ពោធិ៍សាត់/កំពង់ឆ្នាំងៈ ជនប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ជាង​ ១០ ​នាក់ ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទន្លេសាប​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អន្តរក្រសួង​បាន​ឯកភាព​គ្នា​បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់ជាតិ​ជា​អចិន្រៃ្តយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន ២ ​កន្លែង​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​។

លោក ភុំ វិមល ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការងារ​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស​នេសាទ និង​បទល្មើស​កាប់​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក គឺជា​ការងារ​ស្នូល​ដែល​ក្រុមការងារ​របស់​លោក​តែងតែ​យកចិត្ត​ទុកដាក់ និង​អនុវត្ត​ជាប្រចាំ បន្ទាប់ពី​ការងារ​ផ្សព្វផ្សាយ​អប់រំ និង​បណ្ដុះបណ្ដាល​មុខជំនាញ​ឯកទេស ពាក់ព័ន្ធ​វិស័យ​ដាំដុះ និង​ចិញ្ចឹមសត្វ​ដល់​សហគមន៍​កសិករ និង​សហគមន៍​នេសាទ​។

លោក​បាន​ថ្លែងថា​៖ «​ថ្មីៗ​នេះ សមត្ថកិច្ច​យើង​បាន​បង្ក្រាប​ចាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ចំនួន​ ៩ ​នាក់ ដែល​បាន​ប្រើ​អួន​អូស​ធំៗ​ភ្ជាប់​ជាមួយ​ឧបករណ៍​ឆក់​ត្រជាក់​។ ពួកគេ​មាន​សញ្ជាតិ​កម្ពុជា ដើមកំណើត​វៀតណាម ជា​អ្នករស់នៅ​លើ​ទូក និង​ផ្ទះ​បណ្ដែត​ទឹក​ចល័ត​»​។

លោក​បាន​បន្តថា​៖ «​ទន្ទឹមនឹងនេះ ក្រុម​សមត្ថកិច្ច​យើង​ក៏បាន​បង្ក្រាប​ចាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស កាប់ ឈូសឆាយ​ដីព្រៃ​លិច​ទឹក ចំនួន ៣ ​នាក់​ផងដែរ »​។

បើតាម​លោក ​វិបុល បច្ចុប្បន្ន ក្រុម​ជនប្រព្រឹត្ត​បទល្មើស​នេសាទ និង​បទល្មើស​កាប់បំផ្លាញ​ព្រៃ​លិចទឹក​ជា​ជម្រក​ត្រី​ពង​កូន​ទាំងនោះ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ក្រោម​បទចោទប្រកាន់ នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់ និង​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ ៣ ដែល​ត្រូវបាន​ហាមឃាត់​»​។

ចំណែក​លោក​ ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅពី​ចុះ​ស្រាវជ្រាវ​បទល្មើស​នេសាទ​ហ៊ុម​សម្រាស់​ចាប់​ត្រី ដែលមាន​ប្រវែង​រាប់ពាន់​ម៉ែត្រ នៅតាម​គន្លង​ប្រព័ន្ធ​ដៃបឹង បឹង​ទន្លេសាប ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ចលនា​ត្រី និង​នាវាចរណ៍ ក្រុមការងារ​របស់លោក ដែល​គាំទ្រ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាលខេត្ត​កំពង់ឆាំ្នង កាលពី​ថ្ងៃទី​ ២៦ ខែមីនា បាន​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ដែល​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់ ចំនួន​ ២ ​នាក់ បញ្ជូន​ទៅ​តុលាការ​។

លោក​បញ្ជាក់ថា​៖ «​នៅ​ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ ភាគច្រើន​មាននៅ​ក្នុង ស្រុក​បរិបូណ៌ និង​ស្រុក​កំពង់លែង ដោយសារ មាន​ប្រជាជន​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ចល័ត​ច្រើន និង​ស្ថិតនៅ​ដាច់ស្រយាល​ពី​គេ​»​។ លោក​បន្ថែមថា​៖ «​នៅពេលនេះ​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យើង កំពុង​ចល័ត​ទូក​នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប ដើម្បី​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់លែង​នៅឡើយ​»​។

ស្រដៀង​គ្នា​នេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែងថា នៅពេលនេះ លោក និង​ក្រុមការងារ​បច្ចេកទេស​មួយចំនួន​កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល​ថ្នាក់​ខេត្ត​មួយ ដើម្បី​ស្រាវជ្រាវ និង​បង្ក្រាប​រាល់​សំណុំរឿង​បទល្មើស​នេសាទ​ទាំងអស់ យកមក​ចាត់ការ​តាមច្បាប់​ឱ្យបាន​ឆាប់រហ័ស​ដោយ​ម៉ឺងម៉ាត់​ និង​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ច្បាប់ និង​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ធនធាន​ជលផល​ទឹកសាប​ក្នុង​តំបន់​បឹង​ទន្លេសាប​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ​កិច្ចការ​បន្ទាន់​នៅ​ចំពោះមុខ​សម្រាប់​ថ្នាក់​ខេត្ត​យើង គឺ​រៀបចំ​គណៈកម្មការ​ត្រួត​ពិនិត្យ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល​មួយ​ដែលមាន​តួនាទី ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ឧបករណ៍​សំខាន់​មួយចំនួន​ដែល​ជនល្មើស​ប្រើប្រាស់​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល ដើម្បី​ឈានដល់​ការបង្ក្រាប​ឱ្យចំ​គោលដៅ និង​ទាន់ពេលវេលា​»​។

បើតាម​លោក រតនៈ កាលពី​ថ្ងៃទី​ ២៦ ខែមីនា រូបលោក​ផ្ទាល់ និង​តំណាង​គណៈអភិបាលខេត្ត​ផ្សេងទៀត​ជុំវិញ​បឹង​ទន្លេសាប​បាន​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​ ២ ដែល​ដឹកនាំ​ដោយ​លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​មានការ​ចូលរួម​ពី​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក ម៉ៅ ហាក់ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត មកពី​ក្រសួង​ការពារជាតិ​បាន​ឯកភាព​គ្នា​បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់​ជាតិ​ជា​អចិន្រៃ្តយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន​ ២​ កន្លែង​ជា​បឋម ក្នុង​ចំណាម​ ៥ ​កន្លែង​នៅ​បឹង​ទន្លេសាប ដើម្បី​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ នូវ​រាល់​សកម្មភាព​ល្មើស​ជលផល​ជា​ប្រចាំ និង​ធ្វើ​អន្តរាគមន៍​តាម​ការចាំបាច់​។

កិច្ចប្រជុំ​នេះ​ក៏បាន​ឯកភាព​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ថ្នាក់ខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប បង្កើត​ទីបញ្ជាការ​ស្រាល​នៅតាម​បណ្តា​ទីតាំង​ចាំបាច់​សំខាន់ៗ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​ចាត់តាំង​មន្ត្រី​ក្រោមឱវាទ​របស់ខ្លួន ធ្វើការ​ផ្សព្វផ្សាយ​ជាបន្ទាន់​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​បទល្មើស​ជលផល តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​។

ចាត់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន និង​ការស្រាវជ្រាវ​រក​ឧបករណ៍ និង​មធ្យោបាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ជាបន្ទាន់​។ ផ្តល់​ការគាំទ្រ កិច្ចសហការ និង​កិច្ចសម្របសម្រួល​ចាំបាច់​នានា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​ការចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​សមត្ថកិច្ច​នៃ​បណ្តា​ខេត្ត​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​។ ជាពិសេស «​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការយោគយល់ ចំពោះ​បទ​-​ល្មើស​នេសាទ និង​ជនល្មើស​នេសាទ​ដែល​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​»​។

លោក​បន្តថា យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​នោះ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នឹង​ត្រូវ​ធ្វើការ​កែសម្រួល​ឱ្យស្រប​តាម​តម្រូវការ​ជាក់ស្តែង​ក្នុងនោះ​លេខាធិការដ្ឋាន​ថ្នាក់ជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដើម្បី​ធ្វើការ​សម្របសម្រួល​រាល់​សកម្មភាព​របស់​ក្រុមការងារ​ចម្រុះ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​៕