ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​លើកឡើងថា ផ្ទៃក្រឡា​បន្ទប់​សម្រាប់​ជន​ជាប់ឃុំ​សម្រាក​មាន​ភាពប្រសើរ​ជាង​មុន ហើយ​ការងារ គ្រប់គ្រង​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ ធានា​ការពារ​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​ផងដែរ ប៉ុន្ដែ​មន្ដ្រី​សង្គម​ស៊ីវិល​មើលឃើញថា ភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​ទេ​។

លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ និង​ផែនការ សកម្មភាព​ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នា​ថ្ងៃទី​ ២៥​ មីនា​ថា ដើម្បី​ឆ្លើយតប​តាម​បទដ្ឋាន ជន​ជាប់​ឃុំឃាំង ដែល​ធានា​សន្តិសុខ សុវត្ថិភាព សុខភាព និង​មនុស្សធម៌ រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជា​បន្តបន្ទាប់ ខណៈ​ជន​ជាប់ឃុំ​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ៣​ ម៉ឺន​នាក់​។

លោក​ថ្លែងថា​៖ «​ជារួម បច្ចុប្បន្ន​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត មាន​អគារ​ឃុំឃាំង​ចំនួន​ ១៧៣ ​អគារ​ស្មើនឹង​ ១ ០១៤​ បន្ទប់ មាន​ផ្ទៃក្រឡា សរុប​ ៥៤ ០៨១ ​ម៉ែត្រក្រឡា ដែល​ធ្វើឱ្យ​ផ្ទៃក្រឡា​សម្រាប់​ជន​ជាប់ឃុំ​សម្រាក​ប្រសើរ​ជាង​មុន​»​។

បើតាម​លោក​ ឆែម សាវុធ ឆ្នាំ​ ២០២១​ ការងារ​គ្រប់គ្រង​ជនជាប់ឃុំ​តាម​ពន្ធនាគារ ធានា​ការពារ​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អប្រសើរ ដោយ​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​។ ជាមួយគ្នានេះ​ពង្រឹង​ការងារ គណៈកម្មការ​ធ្វើ​ចំណាត់ថ្នាក់​សន្ដិសុខ​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ រៀបចំ​អគារ​ឃុំឃាំង និង​ដោះស្រាយ​ភាព​ចង្អៀត​ណែន ការផ្ទេរ​សម្រួល​ការងារ​ឃុំឃាំង រួមទាំង​ការបញ្ជូន​ទណ្ឌិត​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​។

លោក​ ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក អគ្គនាយកដ្ឋាន​ពន្ធនាគារ កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្ត​ទុកដាក់​ជំរុញ​អនុវត្ត​ផែនការ​ការងារ​ឆ្នាំ​ ២០២១ ​កន្លងទៅ​។ លោក​ថា កិច្ច​ប្រឹងប្រែង​នេះ​ធ្វើឱ្យ​អគ្គនាយកដ្ឋាន​សម្រេចបាន​នូវ​បេសកកម្ម​សំខាន់ៗ​របស់ខ្លួន​ក្នុង​ការអនុវត្ត​សម្រេច​ជោគជ័យ​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ពន្ធនាគារ​ស្របតាម​គោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គភាព​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ភាពជា​ដៃគូ​ដើម្បី​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ រាជធានី​-​ខេត្ត លើ​ការងារ​សន្តិសុខ សុខភាព អនាម័យ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​អប់រំ​កែប្រែ ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការងារ​សមារហណកម្ម​ជន​ជាប់ឃុំ​ចូលទៅក្នុង​សហគមន៍​។

លោក​ថ្លែងថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​មួយ​ផងដែរ ប៉ុន្ដែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ និង​ទាន់ពេលវេលា​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ស្របពេល​ជាមួយនឹង​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ​១៩ ក្នុង​សហគមន៍ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ យើង​អាច​គ្រប់គ្រង និង​ព្យាបាល​បាន​ជំងឺ​នេះ​នៅក្នុង​ពន្ធនាគារ ហើយ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ និង​ជនជាប់ឃុំ​ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ១ ដូស​ទី​ ២ និង​ដូស​ទី​ ៣»​។

លោក​ អំ សំអាត នាយករង​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) ទទួលស្គាល់ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដ៏​ដូចជា ក្រសួងមហាផ្ទៃ បាន​ខិតខំ​កែលម្អ​ទៅលើ​ពន្ធនាគារ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ អគារ​ផ្សេងៗ​នៅក្នុង​ពន្ធនាគារ មិនទាន់​ឆ្លើយតប​ទៅនឹង​ភាព​ចង្អៀត​ណែន​របស់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា កំណើន​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ នៅតែមាន​ច្រើន ហើយ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ អ៊ីចឹង យើង​មើលទៅ ទោះបីជា​យ៉ាងណា ក៏​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​ស្ថិតនៅក្នុង​ភាព​ចង្អៀត​ណែន​នៅឡើយ​»​។

លោក​បន្ថែមថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​បាន​បង្ក​ផលប៉ះពាល់​ច្រើន ដូចជា ការគ្រប់គ្រង​របស់​ពន្ធនាគារ​ក្នុង​នោះ​ចំនួន​មន្ដ្រី​គ្រប់គ្រង​តាម​ពន្ធនាគារ​មាន​ចំនួន​មិន​ឆ្លើយតប​ទៅនឹង​ចំនួន​ជន​ជាប់ឃុំ​។ ធ្វើឱ្យ​មន្ដ្រី​ពន្ធនាគារ​ធ្វើ​ការងារ​ច្រើន ហើយ​ភាព​ចង្អៀត​ណែន​ក៏បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ជន​ជាប់ឃុំ​ផងដែរ​។ លោក​ថា កាលណា​មាន​ភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ ប៉ះពាល់​ដល់​ស្ថានភាព​សុខភាព​របស់​ជន​ជាប់ឃុំ អាច​បង្ក​ជា​ជំងឺ​ថប់​អារម្មណ៍ និង​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង ឬ​បង្ក​ជា​ជំងឺ​លើស​ឈាម​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​យល់ថា ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​នេះ គឺ​នៅ​មិនទាន់មាន​ការកាត់បន្ថយ​បានទេ​។ អ្វីដែល​អង្គការ​សង្គម​ស៊ីវិល​ដែល​យើង​ផ្ដល់​អនុសាសន៍​កន្លងមក គឺ​វា​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​តុលាការ​។ ដូច្នេះ​តុលាការ ត្រូវ​ជ្រើសរើស​យក​សេរីភាព​មូលដ្ឋាន​របស់​ជន​ជាប់ឃុំ​លើ​ការអនុញ្ញាត​ឱ្យ ជន​ជាប់ឃុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជាជាង​ការឃុំខ្លួន បើសិន​ជា​ករណី​បទល្មើស​មជ្ឈិម​កម្រិត​ស្រាល​ជាដើម​»៕