ភ្នំពេញៈ ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ ២២ ​លាន​ដុល្លារ នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំនេះ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ នេះ​បើ​យោងតាម​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​។

ការត្រៀម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ បន្ទាប់ពី​គម្រោង​សាងសង់​បានបញ្ចប់​ ១០០ ​ភាគរយ ហើយ​ត្រូវបាន​ដាក់ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​ ១៩​ ខែមីនា ។ មុន​ដាក់​ឱ្យប្រើ​បណ្តោះអាសន្ន​នាពេលនោះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ និង​​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​សំណង់​ផងដែរ​។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​(AIP) គឹម បញ្ញា បាន​ថ្លែងថា ការដាក់ឱ្យ​ប្រើប្រាស់​​ស្ពាន​អាកាស​ចោមចៅ​នេះ វា​មាន​សារៈប្រយោជន៍​ច្រើន គឺ​ជួយ​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​ពលរដ្ឋ ដោយ​មិន​ខាតបង់​ពេលវេលា និង​ប្រាក់​កាក់​ជាដើម​។

លោក​ថា​៖ «​ជាធម្មតា​ការកកស្ទះ​នាំឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចណ៍ ព្រោះ​ធម្មតា​យើង​ធ្វើដំណើរ​គឺមាន​ពេលវេលា​របស់​យើង​មិន​ថា​ទៅ​ធ្វើការ ឬ​បំពេញ​កិច្ចការ​ផ្សេងៗ អ៊ីចឹង​ពេល​យើង​ជាប់​ស្ទះ​នៅ​កន្លែង​ណាមួយ​យើង​បង្ខំ​ទៅដល់​ទីតាំង​ឱ្យទាន់​ពេលវេលា ហើយ​​បង្កើនល្បឿន អ៊ីចឹង​ល្បឿន​នេះ ងាយ​បង្ក​ហានិភ័យ​ដល់​គ្រោះថ្នាក់​ចរាចរណ៍​អ៊ីចឹង​ជារួម​ស្ពាន​អាកាស​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ពលរដ្ឋ​ទាំងមូល​»​។

ពលរដ្ឋ​មួយរូប​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​រង្វង់​មូល​ចោមចៅ​​អ្នកស្រី សុខ ធីតា បានបង្ហាញ​ក្ដី​រីករាយ​នៅពេល​ដឹងថា ស្ពាន​នេះ​បញ្ចប់​ការសាងសង់​ ១០០​ ភាគរយ​ដោយ​សង្ឃឹមថានឹង​លែង​កកស្ទះ​ទៀតហើយ​។

ទិដ្ឋភាព​ស្ពាន​អាកាស​ចោមចៅ​ពីថ្ងៃ​ទី​ ២៧ មីនា​។ហុង មិនា

លោកស្រី​ថា​៖ «​ព្រោះ​ខ្ញុំ​ឃើញ​​ស្ពាន​នេះ​ពលរដ្ឋ​មកពី​គ្រប់​ទិស​​អាចធ្វើ​ដំណើរ​ស្រួល​ជាង​មុន ដោយសារ​គេ​មាន​បែងចែក​ច្បាស់លាស់ និង​ធំ​ជាង​មុន​»​។

លោកស្រី​បាន​រៀបរាប់​បទពិសោធ​ធ្លាប់​ជិះ​កាត់​រង្វង់​មូល​ចោមចៅ​ថា​៖ «​នៅ​ភ្នំពេញ​នរណា​ក៏​ល្បី​រឿង​ស្ទះ​នៅ​ចោមចៅ​កំពូល​ស្តេច​ស្ទះ​តែម្តង កាល​មិនទាន់​​ធ្វើ​ស្ពាន ហុយ​ក៏​ហុយ ស្ទះ​ក៏​ស្ទះ ពេល​ភ្លៀង​លិច​ទឹក​ពិបាកធ្វើ​​ដំណើរ​ណាស់ ប៉ុន្តែ​ឥឡូវ​គ្រាន់​តែ​ឃើញ​រូបភាព​ក៏​សប្បាយចិត្ត​​ដែរ គឺ​លែង​ស្ទះ​ហើយ​»​។

ការសាងសង់​ស្ពាន​នេះ​គឺជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) ​ដោយ​ប្រើពេល​ ៣០ ​ខែ​ និង​ចំណាយ​ថវិកា​អស់​ប្រមាណ​ ២២ ​លាន​ដុល្លារ​។ ​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរសាធារណការ​ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ការដ្ឋាន​នេះ​ត្រូវ​​សង់​ដោយ​បែងចែក​ជា​ ៣ ​ផ្នែក​។

ស្ពាន​ទី​ ១ ជា​ស្ពាន​អាកាសមេ តភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​មក​ផ្លូវជាតិ​លេខ​ ៣ មាន​ប្រវែង​ ៤០៨ ​ម៉ែត្រ ទទឹង​ ១៥,៨ ​ម៉ែត្រ​ដែលមាន​ចរាចរណ៍ ២​គន្លង​ទៅ និង​ ២​ គន្លង​មក​ជម្រាល​ស្ពាន​ ៤,៥ ​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​ ៥,៥ ​ម៉ែត្រ​។

ស្ពាន​ទី​ ២ បំបែក​ចេញពី​ស្ពាន​អាកាស​មេ​បត់​ឆ្វេង​តភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​​ឆ្ពោះទៅ​ផ្លូវ​វេងស្រេង សម្រាប់​ចរាចរណ៍ ​១ ​ទិស ដែលមាន ១ ​គន្លង​រថយន្ត​ និង​ ១ ​គន្លង​ទោចក្រ​យានយន្ត​មាន​ប្រវែង ២០២ ​ម៉ែត្រ ​(​ស្ពាន​អាកាស​ប្រវែង ៤០​ ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ៤៤ ម៉ែត្រ​) ​ទទឹង ៥,២៥ ម៉ែត្រ​។

ស្ពាន​ទី​ ៣ ជា​ស្ពាន​កោង​បត់​ឆ្វេង​តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេងស្រេង​មក​ផ្លូវជាតិ​លេខ ៣ មាន​ប្រវែង​សរុប ២០៦ ម៉ែត្រ​ (​ស្ពាន​អាកាស​ប្រវែង​ ៦០ ​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​ ១១៨ ​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​ ២៨ ​ម៉ែត្រ​) ទទឹង​ ៥,២៥ ​ម៉ែត្រ​សម្រាប់​ចរាចរណ៍​ ១ ទិស​ដែលមាន ១ គន្លង​​រថយន្ត និង​ ១​ គន្លង​ទោចក្រ​យានយន្ត​។

ផ្លូវ​លើដី​ និង​ផ្លូវ​ក្រោម​ដី​ជា​ផ្លូវកោង​តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេងស្រេង​មក​ផ្លូវជាតិ​លេខ​ ៤ មាន​ប្រវែង​សរុប​ ១៣០ ​ម៉ែត្រ​ (​ផ្លូវ​ក្រោម​ដី​ប្រវែង​ ១៣ ​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​ ១១៧​ ម៉ែត្រ​)​ ទទឹង​ ៨,៥ ​ម៉ែត្រ​សម្រាប់​ចរាចរណ៍​ ១ ​ទិស​ដែលមាន ២ ​គន្លង​រថយន្ត​ និង​ ១ ​គន្លង​ទោចក្រ​យានយន្ត​។

ផ្លូវ​លើដី​ជា​ផ្លូវ​មេ​តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​ ៤ មក​ផ្លូវ​វេង​ស្រេង​មាន​ប្រវែង​សរុប ២៣៥ ​ម៉ែត្រ ទទឹង​ ៨,៥ ​ម៉ែត្រ សម្រាប់​ចរាចរណ៍​ ១ ​ទិស ដែល​​មាន​ ២ ​គន្លង​រថយន្ត​ និង​ ១ ​គន្លង​​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​ ៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​មាន​ប្រវែង​សរុប​ ៤៧០ ​ម៉ែត្រ ទទឹង​ ៨,៥ ​ម៉ែត្រ​សម្រាប់​ចរាចរណ៍ ​១ ​ទិស ដែលមាន ២​ ​គន្លង​រថយន្ត និង​ ១ ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព​ ៤០​ គីឡូម៉ែត្រ ក្នុង​ ១​ ម៉ោង​សម្រាប់​ផ្លូវ​ទទឹង​ទំហំ​ ៨,៥ ​ម៉ែត្រ​។ ល្បឿន​សុវត្ថិភាព ​២៥ ​គីឡូម៉ែត្រ ក្នុង ១ ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ​ ៥,២៥ ​ម៉ែត្រ និង​ទំហំ​ ៥,៥​ ម៉ែត្រ​។

ស្ពាន​អាកាស​នេះ​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស​ និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូទ័រ​បូមទឹក​ស្វ័យប្រវត្តិ ដែល​នឹង​មាន​អាយុកាល​ ១០០ ​ឆ្នាំ​។ នេះ​បើ​យោងតាម​​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕