ភ្នំពេញៈ ឥណ្ឌា​ប្រកាស​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការឆ្លើយតប ចំពោះ​តម្រូវការ​នានា​របស់​កង​យោធពល​ខេមរភូមិន្ទ និង​ស្នើ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​ស្ថាន​អនុព័ន្ធយោធា​ឥណ្ឌា​នៅ​កម្ពុជា​។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​នៅ​រាជធានី​ភ្នំពេញ​។

ហ្វេសប៊ុក​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាក់​នា​ថ្ងៃទី​ ២៤ ខែមីនា​ថា​៖ «​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា-​ឥណ្ឌា ពិសេស​លើ​ជំនាញ​ប្រតិបត្តិ​ការរក្សា​សន្តិភាព ហើយ​តទៅ​ថ្ងៃ​ខាងមុខ ឥណ្ឌា​បាន​ត្រៀម​ជាស្រេច​ក្នុង​ការ​ឆ្លើយតប ចំពោះ​តម្រូវការ​នានា​របស់​កងយោធពល​ខេមរភូមិន្ទ និង​ស្នើ​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​ស្ថាន​អនុព័ន្ធយោធា​ឥណ្ឌា​នៅ​កម្ពុជា​»​។

ក្នុងជំនួប​នេះ ក៏មាន​វត្តមាន​លោក វ៉ារ៉ាដាន គូម៉ា (Varadan Kumar ) នាយការិយាល័យ​អនុព័ន្ធយោធា​ឥណ្ឌា​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ផងដែរ​។

លោក វង្ស ពិសេន ថ្លែងថា ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដែលមាន​រយៈពេល ៧០ ឆ្នាំ​មកហើយ ដោយ​ក្នុងនោះ​លើ​កិច្ចសហប្រតិបត្តិការ​យោធា​ឥណ្ឌា​បាន​ជួយឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា ពិសេស​ការបណ្តុះបណ្តាល​កង យោធពល​ខេមរភូមិន្ទ​ឱ្យ​ក្លាយជា កងទ័ព​មាន​សមត្ថភាព​បំពេញ​បេសកកម្ម​ក្រោម​ក្របខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ​។

លោក​បានលើកឡើង​ពី​ការពិចារណា​នៅក្នុង​ការស្នើ​បើក​ស្ថាន​អនុព័ន្ធយោធា​ឥណ្ឌា​នៅ​កម្ពុជា និង​សិក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​អំពី​តម្រូវការ​នានា​របស់​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ស្នើសុំ​ឱ្យ​ឥណ្ឌា​បន្ត​ជួយឧបត្ថម្ភ​៕