ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កោតសរសើរ​ចិន​ដែល​ឈានមុខ​ក្នុង​ការផ្តល់​ឱសថ ការផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​កូវីដ​ ១៩ ​រាប់លាន​ដូស​មកកាន់​បណ្តា​ប្រទេស​មេគង្គ​បាន​ទាន់ពេលវេលា​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​សុខាភិបាល​សកល​។

លោក​ថ្លែងថា​៖ «​ស្ថិតក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​សុខាភិបាល​សកល កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ចិន តាមរយៈ​ការបង្កើត​សហគមន៍​សុខភាព​សាធារណៈ​មេគង្គ​-​ឡានឆាង និង​តួនាទី​ឈានមុខ​ក្នុង​ការផ្តល់​ឱសថ ការផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​កូវីដ​ ១៩​ រាប់លាន​ដូស​មកកាន់​បណ្តា​ប្រទេស​មេគង្គ​បាន​ទាន់​ពេលវេលា​»​។

ក្នុង​ឱកាស​អបអរសាទរ​ទិវា​សប្តាហ៍​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​ឆ្នាំ​ ២០២២ នា​ថ្ងៃទី​ ២៦ ខែមីនា លោក ប្រាក់ សុខុន ថ្លែងថា អ្វីដែល​ពិសេស​នោះ​គឺ​កម្ពុជា​បានរួម​ចំណែក​ដល់​ភាពជោគជ័យ​ក្នុង​ការអនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដោយ​សម្រេចបាន​អត្រា​ចាក់​វ៉ាក់សាំង​ប្រមាណ ​៩២ ​ភាគរយ និង​ការបើក​ប្រទេស​ឡើងវិញ ហើយ​សមិទ្ធផល​ទាំងនេះ​គឺជា​សក្ខីភាព​ដ៏​រឹងមាំ​នៃ​ប្រសិទ្ធភាព និង​ភាព​ពាក់ព័ន្ធ​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​។

លោក​អំពាវនាវ​ឱ្យមាន​ការទទួល​ស្គាល់​នូវ​ការកើនឡើង​នូវ​ភាពសំខាន់​នៃ​តំបន់​មេគង្គ​-​ឡានឆាង ដែលជា «​ប៉ូល​កំណើន​» នៅក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​ដ៏មាន​ថាមភាព ដោយ​ផ្អែកលើ​ភាព​សំខាន់​នៃ​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ ទំហំ​សេដ្ឋកិច្ច និង​សក្តានុពល​ទីផ្សារ​ដ៏​មហិមា​។

រដ្ឋមន្ត្រី​រូបនេះ​ថ្លែងថា កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​សាមគ្គីភាព​របស់​ប្រទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​នៅក្នុង​រយៈពេល​ ៦ ​ឆ្នាំកន្លងមក បានអនុញ្ញាត​ឱ្យ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង រក្សាបាន​សន្ទុះ​អភិវឌ្ឍន៍​ជំរុញ​សេដ្ឋកិច្ច​បំពេញ​បន្ថែម និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​វប្បធម៌ ដែលជា​ធាតុ​ផ្សំ​ដ៏សំខាន់​ក្នុង​ការកសាង​សហគមន៍​មួយ​ឱ្យ​កាន់តែ​បើកចំហ ប្រកបដោយ​បរិយាបន្ន និង​ចីរភាព និង​មាន​អនាគត​រួមគ្នា​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​។

ប្រទេស​មេគង្គ​-​ឡានឆាង ទើបតែ​បានបញ្ចប់​ការអនុវត្ត​ផែនការ​សកម្មភាព​ ៥ ​ឆ្នាំ (២០១៨-២០២២) ហើយ​កំពុង​រៀបចំ​កិច្ចសហប្រតិបត្តិការ​នា​ដំណាក់កាល​បន្ទាប់ ដោយ​ផ្តោតលើ​របៀបវារៈ​អភិវឌ្ឍន៍​ដែល​យក​សំខាន់​លើ​ប្រជាជន​។

បើតាម​លោក ប្រាក់ សុខុន ក្នុង​គោលបំណង​ធានា​នូវ​ប្រភព​កំណើន​ថ្មី ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​តំបន់​មាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស ប្រទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការសម្រេច​ឱ្យបាន​នូវ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡានឆាង និង​ច្រករបៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​តាម​ផ្លូវគោក-​សមុទ្រ ដើម្បី​លើកកម្ពស់ និង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ការធ្វើ​សមាហរណកម្ម​នៅក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​យើង​បាន​កត់សម្គាល់ថា​តម្រូវការ​អភិវឌ្ឍ​របស់​យើង​នឹង​បណ្តាល​ឱ្យមាន​ផលប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ដូច្នេះហើយ​យើង​នឹង​ប្រឹងប្រែង​រួមសហការ​គ្នា​លើ​ការគ្រប់គ្រង​ប្រកបដោយ​ចីរភាព​នូវ​ធនធានទឹក និង​ការគ្រប់គ្រង​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​បាតុភាព​អាកាសធាតុ​ដ៏ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​»​។

រដ្ឋមន្ត្រី​រូបនេះ​បាន​សម្ដែង​សេចក្តី​រីករាយ​ដោយបាន​ឃើញ​ការបំពេញ​បន្ថែម​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​ជាមួយនឹង​យន្តការ​អនុតំបន់​មេគង្គ​ដទៃទៀត ជា​ពិ​សស​កិច្ចសហប្រតិបត្តិការ​អេក​ម៉ិ​ក និង​មហា​អនុតំបន់​មេគង្គ ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​អនុតំបន់ និង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​។

លោក ថ្លែងថា តាមរយៈ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​ចំនួន​ ៦៧ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២០​ លាន​ដុល្លារ​អាមេរិក ដោយបាន​គាំទ្រ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់​ផ្លូវអាកាស ការអប់រំ ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​។

លោក ប្រាក់ សុខុន អះអាងថា ស្រប​ពេលដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំនេះ យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​នឹង​កាន់តែ​រួមចំណែក​ដល់​សមាសភាគ​អភិវឌ្ឍន៍​ដ៏​រឹងមាំ​សំដៅ​ធានា​ឱ្យ​អាស៊ាន​បន្ត​ទទួលបាន​ភាពរស់រវើក​ក្នុង​ស្មារតី​ពិតប្រាកដ​នៃ​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា​៕