ព្រៃវែងៈ តុលាការខេត្ត​ព្រៃវែង​សម្រេច​ឃុំខ្លួន​នាយប៉ុស្តិ៍​នគរបាល​ម្នាក់​ពី​បទ​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​កាលពី​ថ្ងៃទី​ ២៦ ​មីនា បន្ទាប់ពី​បង្កហេតុ និង​ឃាត់ខ្លួន​បាន​ ២ ​ថ្ងៃ​ប្រព្រឹត្ត​នៅ​ភូមិ​ផាត់​សណ្តោង ឃុំ​ព្នៅ​ទី​ ១ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​។

លោកស្រី អាត សុខន អ្នកនាំពាក្យ​តុលាការខេត្ត​ព្រៃវែង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ​មីនា​ថា ជនត្រូវ​ចោទ​ឈ្មោះ ម៉ៅ សុវណ្ណហុង ជា​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្នៅ​ទី​ ១ ក្នុងស្រុក​ស៊ីធរ​កណ្តាល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​ ២៦ ​មីនា​។ ជន​ត្រូវ​ចោទ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ក្នុង​ ២ ​បទល្មើស​។

លោកស្រី​ថ្លែងថា​៖ «​គាត់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចោទ​បទ​ឃាតកម្ម និង​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​។ តំណាង​អយ្យការ​បាន​ចោទ​បទ​ឃាតកម្ម​តាម​មាត្រា ​១៩៩ និង​កាន់កាប់​អាវុធ​ខុសច្បាប់​តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​មាត្រា​ ១៩៩ បទឃាតកម្ម​ត្រូវ​ផ្តន្តាទោស​ដាក់ពន្ធនាគារ​ពី​ ១០ ​ដល់​ ១៥​ ឆ្នាំ រីឯ​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​តាម​មាត្រា ​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែរនោះ​ត្រូវ​ផ្តន្ទាទោស​ពី​ ៦​ ខែ​ទៅ​ ៣​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​ ១ ​លាន​ទៅ ​៦​ លាន​រៀល​។ នេះ​ប្រសិន​បើ​តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​។

លោក សេង សាវ៉ន អធិការ​នគរបាល​ស្រុក​ស៊ីធរ​កណ្តាល​នៅ​ថ្ងៃទី​ ២៧ ​មីនា​បាន​រៀបរាប់​ពី​ហេតុការណ៍​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ៅ សុវណ្ណហុង អាយុ ៥៣ ​ឆ្នាំ មាន​ប្រពន្ធ និង​មានកូន​ហើយ ប៉ុន្តែ​លោកនាយ​ប៉ុស្តិ៍​រូប​នោះ​បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ សុខ មួយ អាយុ ៥១ ​ឆ្នាំ រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្នៅ​ទី​ ១ ស្រុក​ស៊ីធរកណ្តាល​។ ការ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នានេះ​មាន​រយៈពេល​ជា​យូរ​មកហើយ​។ ក្រោយមក​ស្ត្រី​ឈ្មោះ សុខ មួយ បានមក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ីធរកណ្តាល និង​ផ្តិតមេដៃ​សន្យា​នៅ​ចំពោះមុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា គាត់​ផ្តាច់​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ម៉ៅ សុវណ្ណហុង នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្នៅ​ទី​ ១ ​នោះ​ហើយ​។ បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ស្រុក​ស៊ីធរកណ្តាល​បាន​កោះហៅ លោកនាយ​នគរបាល​ប៉ុស្តិ៍​រូប​នោះមក​ណែនាំ​ហើយ​ឱ្យ​ឈប់​ទំនាក់​ទំនង​ជាមួយ​ស្ត្រី​ឈ្មោះ​ សុខ មួយ ទៀត​ដោយ​សមត្ថកិច្ច​ប្រាប់​ទៅ​លោក​មេ​ប៉ុស្តិ៍​ថា ស្ត្រី​រូបនោះ​បានមក​ប្តឹង​ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​គាត់​។

លោក​អធិការ សាវ៉ន បន្តទៀត​ថា ថ្ងៃក្រោយ​មកទៀត​ស្រាប់តែ​លោក​មេ​ប៉ុស្តិ៍​រូបនោះ​បាន​ទៅ​គោះទ្វារ​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ សុខ មួយ ទាំងយប់​ក្នុង​បំណង​សុំ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ តែ​ត្រូវបាន​នាង​បដិសេធ​ហើយក៏​មិន​ព្រម​បើកទ្វារ​ឱ្យចូល​ក្នុងផ្ទះ​ដែរ​។ ចៃដន្យ​នៅ​យប់​ថ្ងៃទី​ ២៤ ​មីនា គឺមាន​រយៈពេល​ប្រមាណ ​២ ​ខែ​មកហើយ​គិតដល់​ថ្ងៃកើតហេតុ​។ ស្ត្រី​ សុខ មួយ បាន​ទៅ​ស៊ីការ​ជាមួយនឹង​បុរស​ម្នាក់​រស់នៅក្នុង​ភូមិ​ផាត់សណ្តោង​ជាមួយ​គ្នា ហើយ​ភូមិ​ដែលមាន​ពិធី​រៀបការ ដោយ​លោក​មេ​ប៉ុស្តិ៍​ក៏​ទៅ​ចូលរួម​ស៊ីការ​នៅក្នុង​ពិធី​នោះដែរ ក្រោយ​ចេញពី​រោងការ មេ​ប៉ុស្តិ៍​គំរាម​សម្លាប់​ស្ត្រី​រូបនោះ​ដែល​ជិះ​ជាមួយ​បុរស​ម្នាក់​។ ក្រោយពី​បុរស​ម្នាក់​នោះ​ជិះ​ម៉ូតូ​ចេញ​បាន​បន្តិច ស្រាប់តែ​ជន​ត្រូវ​ចោទ​ដក​កាំភ្លើងខ្លី​បាញ់​ចំក្បាល​ស្ត្រី​រងគ្រោះ​ ១ ​គ្រាប់ និង​ចំ​ត្រង់​ក ១ ​គ្រាប់​ទៀត ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។ ចំណែក​ជន​ត្រូវ​ចោទ​បាន​បាញ់​ក្បាល​ខ្លួនឯង​ ២​ គ្រាប់​ដែរ​តែ​មិន​ផ្ទុះ​ហើយ​បានដឹង​ដល់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ក្រោយ​កើតហេតុ​នោះដែរ​៕