សៀមរាបៈ បារាំង និង​ជប៉ុន ដែលជា​សហប្រធាន​គណៈកម្មាធិការ​អាយស៊ីស៊ី-​អង្គរ (ICC-Angkor) ប្រកាស​ជួយ​គាំទ្រ​លើ​ការអភិរក្ស និង​អភិវឌ្ឍន៍​ដោយ​ចីរភាព រយៈពេល​ ១០​ ឆ្នាំ​ទៀត លើ​ការងារ​បេតិកភណ្ឌ និង​សហគមន៍ ដើម្បី​ធ្វើឱ្យ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន អង្គរ​កាន់តែ​ល្អប្រសើរ​។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​ ២៨ នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អាយស៊ីស៊ី-​អង្គរ នា​ថ្ងៃទី​ ២៥ ខែមីនា ដោយមាន​វត្តមាន​លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២៥ ខែមីនា​ថា ការប្រកាស​នៃ​សេចក្តី​សម្រេចចិត្ត​នេះ ទទួល​បាន​ការសាទរ​យ៉ាង​ខ្លាំងក្លា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នៃ​កិច្ចប្រជុំ​។

គណៈកម្មាធិការ​អាយស៊ីស៊ី-​អង្គរ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៣ ហើយនឹង​ត្រូវ​បញ្ចប់​អាណត្តិ​ទី​ ៣​ របស់ខ្លួន នៅ​ចុងឆ្នាំ​ ២០២៣​។ តាមរយៈ​ការប្រកាស​នៃ​សេចក្តី​សម្រេចចិត្ត​នេះ គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ​នឹង​បន្ត​អាណត្តិ​លើក​ទី​ ៤ ​រហូតដល់​ឆ្នាំ​ ២០៣៣​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​មកនេះ គណៈកម្មាធិការ​អាយស៊ីស៊ី-​អង្គរ បានទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នូវ​ការធានា​បាន​ការជួសជុល​ប្រាសាទ ធ្វើយ៉ាងណា​ធានា​បាន​នូវ​ភាពរឹងមាំ​របស់​ប្រាសាទ ការងារ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ការគ្រប់គ្រង​ជួសជុល អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ចំពោះ​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​ទៀត គណៈកម្មាធិការ​អាយស៊ីស៊ី-​អង្គរ នឹង​ផ្តោតទៅលើ​ការងារ​បេតិកភណ្ឌ និង​សហគមន៍ ដើម្បី​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​បេតិកភណ្ឌ និង​សហគមន៍​ដែល​ធ្វើឱ្យ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន អង្គរ​កាន់តែ​ល្អប្រសើរ​»៕