ភ្នំពេញៈ កម្ពុជា​ និង​ប៉ាគីស្ថាន​ប្តេជ្ញា​ពង្រឹង​ចំណង​ទាក់ទង និង​សាមគ្គីភាព​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពជិតស្និទ្ធ ដោយ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព​។

ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក ហ្ស៊ាហិរូឌីន បាបា ថាហ៊ីម (ZaheeruddinBabarThaheem) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ប៉ាគីស្ថាន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​ ២៤ ខែមីនា​ដើម្បី​ពង្រឹងពង្រីក​ចំណង​ទាក់ទង កិច្ចសហប្រតិបត្តិការ​ និង​ការសាមគ្គីភាព​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​។

លោក​ ទៀ បាញ់​ ជឿជាក់ថា លោក Thaheem នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ប៉ាគីស្ថាន​កាន់តែ​ទូលំទូលាយ ជិតស្និទ្ធ និង​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ពង្រឹង​សាមគ្គីភាព និង​មិត្តភាព​យូរអង្វែង​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បញ្ជាក់​នា​ថ្ងៃទី​ ២៥​ មីនា​។

ហ្វេសប៊ុក​ដដែល​បាន​ដកស្រង់​សំដី​លោក​ ទៀ បាញ់ ថា​៖ «​ចំពោះ​ក្រសួង​ការពារជាតិ​ទាំង​ ២ កម្ពុជា ប៉ាគីស្ថាន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព ធ្វើការ​ផ្លាស់ប្តូរ ដំណើរ​ទស្ស​កិច្ច​ទៅវិញ​ទៅមក ហើយ​យើង​នឹង​បន្ត​ពិភាក្សា​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការពារជាតិ​ទាំង ​២ កម្ពុជា ប៉ាគីស្ថាន​» ។

បើតាម​ប្រភព​ដដែល លោក Thaheem សង្ឃឹមថា ក្រសួង​ការពារជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប៉ាគីស្ថាន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព​ដោយ​ធ្វើការ​ផ្លាស់ប្តូរ ដំណើរ​ទស្ស​កិច្ច​ទៅវិញ​ទៅមក ហើយនឹង​បន្ត​ពិភាក្សា​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការពារជាតិ​ទាំង​ ២ ឱ្យ​បាន​សម្រេច​ជោគជ័យ​៕