កំពង់ធំៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ប្រមឹក​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២៧ មីនា បន្ទាប់ពី​ចាប់ខ្លួនបាន​ ១ ​ថ្ងៃ ពាក់ព័ន្ធ​ការកាប់​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​ ៨​ ខែ​ស្លាប់ កាលពី​ថ្ងៃទី​ ២៥ មីនា នៅ​ភូមិ​ព្នៅ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ បន្ទាប់ពី​មាន​ការលែងលះ​ជាមួយ​ប្រពន្ធ​។

លោក​ឧត្តមសេនីយ៍​ត្រីទិត្យ សំណាង ស្នងការរង​ទទួលបន្ទុក​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​កំពង់ធំ ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ​មីនា ថា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​ ហៀង សត់ អាយុ ៣០ ​ឆ្នាំទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​ ២៧ ​មីនា ករណី​ជនសង្ស័យ​កាប់​កូន​របស់ខ្លួន​ស្លាប់​។ ចំពោះ​មូលហេតុ​នៃ​ការសម្លាប់​កូន​វិញ​គឺ​ដោយសារ​ជនសង្ស័យ​ខឹង​នឹង​ម្តាយ​ក្មេង​ដែល​លែងលះគ្នា និង​បណ្តាល​មកពី​ស្រវឹងស្រា​ផង​។

លោក​ថ្លែងថា​៖ «​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២៧ ​មីនា​) ​សមត្ថកិច្ច​យើង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ​តែ​យើង​បាន​ពិនិត្យ​រក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​របស់គាត់​អត់​ឃើញ​មាន​ផ្ទុក​ក្នុង​ឈាម​ទេ​។ មនុស្ស​វា​មាន​កំហឹង​អត់​ពិចារណា គាត់​មាន​សតិ​ត្រឹមត្រូវ​ទេ តែ​គាត់​ជា​មនុស្ស​ញៀន​ស្រា​ខ្លាំង​»​។

លោក គង់ លឹម មេឃុំ​ត្នោតជុំ ស្រុក​បារាយណ៍​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ​មីនា​ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ សត់ ឡៃណាង អាយុ​ ៨ ​ខែ​។ ទាំង​ឪពុក និង​ក្មេងស្រី​រងគ្រោះ​រស់នៅ​ក្នុងភូមិ​ព្នៅ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ។

លោក​បាន​រៀបរាប់​តាម​សម្តី​សាច់ញាតិ​របស់​ជនសង្ស័យ​ថា ឈ្មោះ ហៀង សត់ មាន​ប្រពន្ធ​ម្តងមកហើយ ហើយ​បាន​លែងលះ​គ្នា​មក​យក​ស្ត្រី​ម្នាក់ និង​បង្កើតបាន​កូនស្រី​ម្នាក់​អាយុ​ ៨ ​ខែ​ (​ក្មេងរងគ្រោះ​)​។ ប៉ុន្តែ​ដោយសារ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ស្ត្រី​ជា​ប្រពន្ធ​ទី​ ២ ​នោះ​ក៏​លែងលះ​ជាមួយ​ជនសង្ស័យ​ទៀត ហើយ​ជនសង្ស័យ​បាន​យក​ក្មេងរងគ្រោះ​មកឱ្យ​ម្តាយ​ឪពុក​បង្កើត​របស់ខ្លួន​ដែល​រស់នៅ​ក្នុងភូមិ​ព្នៅ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ជា​អ្នក​បីបាច់​ថែរក្សា​ចិញ្ចឹម​។

ចំណែក​ជនសង្ស័យ​ឈ្មោះ ហៀង សត់ បាន​ដើរ​ស៊ីឈ្នួល​ធ្វើការងារ​សំណង់​ដែល​គ្រាន់តែ​ចិញ្ចឹម​ខ្លួនឯង​តែប៉ុណ្ណោះ​ហើយក៏​ក្លាយជា​មនុស្ស​ប្រមឹក​ស្រា​គ្មាន​លស់​ថ្ងៃ​ណា​ឡើយ ស្រាប់តែ​នៅមុន​ពេល​បង្កហេតុ​វេលា​ម៉ោងជាង​ ៩ ​យប់​ថ្ងៃទី​ ២៥ មីនា ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង​ខ្លាំង​ហើយ​បាន រករឿង និង​កាន់​កាំបិតប៉័ងតោ​ដេញ​កាប់​ឪពុក​ម្តាយបង្កើត​របស់ខ្លួន​។ បន្ទាប់មក​បាន​បើក​មុង​កាប់​ទៅលើ​កូនស្រី​របស់ខ្លួន​ចំ​ថ្ពាល់​ខាងឆ្វេង​រយះ​ជ្រៅ ហើយ​ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​លោត​ចុះ​ទឹកស្ទឹង​ហែល​គេចខ្លួន​ទាំងយប់​។

ក្រោយពី​រត់គេចខ្លួន​បាន​មួយ​យប់ លុះ​នៅវេលា​ម៉ោងជាង​ ៥​ ព្រឹក​ថ្ងៃ​ ២៦ ​មីនា ស្រាប់តែ​ជនសង្ស័យ​ចូលមក​ផ្ទះ​វិញ​ហើយក៏​ត្រូវបាន​នគរបាល​ដែល​រាយ​កម្លាំង​នៅក្នុង​ភូមិ​ចាប់ខ្លួនបាន​តែម្តង​។ លោក​ថ្លែងថា​៖ «​បើតាម​យាយ​របស់​ក្មេងរងគ្រោះ ប្រាប់​ខ្ញុំ​ថា ចៅ​គាត់​មិន​ស្រួលខ្លួន​បានឱ្យ​លេបថ្នាំ​ហើយ​ដាក់ឱ្យ​ដេក​ក្នុង​មុង​។ បន្តិចក្រោយមក​ត្រូវ​ឪពុក​កាប់​តែម្តង​។ ពេល​ត្រូវរបួស​នោះ​សាច់ញាតិ​យកទៅ​ពេទ្យ​បង្អែក​ស្រុក​បារាយណ៍​តែ​នាង​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រោះតែ​របួសធ្ងន់​ពេក​»​។

លោក​បញ្ជាក់ថា អាជ្ញាធរ​ស្រុក​បារាយណ៍​រួម​នឹង​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ថ្ងៃទី​ ២៧ មីនា បាន​នាំយក​ថវិកា​មួយចំនួន និង​សម្ភារ​ប្រើប្រាស់​ខ្លះទៅ​ចូលរួម​បុណ្យសព​ក្មេងស្រី​រងគ្រោះ​ដែលជា​ការរួមចំណែក​ជួយ​សម្រាល​ទុក្ខលំបាក​ខ្លះៗ​ដល់​គ្រួសារ​របស់​យាយ​ក្មេងរងគ្រោះ​៕