រះអង្គ​លើកឡើងថា ផែនការ​ទាំងនោះ​រួមមាន​៖ ពង្រឹង​ការប្រជុំ​ប្រចាំខែ​ជាមួយ​ព្រះចៅអធិការ​និង​គណៈកម្មការ​គ្រប់​វត្ត​ក្នុងស្រុក​, បន្ត​ការរៀបចំ​រចនាសម្ព័ន្ធ​តែងតាំង​ចៅអធិការ​វត្ត​ពេញសិទ្ធិ​ឱ្យបាន​គ្រប់​ស្រុក និង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​អាចារ្យ គណៈកម្មការ​តាម​បណ្តា​វត្ត​នៃ​អាណត្តិ​បន្ត​។

​ព្រះ​តេជគុណ បាន​បន្តថា ពង្រឹង​វិស័យ​អប់រំ​សាលា​ពុទ្ធិកសិក្សា​និង​ធម្ម​វិន័យ​ក្នុងស្រុក​ឱ្យ​ប្រសើរឡើង​, បន្ត​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​ស្រុក​និង​អាជ្ញាធរ​ពាក់ព័ន្ធ , បន្ត​រក្សា​ការឧបត្ថម្ភ​ថវិកា​សមាគម​ទ្រទ្រង់​សាលា​អនុគណ​ស្រុក​ជា​រៀងរាល់ឆ្នាំ និង​បន្ត​កិច្ចសហការ​ល្អជា​មួយ​គ្រប់​សមាសភាព​ទាំងអស់​ដើម្បី​រួមចំណែក​ក្នុង​ការងារ​សង្គម​និង​ការងារ​សាសនា​៕​

វីដេអូ៖