បាត់ដំបងៈ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយ​សារ​ករណី​ផ្ទុះ​គ្រាប់មីន ខណៈ​ពួកគេ​កំពុងជីក​គាស់​គល់​ឈើ ដើម្បី​យកទៅ​​កែច្នៃ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម កាលពីវេលា​​ម៉ោង​ ៦:៣០ នាទី​ព្រឹក ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ នៅ​ចំណុច​ភ្នំ​ស​ ក្នុងភូមិ​សាស្ត្រ​ឃុំ​រស្មី​សង្ហារ ស្រុក​រតន​មណ្ឌល។

លោក​ ហ៊ី រ៉ូ​ស្មាស់ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​រស្មី​សង្ហា បាន​ប្រាប់​ភ្នំបេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ឈ្មោះ​ ផាង ភ័​ណ្ឌ អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង បាន​ដាច់​ជើងឆ្វេង​ម្ខាង ហើយ​បាន​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ ដោយ​សារ​តែ​មុខរបួស​ហូរឈាម​ខ្លាំងពេក។ ចំណែក​អ្នក​​រួម​ការងារ​របស់គាត់​ម្នាក់​ទៀត​​ឈ្មោះ ឆាយ កុសល អាយុ ៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ បាន​រងរបួស​ចំ​ភ្នែក​ទាំងសងខាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ​ជួយ​អន្តរាគមន៍​នាំយកទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង។

លោក​ថ្លែងថា៖«បើតាម​សម្ដី​ជន​រង​គ្រោះ ឈ្មោះ ឆាយ កុសល មុនពេល​កើតហេតុ ពួកគេ​បាន​នាំ​គា្ន ទៅ​ជីក​គាស់​គល់ឈើ​ប្រភេទ​ធ្នង់ និង បេង ដើម្បី​យកមក​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម។ កាលពី​ល្ងាច​មុន​ថ្ងៃកើតហេតុ ពួកគេ​បា​ន​គាស់​គល់​បេង​បាន​មួយ។ លុះដល់​ព្រឹក​ថ្ងៃកើតហេតុ ពួកគេ​បន្ត​គាស់​គល់​ធ្នង់ តែ​ក៏​ប៉ះ​ត្រូវ​ក្បាល​គ្រាប់ មិន​ស្គាល់​ប្រភេទ​ចំនួន១ ដែល​ត្រូវបាន​គេ​កប់​ទុក​កាលពី​សម័យ​សង្គ្រាម​បណ្ដាល​ផ្ទុះ បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​តែម្ដង»។

បើតាម​ លោក សន និល អធិការ​ស្រុក​រតនៈមណ្ឌល ទីតាំង​ដែល​ជនរងគ្រោះ​ទៅ​ជីក​គាស់​គល់ឈើ​នោះ​ ជា​អតីត​ទីតាំង​សមរភូមិ​ប្រយុទ្ធ ដ៏​ស្វិតស្វាញ​មួយ កាលពី​អំឡុង​ទសវត្ស​រិ៍​ឆ្នាំ១៩៨០-១៩៩៩។ បច្ចុប្បន្ន តំបន់​នោះ​នៅ​មិនទាន់​មានការ​បោសសំអាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅឡើយ​ទេ។

ជុំវិញ​ករណីនេះ លោក ទ្រី បញ្ញា​ឫ​ទ្ធិ ប្រធាន​អង្គភាព​កំចាត់មីន ប្រចាំ​តំបន់២ ខេត្តបាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្នំ​ទាំងអស់ លើកលែងតែ​ភ្នំ​ក្នុង​តំបន់​រម្យ​ណី​យ៍​ដ្ឋា​ន​វប្បធម៌ ទេសចរណ៍ គឺ​នៅ​មិនទាន់​មានការ​បោស​សំអាត​មីន និង គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​ទេ។

លោក​បាន​ថ្លែងថា៖«ក្រុមការងារ​យើង​ ទទួល​ផែនការ​បោសសំអាត​មីន និង គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ តែ​ភ្នំ​ណា ដែល​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ កំណត់ថា​ ជា​តំបន់​រម្យ​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ឬ វប្បធម៌ ដែលមាន​ការសាងសង់ វត្ត​អារាម និង ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ។ ចំណែក​ភ្នំ​ដែល​មិន​ស្ថិតក្នុង​គម្រោង​ទាំងនេះ ក្រុមការងារ​យើង​នៅ​មិន​ទាន់​មានការ​បោស​សំអាត​នោះទេ»។

បើតាម​លោក បញ្ញា​ឫ​ទ្ធិ គ្រាប់មីន និង គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែលជា​កាកសំណល់​នៃ​សង្គ្រាម នៅតែ​បន្ត​ធ្វើ​ឱ្យ​មាន​​គ្រោះថ្នាក់​ដល់​អាយុ​ជី​វត​ប្រជាជន ស្ទើរ​គ្រប់​ទីកន្លែង ជា​ពិសេស តំបន់​អតីត​សមរភូមិ​វាយ​ប្រយុទ្ធគ្នា​។

ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ដោយសារ​ផ្ទុះ​ក្បាល​គ្រាប់ ដែលជា​កាកសំណល់​នៃ​សង្គ្រាម​នេះ អ្នកស្រី ឡេង ស្រី​ពៅ ដែល​ជា​ម្ដាយមីង ជន​រងគ្រោះ ឈ្មោះ ផាង ភណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​ពិតជា​នឹក​ស្រណោះ ក្មួយប្រុស​របស់​គាត់ បើ​ទោះជា​គេ មានការ​ងារ​មិន​សម​ប្រកប ប៉ុន្តែ​គេ​នៅតែ​គិតគូ​ដល់​ក្រុមគ្រួសារ។

អ្នកស្រី​បាន​បន្តថា៖«ទោះ​ប្រាក់ខែ​តិចក្ដី​ក៏​គេ​នៅតែ​ចាយវាយ​ដោយ​សន្សំសំចៃ ដើម្បី​ផ្ដល់​មកជួយ​ក្រុមគ្រួសារ។ ប៉ុន្តែ​ឥឡូវនេះ គេ​បាន​ស្លាប់​ដោយសារ​ទៅ​គាស់​គល់ឈើ ប៉ះចំ​ក្បាល​គ្រាប់​បណ្ដាល​ឱ្យ​ផ្ទុះ​ស្លាប់ ដោយ​មិនបាន​ផ្ដាំផ្ញើ ឬ​លា​បងប្អូន មាមីង និង ឪពុក​ម្ដាយ​សូម្បី​តែ​មួយ​ម៉ាត់»។

ដោយ​ឡែក​អ្នកស្រី ឆាយ គឹម​ឡាង បងស្រី ជន​រង​គ្រោះ​ឈ្មោះ​ឆាយ កុសល បាន​និយាយ​ថា នៅ​ពេល​នេះ កុសល កំពុង​ស្ថិត​ក្នុងស្ថាន​ភាព សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​៕