ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​បាន​លើកឡើង​ថា​ផ្ទៃក្រឡា​បន្ទប់​សម្រាប់​ជន​ជាប់ឃុំ​សម្រាក​មាន​ភាពប្រសើរ​ជាង​មុន ហើយ​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ​បាន​ធានា​ការពារ​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អប្រសើរ​ផងដែរ​។

នៅក្នុង​ពិធី​បិទ​សន្និបាត​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​មហាផ្ទៃ លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ និង​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ថ្ងៃ​សុក្រ​ទី​ ២៥ ​ខែមីនា លោក​ ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ដើម្បី​ឆ្លើយតប​តាម​បទដ្ឋាន​ជន​ជាប់​ឃុំឃាំង ដែល​ធានា​សន្តិសុខ សុវត្ថិភាព សុខភាព និង​មនុស្សធម៌ រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​។ ជារួម​បច្ចុប្បន្ន​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត មាន​អគារ​ឃុំឃាំង ចំនួន ១៧៣ ​អគារ ស្មើនឹង ១០១៤ ​បន្ទប់ មាន​ផ្ទៃក្រឡា សរុប ៥៤ ០៨១ ​ម៉ែត្រក្រឡា «​ដែល​ធ្វើឱ្យ​ផ្ទៃក្រឡា​សម្រាប់​ជន​ជាប់ឃុំ​សម្រាក​ប្រសើរ​ជាង​មុន​»​។

លោក​បាន​បន្តថា ឆ្នាំ ​២០២១ ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ​ជារួម​ធានា​ការពារ​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អប្រសើរ ដោយបាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ ជាមួយ​នឹង​កិច្ចពង្រឹង​ការងារ​គណៈកម្មការ​ធ្វើ​ចំណាត់ថ្នាក់​សន្ដិសុខ​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ រៀបចំ​អគារ​ឃុំឃាំង និង​ដោះស្រាយ​ភាព​ចង្អៀត​ណែន ការផ្ទេរ​សម្រួល​ការងារ​ឃុំឃាំង រួមទាំង​ការបញ្ជូន​ទណ្ឌិត​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតី លោក​ ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​តំណាងឱ្យ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

លោក​ ប៉ាវ ហមផាន ​បានធ្វើការ​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្ត​ទុកដាក់ ជំរុញ​អនុវត្ត ផែនការ​ការងារ​ឆ្នាំ​ ២០២១ កន្លងទៅ​ធ្វើឱ្យ​អគ្គនាយកដ្ឋាន សម្រេច​បាន​នូវ​បេសកកម្ម​សំខាន់ៗ​របស់ខ្លួន​ក្នុង​ការអនុវត្ត​សម្រេច​ជោគជ័យ​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ពន្ធនាគារ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ​។

លោក​បាន​សម្ដែង​ការដឹងគុណ​ចំពោះ​អង្គភាព​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​នានា ដែល​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ភាពជា​ដៃគូ ដើម្បី​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍន៍​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត លើ​ការងារ​សន្តិសុខ សុខភាព អនាម័យ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការងារ អប់រំ​កែប្រែ ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការងារ​សមាហរណកម្មជន​ជាប់ឃុំ ចូល​ទៅក្នុង​សហគមន៍​។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ស្របពេល​ជាមួយ​នឹង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ ក្នុង​ពន្ធនាគារ​ក៏​ជា​បញ្ហា​ប្រឈម​ដ៏គ្រោះថ្នាក់​មួយ​ផងដែរ​។ ប៉ុន្ដែ​ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ និង​ទាន់ពេលវេលា​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចង្អុល​ណែនាំ​ដោយផ្ទាល់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង ពួកគេ​អាច​គ្រប់គ្រង និង​ព្យាបាល​បាន​ជំងឺ​នេះ​នៅក្នុង​ពន្ធនាគារ ហើយ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ និង​ជន​ជាប់ឃុំ ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ១ ដូស​ទី​ ២ និង​ដូស​ទី​ ៣​។

សន្និបាត​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​មហាផ្ទៃ លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ និង​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នាពេល​នេះ​បានរៀបចំ​ឡើង​ផ្តោតលើ​ប្រធានបទ «​ការងារ​កែទម្រង់​ពន្ធនាគារ ដោយ​ផ្ដោតលើ​ការធ្វើ​ចំណាត់ថ្នាក់​សន្ដិសុខ ដើម្បី​គ្រប់គ្រង​ជន​ជាប់ឃុំ​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​, ការដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ការអប់រំ​ផ្លូវចិត្ត​, ការផ្ដល់សេវា​សុខភាព​, ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ ​១៩ ជំងឺឆ្លង​ផ្សេងៗ​ចូលក្នុង​ពន្ធនាគារ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ឈានទៅ​ធានា​បាន​នូវ​សុវត្ថិភាព និង​សមាហរណកម្ម​ក្នុង​សហគមន៍​»៕