ក្រសួង​មហាផ្ទៃ​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ និង​បញ្ជៀប​ការយល់ដឹង​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​លទ្ធផល​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ នា​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២ នេះ​បានឱ្យដឹងថា ក្រសួង​បានរៀបចំ​សិក្ខាសាលា​នេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ Z00M ដោយមាន​អ្នកចូលរួម​សរុប ចំនួន​ ៣៧៧ រូប​។

សិក្ខាសាលា​នេះ ដឹកនាំ​ដោយ​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ហើយ​អ្នក​ដែល​បាន​ចូលរួម​ជា​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​តំណាង​មកពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​ ១៤៧ ​ផងដែរ​។

ក្រសួង​បាន​បន្តថា សិក្ខាសាលា​បាន​ចែករំលែក​នូវ​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ ផ្តោតលើ​ការ​គេចវេះ​ និង​ទោសប្បញ្ញត្តិ និង​ការអនុវត្ត​សេចក្តី​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។

ទន្ទឹមនេះ សិក្ខាកាម​ក៏បាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​លើ​ខ្លឹមសារ​ច្បាប់ និង​ក្របខ័ណ្ឌ​គតិយុត្ត នីតិវិធី​នៃ​ការអនុវត្ត​ច្បាប់ និង​ការបំពេញ​កាតព្វកិច្ច​ជា បុគ្គល​រាយការណ៍​ផងដែរ​។

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា៖ «​ជា​លទ្ធផល អង្គសិក្ខាសាលា​នេះ​បាន​យល់ដឹង​អំពី​ខ្លឹមសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ពិសេស​បែបបទ នីតិវិធី នៃ​ការអនុវត្ត​ និង​កាតព្វកិច្ច នៃ​ស្ថាប័ន​ត្រួតពិនិត្យ​បុគ្គល​រាយការណ៍ ព្រមទាំង​បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ឱ្យជួយ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​សហការី និង​សាធារណជន សំដៅ​ចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​»​។

គួរ​បញ្ជាក់ថា សិក្ខាសាលា​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ និង​បញ្ជៀប​ការយល់ដឹង​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ធានា​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ និង​ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Task Force - FATF) ក្នុង​ការចូល​រួមការ​បង្ការ ការទប់ស្កាត់ និង​ការលុបបំបាត់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​ឱ្យមាន​ប្រសិទ្ធភាព​៕