អភិបាលខេត្ត​ព្រៃវែង លោក ជា សុមេធី បាន​បើក​កិច្ចពិភាក្សា​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នា​ខែមេសា​ខាងមុខនេះ បន្ទាប់ពី​បាន​អាក់ខាន​ប្រារព្ធ​ពិធី​ចំនួន​ ២ ​ឆ្នាំ​កន្លងទៅ ដោយសារ​ការឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

យោងតាម​រដ្ឋបាលខេត្ត​ព្រៃវែង​បាន​ឱ្យដឹងថា អភិបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​ ដើម្បី​ធ្វើការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំនេះ ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​បំផុត ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​នេះ ឱ្យមាន​ភាព​អធិកអធម​។

ខេត្តព្រៃវែង​ក៏​នឹងមាន​ការរៀបចំ​នូវ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត បន្ទាប់ពី​បាន​អាក់ខាន​ប្រារព្ធ​ពិធី​ចំនួន​ ២ ​ឆ្នាំ​កន្លងទៅ ដោយសារ​ការឆ្លង​រាតត្បាត​ដ៏កាច​សាហាវ​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

បើតាម​រដ្ឋបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់ថា ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំ​ថ្មី​ព្រៃវែង ឆ្នាំ ២០២២ មាន​សមាសភាព​ជាច្រើន​ចូលរួម​ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ជាច្រើន​នាក់ ដើម្បី​ធានា​ឱ្យ​ការប្រព្រឹត្ត​ទៅ​ប្រកបដោយ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​យើង ប្រកប​ដោយ​ភាពរលូន និង​ជោគជ័យ​។

គួរ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យមាន​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​មេសា​ខាងមុខនេះ បន្ទាប់ពី​មាន​ការខកខាន​រយៈពេល​ ២ ​ឆ្នាំកន្លងមក ដោយសារ​ការឆ្លង​រាលដាល​ពី​មេរោគ​កូវីដ​ ១៩៕