ភ្នំពេញៈ ក្រសួង​សុខាភិបាល​ និង​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​បញ្ជូន​វ៉ាក់​កូវីដ​ ១៩ រួចរាល់ ទៅដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ សម្រាប់​ចាក់​ដូស​ជំរុញ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ចំណោម​អត្រា​នៃ​អ្នក​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៩២,៥៥% ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៦ ​លាន​នាក់​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ.វ.ក-១៩) ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២ កន្លងមកនេះ​ថា ក្រសួង​សុខាភិបាល​បានផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ចំនួន​ ២​ ប្រភេទ​ទៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​រួចរាល់​ហើយ សម្រាប់​ធ្វើការចាក់​ជូន​នូវ​ដូស​ទី​ ៣ និង​ដូស​ទី​ ៤ ​ដល់​ប្រជាពលរដ្ឋ​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​គ.វ.ក-១៩ បានផ្តល់​វ៉ាក់សាំង​ ២​ ប្រភេទ គឺ​ប្រភេទ​ Pfizer ក៏ដូចជា​វ៉ាក់សាំង​ប្រភេទ AstraZeneca ដែល​ទទួលបាន​នាពេល​កន្លងទៅ​ថ្មីៗ​នេះ ទៅកាន់​បណ្តា​រាជធានី​-​ខេត្ត​ទាំង​ ២៥ រួចរាល់​ហើយ ដើម្បី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ ដូស​ជំរុញ​ទី ​៣ និង​ទី ​៤​ ផងដែរ​»​។

លោកស្រី​បាន​មានប្រសាសន៍​ទៀតថា កងការពារ​នឹង​ធ្លាក់ចុះ​អស់ ប្រសិនបើ​ទុក​យូរពេក​ដោយ​មិនបាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដើម្បី​បង្កើន​នូវ​កងការពារ​របស់​ខ្លួន​ទេនោះ ដែល​អាចធ្វើឱ្យ​សរីរាង្គ​របស់​បុគ្គល​នោះ​ងាយ​ទទួលយក​ពី​ការវាយលុក​ធ្ងន់ធ្ងរ​នៃ​វីរុស​កូវីដ​ ១៩ ពិសេស​ពី​ពពួក​បំប្លែង​ថ្មី​អូមីក្រុង​។

ប្រធាន គ.វ.ក-១៩ ​រូបនេះ​បានបញ្ជាក់​ទៀតថា ដើម្បី​ការពារ​អាយុជីវិត​ឱ្យទាន់​ពេលវេលា​សុំ​បុគ្គល​គ្រប់រូប​កុំ​មើលស្រាល​ហើយក៏​មិនត្រូវ​ភ្លេចខ្លួន​ដែរ ទោះបីជា​របាយការណ៍​ប្រចាំថ្ងៃ​បង្ហាញ​ពី​ស្ថានភាព​នៃ​ការឆ្លង​មានការ​ធូរស្រាល ឬ​ធ្លាក់ចុះ​ក៏ដោយ​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​យើង​ត្រូវ​ដឹងថា វីរុស​កូវីដ​ ១៩​ នៅតែមាន​វត្តមាន​ដដែល​ហើយ​ការចម្លង​ក៏​នៅតែមាន​នៅឡើយ​ដែរ ហើយ​ថ្មីៗ​នេះ​នៅតាម​បណ្តា​ប្រទេស​នានា​លើ​សកលលោក ឃើញ​មាន​ការវិវឌ្ឍ​នៃ​ពពួក​អូមីក្រុង​នេះ​ដោយ​បំប្លែង​ខ្លួន​ជា​បន្តទៀត​។ ដូចនេះ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ និង​ទី​ ៤ ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​កុំ​បារម្ភ​ពី​ការខ្វះ​វ៉ាក់សាំង​ឡើយ គឺ​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​»​។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​អូស្ត្រាលី និង​ត្រូវ​ផ្ដល់ជូន​ក្នុង​ភាពជា​ដៃគូ​ជាមួយ​យូនីសេហ្វ បាន​ផ្តល់​ទូ​បង្កក​ត្រជាក់​ខ្លាំង​ចំនួន ៣៣ ​គ្រឿង (​សីតុណ្ហភាព-៨០ ​អង្សា​សេ​) ដែលជា​ឧបករណ៍​ចាំបាច់ ដើម្បី​ពង្រឹងសមត្ថភាព​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​របស់​កម្ពុជា ដល់​ក្រសួង​សុខាភិបាល​នា​ចុងខែ​កុម្ភៈ​កន្លងទៅ​ផងដែរ​។ ក្រសួង​ក៏បាន​បញ្ជូន និង​ដំឡើង​ទូ​បង្កក​ទាំងនេះ​ទៅតាម​បណ្តា​រាជធានី​ខេត្ត​សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ​ ១៩ ​ផងដែរ​។

ជាមួយ​គ្នានេះដែរ កាលពី​ថ្ងៃទី​ ២៦ ខែមីនា លោកស្រី​ ឱ វណ្ណឌីន និង​លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា​បាន​ចុះ​ពិនិត្យមើល​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ពិនិត្យ​ការងារ​ថែទាំ​សុខភាព​បឋម​របស់​សហគមន៍ និង​ប្រព័ន្ធ​សុខាភិបាល​ក្នុង​មូលដ្ឋាន​នៃ​ខេត្តកំពត​ផងដែរ​។

នាឱកាស​នោះ លោកស្រី និង​ក្រុមការងារ​បាន​ពិភាក្សា​ជាមួយ​គ្រប់​ក្រុម​គោលដៅ​សម្រាប់​ជួយ​ឱ្យ​ក្រុមការងារ​អភិវឌ្ឍ និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្តន៍​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម បង្កើត​ក្របខ័ណ្ឌ​ការងារ​ថែទាំ​សុខភាព​បឋម​ដែល​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ពួកគាត់ តាមរយៈ​ការផ្តល់ឱ្យ​ពួកគាត់​នូវ​សេវា​ថែទាំ​សុខភាព​បឋម​គ្រប់​ជ្រុងជ្រោយ​។

លោកស្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​លើកឡើង​ដែរ​ថា អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ ដូចជា អេសដ៍ ឬ​ជំងឺ​ផ្សេងៗ​ទៀត ត្រូវតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ជាចាំបាច់ ដើម្បី​ការពារ​ខ្លួន​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែមីនា ប្រជាពលរដ្ឋ​ជិត​ ១៥​ លាន​នាក់​ ឬ​ ៩២,៥៥% បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ចំណែក​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ជិត​ ៨​ លាន​នាក់ និង​អ្នក​ចាក់​ដូស​ទី​ ៤ បាន​ចំនួន​ជាង​ ១​ លាន​នាក់​ផងដែរ​។

គួររំឭកថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ ជា​បន្ត​បន្ទាប់ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ប្រទេស​ទ្វេភាគី​មួយចំនួនទៀត​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ ចាប់ពី​ខែមីនា​នេះ​តទៅ​ដែល​ក្នុងនោះ​រួមមាន​ប្រទេស​ចិន ប្រទេស​អ៊ីតាលី និង​សហរដ្ឋអាមេរិក​ផងដែរ ខណៈ​ដែល​ក្នុង​តែ​ខែមីនា​នេះ កម្ពុជា​អាចនឹង​ទទួល​បាន​វ៉ាក់សាំង​ចន្លោះ​ពី​ ៥ ​ទៅ​ ៧ ​លាន​ដូស​៕