ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ជាតិ​សម្រាប់​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន នា​ឆ្នាំ​ ២០២២​ នេះ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ចំនួន​ ៣ ដែល​នឹង​ធ្វើឡើង ចាប់ពី​ថ្ងៃទី​ ២៨ ដល់​ថ្ងៃទី​ ៣០ ខែមីនា នៅ​រាជធានី​ភ្នំពេញ ដោយ​ធ្វើតាម​ប្រព័ន្ធ​អនឡាញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ឱ្យដឹងថា លោក​ ឌី ខាំបូលី ប្រធាន​ឧត្តម​មន្ត្រី​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន​ (SOCA Chair) នឹង​ដឹកនាំ​កិច្ចប្រជុំ​ចំនួន​ ២​។ កិច្ចប្រជុំ​ទី​ ១​ គឺ កិច្ចប្រជុំ​លើក​ទី​ ៥ នៃ​ក្រុម​ការងារ​អាស៊ាន សម្រាប់​ការអនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​វប្បធម៌​នៃ​ការបង្ការ សម្រាប់​សង្គម​មួយ​ប្រកបដោយ​សន្តិភាព បរិយាប័ន្ន ភាពជា​សះស្បើយ សុខភាព និង​សុខដុម​នីយកម្ម​ (5th WG on CoP) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២​។ ចំណែក​កិច្ចប្រជុំ​ទី​ ២ គឺ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន​លើក​ទី​ ៣២ (32nd SOCA Meeting) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៩ ​មីនា ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បន្តថា លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សហគមន៍ សង្គម​វប្បធម៌​អាស៊ាន ​(ASCC Council Chair) នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​លើក​ទី​ ២៧ (27 ASCC Council Meeting) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៣០ មីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​ផងដែរ​។

កិច្ចប្រជុំ​ទាំង ​៣ ​នេះ នឹង​ពិនិត្យ​មើល​ឡើងវិញ​អំពី​វឌ្ឍនភាព​នានា​នៃ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សហគមន៍ សង្គម-​វប្បធម៌ អាស៊ាន លើក​ទី​ ៣១ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន លើក​ទី​ ២៦ និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ នាពេល​កន្លងមក​។

លោក​ ឌី ខាំបូលី អគ្គនាយករង​គោលនយោបាយ និង​ផែនការ និង​ជា​ឧត្តមមន្ត្រី​នៃ​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​តាមរយៈ​គេហទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថា សហគមន៍​សង្គម​-​វប្បធម៌ បានដាក់​ចេញ​នូវ​អាទិភាព​ស្នូល​ចំនួន​ ៤​។ អាទិភាព​ទី ​១ គឺ​ការលើកកម្ពស់​តម្លៃ ការយល់ដឹង និង​អត្តសញ្ញាណ​អាស៊ាន តាមរយៈ​ការអប់រំ ការផ្លាស់ប្តូរ​យុវជន ការផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញ​ទៅមក និង​តាមរយៈ​កីឡា​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​អាទិភាព​ទី​ ១ ដែល​យើង​ត្រូវ​ពង្រឹង​ទាំងអស់​គ្នា​ទៅលើ​អត្តសញ្ញាណ ការយល់ដឹង​នូវ​គុណតម្លៃ​របស់​អាស៊ាន​»​។

សម្រាប់​អាទិភាព​ទី​ ២ គឺ​ការលើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ការផ្តល់​សិទ្ធិអំណាច​ទៅដល់​ស្ត្រី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង ដែល​លោក​ ឌី ខាំបូលី បញ្ជាក់ថា នេះ​ជា​ចំណុច​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ចំណែក​អាទិភាព​ទី​ ៣ គឺ លើក​កម្ពស់​សុខភាព សុខុមាលភាព និង កិច្ច​គាំពារ​សង្គម​ដល់​ប្រជាជន​អាស៊ាន សំដៅ​កសាង​សហគមន៍​អាស៊ាន​។

លោក​ថ្លែងថា​៖ «​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ទាក់ទង​នឹង​បញ្ហា​សុខភាព សុខុមាលភាព និង​ការគាំពារ​សង្គម ដែលជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​ ៤ នៃ​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ជាពិសេស​បញ្ហា​កូវីដ​ ១៩»​។

លោក ​ឌី ខាំបូលី បញ្ជាក់ទៀតថា អាទិភាព​ទី ​៤ គឺ ការកសាង​ពង្រឹង​នូវ​សមត្ថភាព​ស្ថាប័ន និង​ប្រសិទ្ធភាព​របស់​សហគមន៍ សង្គម​វប្បធម៌​អាស៊ាន ដើម្បីឱ្យ​ការងារ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​ឆ្លើយតប​គ្នា​ទៅវិញទៅមក​រវាង​វិស័យ​ទាំងឡាយ​នៅក្រោម​សហគមន៍ សង្គម-​វប្បធម៌​អាស៊ាន ហើយ​និង​មានការ​ពិនិត្យ​តាមដាន​ឱ្យបាន​ច្បាស់លាស់​ ដើម្បី​ឱ្យដឹងថា សកម្មភាព​អនុវត្តបាន​សម្រេច​ប៉ុនណា និង​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ជាដើម​។

លោក​ថ្លែងថា​៖ «​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន​នេះ​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​អាស៊ាន​ទាំង​បញ្ហា​ផ្នែក​សង្គម វប្បធម៌ សេដ្ឋកិច្ច ក៏ដូចជា​បញ្ហា​ផ្នែក​នយោបាយ ដែល​យើង​បានឃើញ​ទាំងអស់​គ្នា​នូវ​ទិដ្ឋភាព​បញ្ហា​ប្រឈម​នយោបាយ សង្គម វប្បធម៌ នៅក្នុង​តំបន់ អាស៊ាន​នេះ​មាន​កាន់តែច្រើន​ទៅៗ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​»​។

ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន លោក​ ហង់ជួន ណារ៉ុន នឹង​ជម្រាបជូន​អង្គប្រជុំ​អំពី​សមិទ្ធផល​សំខាន់ៗ អាទិភាព ឯកសារ​លទ្ធផល និង​ព្រឹត្តិការណ៍​អម ដែល​នឹងត្រូវ​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២២ ក្រោម​មូលបទ​ «​អាស៊ាន​រួមគ្នា​​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កិច្ចប្រជុំ​ក៏​នឹងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅលើ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការអនុវត្ត​សេចក្តីសម្រេច​នានា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​អាស៊ាន និង​ដៃគូ​អាស៊ាន ផែនការ​លម្អិត​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន ផែនការ​លម្អិត​អន្តរសសរស្តម្ភ និង​ក្នុង​ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន​ទាំងអស់ ដើម្បី​ថែរក្សា និង​លើកកម្ពស់​មជ្ឈភាព សាមគ្គីភាព និង​ឯកភាព​អាស៊ាន សំដៅ​ឆ្ពោះទៅ​ការកសាង និង​អភិវឌ្ឍ​សហគមន៍​អាស៊ាន​៕