មណ្ឌលគិរីៈ ទិវា ​១ ​ម៉ោង​សម្រាប់​ភពផែនដី គឺជា​ឱកាសល្អ​មួយ​សម្រាប់​ទាំងអស់គ្នា​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​ធម្មជាតិ និង​បរិស្ថាន​ក៏ដូចជា​ប្រាប់​ដល់​អ្នក​ដទៃទៀត​ឱ្យបាន​យល់​ពី​សារៈសំខាន់​នៃ​ធនធាន​ធម្មជាតិ ចំពោះ​ជីវិត​នៅលើ​ភពផែនដី ព្រមទាំង​ចូលរួម​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន ដែល​កំពុង​កើតឡើង​។

នេះ​ជា​ការថ្លែង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​នៅក្នុង​ឱកាស​ចូលរួម​ប្រារព្ធ​ទិវា ១ ម៉ោង​សម្រាប់​ភពផែនដី ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​ ២៦ ខែមីនា ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ក្រោម​ប្រធានបទ «​អនាគត​ដែល​យើង​ប្រាថ្នា​» ដែលជា​ប្រធានបទ​មួយ ជំរុញឱ្យមាន​ការប្តេជ្ញា​ចិត្ត​រួមគ្នា​បន្ថែមទៀត​សម្រាប់​និរន្តរភាព​នៃ​ភព​ផែនដី​។

លោក​លើកឡើងថា បញ្ហា​ដែល​កំពុង​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ការប្រែប្រួល​អាកាសធាតុ និង​ការខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី ដែលជា​កត្តា​គំរាម​កំហែង​សកល​ដល់ មនុស្ស និង​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ទិវា ​១ ​ម៉ោង​សម្រាប់​ភពផែនដី​ផ្តល់​ឱកាស​សម្រាប់​យើង​ចូលរួម​អបអរ​ ក៏ប៉ុន្តែ​វា​ក៏​ជា​ពេលដែល​យើង​ត្រូវ​បង្ហាញ​ឆន្ទៈ​ដ៏មោះមុត ចំពោះ​ការការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ជាតិ​ផងដែរ ហើយ​ការការពារ​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ មិនមែន​ធ្វើ​ត្រឹម​រយៈពេល ១ ម៉ោង​នៃ​ការប្រារព្ធ​ទិវា​នេះ​ទេ គឺ​យើង​ត្រូវធ្វើ​ជាប្រចាំ​»​។

ការនិយាយ​ថា​ទេ​ចំពោះ​សាច់​សត្វព្រៃ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ការពារ​ជីវចម្រុះ​រីឯ​ការចូលរួម​ដាំ​ដើមឈើ គឺជា​ការបង្កើន​ជម្រក​សម្រាប់​គ្រប់គ្នា សម្រាប់​សត្វព្រៃ ក៏ដូចជា​បង្កើត​នូវ​ខ្យល់​បរិសុទ្ធ ហើយ​នេះ គឺជា​អ្វីដែល​គ្រប់គ្នា​ត្រូវធ្វើ​ពី​ពេលនេះ​ត​ទៅមុខទៀត​។ ដើម្បី​ពិភពលោក​មាន​សម្រស់​បៃតង​មាន​ផាសុកភាព មាន​ខ្យល់​ដែល​បរិសុទ្ធ ហើយ​ផ្តល់នូវ​សុខភាព​ល្អ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ ។ លោក​ថ្លែងថា​៖ «​សូម​ចូលរួម​ការពារ​ភពផែនដី​របស់​យើង សូម​ចូលរួម​ការពារ សត្វព្រៃ​របស់​យើង សូម​ចូលរួម​ការពារ​ព្រៃឈើ​របស់​យើង ហើយ​ធម្មជាតិ​ និង​ផ្តល់​មកឱ្យ​យើង​វិញ តបស្នង​មកឱ្យ​យើង​វិញ ចំពោះ​អ្វីដែល​យើង​គោរព​ធម្មជាតិ​» ។

ដើម្បី​រក្សា​ធនធាន​ធម្មជាតិ និង​បរិស្ថាន យើង​ចាំបាច់​ត្រូវ​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន តាមរយៈ​ពាក្យស្លោក​រក្សា​ឈើ​ឈរ​ដើម្បី​រក​ចំណូល​ក្នុងនោះ​រួមមាន​ការលក់​ឥណទាន​កាបូន​នៅក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ យក​ចំណូល​ថវិកា​មក​ពង្រឹង​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក៏ដូចជា​ជំរុញ​លើ​ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ បង្កើត​មុខរបរ​ថ្មី បង្កើន​ចំណូល និង​ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន​កាន់តែ​មាន​ភាពល្អប្រសើរ និង​ដើម្បី​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់ខ្លួន​។ នេះ​ជាការ​បន្ថែម​របស់លោក​ នេត្រ ភក្ត្រា ។

លោក​បន្តថា កម្ពុជា​បាននិង​​កំពុង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ក្នុង​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ធ្វើយ៉ាងណា ធានា​ឱ្យបាន​នូវ​និរន្តរភាព​បរិស្ថាន គុណភាព​បរិស្ថាន ត្រូវ​បាន​ធានា ធនធាន​ធម្មជាតិ​ត្រូវបាន​ថែរក្សា​ការពារ​បាន​យ៉ាង​ល្អ​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​រាប់​ជំនាន់​ទៀត​។ ក្នុងនោះ​កម្ពុជា​បាននិងកំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់ខ្លួន​ក្នុង​ការធ្វើ​​អព្យាក្រឹតភាព​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០​។ ប្រទេស​កម្ពុជា​ បាន​ប្តេជ្ញា​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ ត្រួតពិនិត្យ​ព្រៃឈើ​ជាតិ និង​ប្រព័ន្ធ​ព័ត៌មាន​សុវត្ថិភាព​បរិស្ថាន និង សង្គម​សម្រាប់​ការអនុវត្ត​គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ (REDD+) និង​កំណត់​គោលដៅ​កាត់បន្ថយ​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​មក​ត្រឹម​ពាក់កណ្តាល​នៅត្រឹម​ឆ្នាំ​ ២០៣០ ក្នុង​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី (FOLU) ស្របតាម​យុទ្ធសាស្ត្រ​រ៉េដបូក ជាតិ​កម្ពុជា ។

លោក សេង ទៀក តំណាង​អង្គការ WWF បាន​ថ្លែងថា ការបិទ​ភ្លើង​ ១ ​ម៉ោង​បានក្លាយ​ជា​សកម្មភាព​និមិត្តរូប​សកល​មួយ​ចាប់តាំងពី​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​បានចាប់​កំណើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧ នៅ​ទីក្រុង​ស៊ីដនី​នៃ​ប្រទេស​អូស្ត្រាលី ដែល​ពេលនោះ​ទិវា​នេះ​ត្រូវបាន​ធ្វើឡើង​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ភ្លើងអគ្គិសនី​ទៅលើ​បរិស្ថាន​។ លោក​បន្តថា តាមរយៈ​ការបិទ​ភ្លើង​មួយ​ម៉ោង​នេះ ប្រជាជន​នៅលើ​ពិភពលោក​បង្ហាញ​ឆន្ទៈ និង​ចូលរួមចំណែក​លើកកម្ពស់​ការយល់ដឹង​ជា​សកល ជំរុញ​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​ក្នុងការ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការឡើង​កម្តៅ​ផែនដី​។

លោក​ថ្លែងថា​៖ «​ធនធាន​ធម្មជាតិ ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ទ្រទ្រង់​ដល់​ការរស់នៅ​របស់​មនុស្ស សត្វ និង​ជីវចម្រុះ​គ្រប់​ប្រភេទ ខណៈ​វា​ក៏​ជា​ធាតុ​ដ៏ចាំបាច់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ផងដែរ​។ ការថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​ភពផែនដី ដែលជា​ផ្ទះរួម​របស់​យើង គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​។ រួមគ្នា យើង​អាច​កសាង​អនាគត​មួយ​ដែល​មនុស្ស និង​ធម្មជាតិ​អាច​រស់នៅ​បាន​ដោយ​សុខដុមរមនា​ជាមួយគ្នា​» ។

លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ទិវា​​ ១ ​ម៉ោង សម្រាប់​ភពផែនដី​បាន​បន្ត​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​លទ្ធផល​ដែល​យើង​ទទួលបាន​ចេញពី​ភាពរួបរួម​សាមគ្គី​គ្នា ដែល​វា​ផ្តល់នូវ​ក្តីសង្ឃឹម​ក្នុង​ការរៀបចំ​អនាគត​ដ៏ប្រសើរ​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។

លោក​ថ្លែងថា​៖ «​យើង​អាច​ចូលរួម​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ចំពោះ​វិបត្តិ​អាកាសធាតុ​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​បន្ត​ប្រកាន់ខ្ជាប់​នូវ​សកម្មភាព​មេត្រីភាព បរិស្ថាន​ងាយៗ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង គឺ​អនាគត​បែប នេះហើយ​ដែល​យើង​គ្រប់គ្នា​ត្រូវ​ចូលរួម​កសាង​រួមគ្នា​»​។

លោក​បានលើក​ឡើង​ទៀតថា និរន្តរភាព គឺជា​ប្រធានបទ​ដែល​កំពុងមាន​សារៈសំខាន់ សម្រាប់​មនុស្ស​គ្រប់គ្នា​។ ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការបាត់បង់ ធនធាន​ធម្មជាតិ កំពុង​ជះឥទ្ធិពល​ដល់​ជីវិត​របស់​យើង ក៏ដូចជា​ដល់​ការរស់នៅ​នៃ​សត្វ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​នៅលើ​ភពផែនដី​។ និរន្តរភាព​បាន​កំពុង​ក្លាយជា​ធាតុ​ដ៏សំខាន់​ចាំបាច់​នៃ​ស្តង់ដា​ប្រតិបត្តិការ​អាជីវកម្ម​សម្រាប់​វិស័យ​ឯកជន ម្ចាស់​ក្រុមហ៊ុន សហគ្រិន បុគ្គលិក និង​អតិថិជន​គ្រប់រូប​ផងដែរ​៕