មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ឱ្យដឹងថា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ (MoU) នា​រសៀល​ថ្ងៃទី ​២៥ ខែមីនា ឆ្នាំ​ ២០២២ លើ​គម្រោង​ជួសជុល ប្រាសាទ​គុក​ ឬ​ប្រាសាទ​មហាឥសី (N17)​។

លោក ផាន់ ណាឌី អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​ឱ្យដឹងថា អាជ្ញាធរ​សហការ​ជាមួយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ឈានទៅរក​ការជួសជុល និង​សង្គ្រោះ​ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17) ដែល​កសាងឡើង​ពី​ថ្មភក់​ដែល​ចាស់​ទ្រុឌទ្រោម​ហើយ​កំពុង​រង​ការខូចខាត​នោះ​ឱ្យ​រឹងមាំ​ឡើងវិញ​។

លោក ផាន់ ណាឌី បាន​មានប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ គណៈកម្មាធិការ អន្តរជាតិ​សម្របសម្រួល​កិច្ច គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយស៊ី ស៊ី-អង្គរ​(ICC Angkor) ថា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក​លោកស្រី Devyani KHOBRAGADE ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​លើ​គម្រោង​ជួសជុល​ និង​សង្គ្រោះ​ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17) ដែល​ចាស់​ទ្រុឌទ្រោម និង​កំពុង​រង​ការខូចខាត​ឱ្យមាន​និរន្តរភាព​ប្រសើរ​ឡើងវិញ​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​ ២៨ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ចគាំពារ អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិ​អង្គរ (​អាយស៊ីស៊ី-អង្គរ​) នា​សណ្ឋាគារ សូហ្វីតែល អង្គរ​ភូគីត្រា ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

លោក ផាន់ ណាឌី មានប្រសាសន៍៖ «​លក្ខណៈ​នៃ​ក្រុម​ប្រាសាទ​សំបូរព្រៃគុក គឺ​ប្រាសាទ​ភាគច្រើន​សង់​ពី​ឥដ្ឋ តែ​ការចុះ​អនុស្សរណៈ​ជាមួយ​ឥណ្ឌា​នៅពេលនេះ គឺ​ផ្ដោតលើ​គម្រោង​ជួសជុល​ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17) ដែល​សង់​ពី​ថ្មភក់​ហើយ​ប្រាសាទ​នេះ មាន​រចនាប័ទ្ម​ស្រដៀង​គ្នា​ទៅនឹង​ប្រាសាទ​របស់​ឥណ្ឌា​ទើប​ធ្វើឱ្យ​ឥណ្ឌា​ចាប់អារម្មណ៍​លើ​គម្រោង​ជួសជុល​នោះ​»​។

សូមបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ចាប់ផ្ដើម​ការងារ តាំងពី​ដើមឆ្នាំ​ ២០១៧ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជំហាន​ដំបូង​លើ ២ ​ចំណុច គឺ​ទី​ ១ ជួយ​អន្តរាគមន៍​បន្ទាន់​លើ​ការជួសជុល ការថែទាំ​ប្រាសាទបុរាណ​ដែលជា​ប្រភេទ​ប្រាសាទ​ឥដ្ឋ មាន​វ័យ​ចំណាស់​ជាងគេ តាំងពី​សតវត្សរ៍​ទី​ ៧ គឺ​មុន​សម័យអង្គរ​ទៅទៀត ដែល​កំពុង​ប្រឈម​នឹង​ការ​ជ្រុះ​បាក់បែក​។

ចំណែក ចំណុច​ទី ​២ គឺ យកចិត្ត​ទុកដាក់​រៀបចំ​លំនៅឋាន និង​សំណង់​នានា​របស់​ប្រជាពលរដ្ឋ កុំឱ្យ​មាន​ការរីករាលដាល​ចូលទៅក្នុង​តំបន់​ការពារ​សំបូរ​ព្រៃ​គុក ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕