ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៦ ​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​ ១៥​ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ២៧ ខែមីនា​។ នេះ​បើតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ២៧ ខែមីនា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ៦ ​នាក់ របួសធ្ងន់​ចំនួន ១២​ នាក់​ (​ស្រី​ ៣ ​នាក់​) របួសស្រាល ៣ ​នាក់​ (​ស្រី​ ១​ នាក់​) ដែល​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ១២ ​លើក​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង​ ៦ ​នាក់​នោះ​មាន​ ៣ ​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធ្ងន់​បុក​ជាមួយ​ម៉ូតូ​នៅ​ខេត្ត​កែប​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ​៥ និង​ ៣០ ​នាទី​ព្រឹក ថ្ងៃទី​ ២៧ ខែមីនា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៣៣ នៅ​ចំណុច​ទល់មុខ​ស្ថានីយប្រេងឥន្ធន:​តេលា ខាងកើត​សេះស ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៥-១៦ ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប​។ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា រថយន្ត​បង្ក​ម៉ាក​នីសាន់ ពណ៌​ស ស្លាក​លេខ ង.៥២១៩ ភព​ ២ បើកបរ​ដោយ​ឈ្មោះ ឈី វិសិទ្ធ ភេទ​ប្រុស អាយុ​ ២១​ ឆ្នាំ រស់នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក ស្រុក​ទឹកឈូ ខេត្ត​កំពត បើកបរ​ពី​កើត​ទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ ១ ​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1K8476 ស៊េរី​ឆ្នាំ​ ២០១៦ ។ អ្នកបើកបរ​ឈ្មោះ ហុង វណ្ណា ភេទ​ប្រុស អាយុ​ ៤៦ ​ឆ្នាំ មុខរបរ កសិករ​រស់នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ម៉ៅ ញ៉េប​ភេទ​ប្រុស អាយុ​ ៦៩ ​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។ បន្ទាប់ពី​បុក​ម៉ូតូ​រួច​បាន​បន្ត​ជ្រុល​ទៅបុក​រថយន្ត​ ១​ គ្រឿង​ទៀត​ធ្វើ​ដំណើរ​មកពី​ទិស​ខាងលិច ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​សណ្តោង​រ៉ឺម៉ក​ស្លាក​លេខ​ភ្នំពេញ 3A-2718 (​អ្នកបើកបរ​រត់ចោល​រថយន្ត​)​។

ក្នុង​ហេតុការណ៍​ខាងលើនេះ​បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​នីសាន់​ស្លាប់ និង​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ ២ ​នាក់​បាន​ស្លាប់​ផងដែរ​៕