ភ្នំពេញៈ អង្គភាព​ការពារ​កុមារ (CPU) បង្ហាញ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ថ្មី​មួយ​នៅ​ចុងឆ្នាំ​ ២០២៣ ​ខាងមុខ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២០ លាន​ដុល្លារ​អូស្ដ្រាលី សម្រាប់​ជួយ​ដល់​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ និង​មាន​បំពាក់​ដោយ​ទីតាំង​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ជាច្រើន​ទៀត​សម្រាប់​តាម​ចាប់​ជន​សង្ស័យ​លើ​ករណីនេះ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​។

ការបង្ហាញ​ពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ថ្មី​នេះ​ធ្វើឡើង​អំឡុងពេល លោក James McCabe នាយក​ប្រតិបត្តិ CPU បាន​ជួបប្រជុំ​​ជាមួយ​លោកស្រី យក់ សុខា អគ្គស្នងការរង​នគរបាលជាតិ កាលពី​ថ្ងៃទី​ ២៥ មីនា ដើម្បី​ប្រគល់ជូន​នូវ​របាយការណ៍​ប្រចាំឆ្នាំ និង​រៀបរាប់​អំពី​គម្រោង​របស់​ CPU សម្រាប់​ ៥ ​ឆ្នាំ​ខាង​មុខ​នេះ ដែល​នឹងមាន​ការបង្កើន​នូវ​សេវាកម្ម និង​ការព្យាបាល​ជូន​ជនរងគ្រោះ​នៃ​បទល្មើស​រំលោភ​ផ្លូវភេទ រួមទាំង​ការបង្កើន​នូវ​សេវាកម្ម​គាំទ្រ និង​សេវាកម្ម​ស៊ើបអង្កេត​។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​អង្គភាព CPU និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្នុងការ​ស៊ើបអង្កេត​បង្ក្រាប​បទល្មើស​ប្រឆាំងនឹង​កុមារ និង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី​នគរបាលជាតិ​កម្ពុជា​ផងដែរ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាលជាតិ​។

យោងតាម​របាយការណ៍​របស់ CPU ជម្រាបជូន​លោកស្រី យក់ សុខា អំពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ថ្មី គឺមាន​ទឹកប្រាក់​ប្រមាណ ២០ លាន​ដុល្លារ​អូស្ត្រាលី ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ២​។ មជ្ឈមណ្ឌល​នេះ​ជា​ទីតាំង​សម្រាប់​បម្រើ​ការងារ​ផ្សេងៗ រួមមាន​បន្ទប់​សម្រាប់​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា បន្ទប់​ស្នាក់នៅ​សម្រាប់​ថែទាំ​ជនរងគ្រោះ បន្ទប់​សម្រាប់​ប្រឹក្សា​ផ្នែក​ច្បាប់ បន្ទប់​ធ្វើ​កោសល្យវិច្ច័យ ពេទ្យ​ចិត្តសាស្ត្រ បន្ទប់​ព័ត៌មានវិទ្យា សម្រាប់​ទទួល​ព័ត៌មាន និង​ទំនាក់ទំនង​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត និង​មាន​អ្នកជំនាញ​ធ្វើ​កោសល្យវិច័យ​គ្រឿង​អេឡិចត្រូនិក​ដែល​អាច​ទាញយក​ឯកសារ ឬ​រូបភាព​ចេញពី​កុំព្យូទ័រ ទូរស័ព្ទដៃ​របស់​ជន​រងគ្រោះ ឬ​ជនសង្ស័យ​។ ក្រៅពីនេះ​ក៏មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​កម្លាំង​នគរបាល​ប្រចាំការ​បំពេញភារកិច្ច និង ចុះ​ប្រតិបត្តិការ​ ២៤​ ម៉ោង​លើ ២៤ ​ម៉ោង​ផងដែរ​។

លោក James McCabe បានឱ្យដឹងថា គម្រោង​សាងសង់​នេះ​តាម​ផែនការ​ត្រូវ​សាងសង់​រួច​នៅ​ដើមឆ្នាំ​ ២០២៤ តែ​អាច​ដំណើរការ​ជា​បណ្តើរៗ​នៅ​ចុងឆ្នាំ​ ២០២៣​។ មជ្ឈមណ្ឌល​នេះ កើតឡើង​ដំបូង​គេ​នៅ​កម្ពុជា ដែល​បង្ហាញ​អន្តរជាតិ​ឱ្យឃើញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​ពិសេស​ជួយ​ដល់​កុមារ​រងគ្រោះ ដែល​កិច្ចសហប្រតិបត្តិការ​នេះ​មាន​រយៈពេល ១០ ឆ្នាំ​ទៅមុខទៀត​។

លោកស្រី យក់ សុខា បាន​គាំទ្រ​លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ថ្មី​នេះ ដែលមាន​បន្ទប់​បម្រើ​តាម​ជំនាញ​ផ្សេងៗ សម្រាប់​ជួយ​ដល់​កុមារ​រងគ្រោះ​ទាន់ពេលវេលា និង​ចាប់​ជនសង្ស័យ​ដោយមាន​ជំនាញ​ធ្វើ​កោសល្យវិច័យ​រក​ភ័ស្តុតាង​ដាក់បន្ទុក​លើ​ជនសង្ស័យ​។ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​សហការ​ល្អ​រវាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ជាមួយ​ CPU​។

អង្គភាព CPU បាន​ថ្លែង អបអរសាទរ​ទៅដល់​រាជរដ្ឋាភិបាល កម្ពុជា និង​នគរបាលជាតិ​កម្ពុជា​ចំពោះ​កិច្ចការ​ដ៏ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​ ២០២១ ក្នុងការ​ស៊ើបអង្កេត​ទៅ​លើ​រាល់​បទល្មើស​លើ​កុមារ​។ ខណៈ​អត្រា​ឃាត់ខ្លួន​ ៨៥% ក្នុងករណី​សរុប​ចំនួន ៣១៣ ករណី គឺជា​សមិទ្ធផល​ដ៏អស្ចារ្យ ហើយក៏​បង្ហាញ​ពី​ភាព​ប្តេជ្ញា និង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រឆាំង​បទល្មើស​លើ​កុមារ​។ CPU បានបង្ហាញ​ការប្តេជ្ញា​ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ល្អ​បំផុត​ជូន​ទៅដល់​រាល់​កុមារ​ដែល​បាន​រងគ្រោះ​ពី​បទល្មើស និង​ផ្តល់ជូន​នូវ​សេវាកម្ម​គាំទ្រ និង​សេវាកម្ម​ស៊ើបអង្កេត​ដែល​ល្អ​បំផុត​។

លោក James​ថ្លែងថា​៖ «​កិច្ចការ និង​បេសកកម្ម​ស៊ើបអង្កេត​ជាច្រើន​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​ ២០២១ ដែល​នាំមក​នូវ​លទ្ធផល​ដ៏ល្អប្រសើរ ហើយ​ CPU​ មាន​ភាព​រីករាយ​ក្នុងការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាលជាតិ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​លទ្ធផល​​ល្អប្រសើរ​ទាំងនេះ​បន្ត​ទៅមុខទៀត​»៕