The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

Content image - Phnom Penh Post
រថយន្ត​ពាក់​ស្លាក​លេខ​ពិសេស​តាមផ្លូវ​នៅ​ភ្នំពេញ​ពី​ឆ្នាំមុន​។ ហុង មិនា

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

ភ្នំពេញៈ ​ក្នុង​រយៈ​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​រក​ចំណូល​​បាន​ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន បាន​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក​ ខណៈ​អន្តរក្រសួង​កំពុង​បន្ត​ខិតខំ​ធ្វើជា​មួយក្រុម​ហ៊ុន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​លេខ​ពិសេស​នេះ​បន្ថែមទៀត​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត កាលពី​ថ្ងៃទី​ ២៣ ខែមីនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត លោកស្រី កុយ សុដានី បាន​លើកឡើងថា លេខ​ចុះបញ្ជី​រថយន្ត​ (​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) ​លក់បាន​ជាង​ ២០ ​ម៉ឺន​លេខ​ដោយ​ទទួលបាន​ចំណូល​ជាង​ ៧០ ​លាន​ដុល្លារ​អាមេរិក​គិត​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​ ២០១៦ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២២​។

តាមរយៈ​ទំហំ​ចំណូល​នេះ លោកស្រី បាន​ថ្លែង​កោត​សរសើរ​ដល់​ក្រុមការងារ​ជំនាញ​ទាំង​ ២ ដែល​បាន​ខិតខំ​បំពេញ​ការងារ​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ ទោះបី​ក្នុង​ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​នៅតែ​អនុវត្ត​ការងារ​របស់ខ្លួន​បាន​ប្រសើរ ទៀងទាត់ និង​បាន​ដោះស្រាយ​បញ្ហា​ទាន់ពេលវេលា​ផងដែរ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ « គណៈកម្មការ​នឹង​ពិនិត្យ​លទ្ធភាព​ជួបប្រជុំ​ជាមួយនឹង​ក្រុមហ៊ុន​នានា​ជាច្រើន​ទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​បានដឹង​អំពី​ជម្រើស និង​គោលការណ៍​រួម​ដែល​ត្រូវ​ផ្តល់ជូន​ទាក់ទង​នឹង​ការទិញ​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​ថ្លែងថា ចំណូល​នេះ​គឺជា​ផល​វិជ្ជមាន​មួយ​សម្រាប់​ក្រសួង​ក្នុងការ​បង្កើត​សេវាកម្ម​ ដើម្បី​រក​ចំណូល​បន្ថែម​ក្រៅពី​ចំណូល​ផ្សេងៗ​របស់​រដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ពី​ប្រាក់ចំណូល​វិញ ខ្ញុំ​គិតថា សុទ្ធតែ​បានរួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ចកម្ពុជា​ហើយ​ឱ្យតែ​មុខរបរ​ក៏ដូចជា​ការបង្កើត​សេវាកម្ម​ផ្សេងៗ​ដោយ​ក្រសួង​របស់​រដ្ឋ​។ បើ​និយាយ​មែនទែនទៅ​ឱ្យតែ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​ចេះ​ច្នៃប្រឌិត​ធ្វើ​យ៉ាង​អាច​លក់​សេវាកម្ម​បាន​បង្កើត​បានជា​ថវិកា​មួយចំនួន​ទោះ​តិចក្តី ច្រើនក្តី បានរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ជាតិ​»​។

លោក​បន្តថា ចំណូល​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​គំនិត​ច្នៃ​ប្រឌិត​សក្តានុពល​ក្រសួង​សាធារណការ ក្រៅពី​ការចាយ​លុយ​យកទៅ​ស្ថាបនា​ផ្លូវ ស្ពាន ថ្នល់ នោះ​ក៏បាន​រួមចំណែក​រក​ចំណូល​ខ្លួនឯង​មួយចំនួន​ផងដែរ​។

លោក​ថា​៖ «​អ៊ីចឹង​រដ្ឋាភិបាល​ក៏​មិន​ខុសពី​គ្រួសារ​ដែល​ចេះ​សន្សំសំចៃ ច្នៃប្រឌិត ដើម្បី​រកចំណូល​បន្ថែម​ទៅ​ចំណាយ​ជា​ចរន្ត​ ឬ​សង​រំលស់​ថ្លៃ​ដើម​ការប្រាក់​ដែល​យើង​ជំពាក់​បំណុល​បរទេស​»​។

ទន្ទឹមនេះដែរ លោក ហុង វណ្ណៈ ជំរុញ​ដល់​ស្ថាប័នរដ្ឋ​ត្រូវ​បង្កើន​សេវា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ចៀសវាង បង្កើន​បញ្ហា​ស្មុគស្មាញ​ដល់​ពលរដ្ឋ​។

សូមជម្រាបថា អង្គប្រជុំ​ខាង​​លើ​ក៏បាន​ជជែក​ពិភាក្សា​អំពី​​របាយការណ៍​សកម្មភាព​ការងារ​លក់​លេខ​ចុះបញ្ជី​រថយន្ត​​ការជ្រើសរើស​ក្រុមហ៊ុន​គោលដៅ​ចំនួន​ ១៤​ ក្រុមហ៊ុន ដើម្បី​ជំរុញ​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ក្នុងតម្លៃ​ឯកភាព​ណាមួយ ការពិនិត្យ​លើ​បញ្ជីឈ្មោះ​ម៉ាក​កម្មសិទ្ធិបញ្ញា​ដែល​ទទួលបាន​ពី​ក្រសួងពាណិជ្ជកម្ម​ជាង​ ៦ ​ម៉ឺន ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ និង​ការសហការ​រវាង​អនុគណៈកម្មការ​បច្ចេកទេស​រៀបចំ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​គោលការណ៍​ក្នុង​ការចាប់​សញ្ញា​ចុច ​(DOT) ​ក្នុង​ការគណនា​តម្លៃ​លេខ​ដែលមាន​តួលេខ​ ១៦៨ ការកែសម្រួល​អត្រា​រូបមន្ត​ដែល​ទើប​បង្កើត​ថ្មី​ចំនួន​ជាង ៦០០​ រូបមន្ត និង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ពី​ក្រសួង​​ពាណិជ្ជកម្ម​ផងដែរ​។

យោងតាម​របាយការណ៍​របស់​​គណៈកម្មការ​អន្តរក្រសួង​ឱ្យ​​ដឹងថា លេខ​ចុះបញ្ជី​រថយន្ត​ (​លេខ​​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) ​លក់​​បាន​ចំនួន ២០១ ៩៨០​ លេខ ទទួលបាន​ចំណូល​សរុប​ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០១៦ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២២ ស្មើនឹង ៧០ ១៨២ ០៥៧ ​ដុល្លារ​អាមេរិក​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍