ភ្នំពេញៈ អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក​នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង ដែល​ចំណាយ​ថវិកា​សម្រាប់​សាងសង់​សរុប​ប្រមាណ​ ៨ លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥតសំណង់​របស់​សាធារណ​រដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​កូរ៉េ KOICA បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នា​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ​ ២០២២​។

នាឱកាស​នៃ​ការប្រកាស​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ព្យាបាល​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្ត​ទុកដាក់ ទៅលើ​ការផ្ទេរ​នូវ​បច្ចេកវិទ្យា​ទាំងឡាយ​ដែល​កូរ៉េ​មាន​សម្រាប់​គ្រូពេទ្យ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែមទៀត​ផងដែរ ក្នុង​ការគ្រប់គ្រង និង​ព្យាបាល អ្នកជំងឺ​តាម​ប្រព័ន្ធ​ឌីជីថល​។

លោក​បាន​មានប្រសាសន៍​​ថា៖ «​មន្ទីរពេទ្យ​នេះ បានដាក់​ដំណើរការ​ជំហាន​ដំបូង​បំផុត សម្រាប់​មន្ទីរពេទ្យ​មួយ​ដែល​ដាក់ឱ្យ​ដំណើរការ​តាម​ប្រព័ន្ធ​ឌីជីថល​។ សាធារណរដ្ឋ​កូរ៉េ គឺជា​ប្រទេសមួយ​ដែល​ជឿនលឿន​នៅក្នុង​បច្ចេកវិទ្យា​ព័ត៌មាន ដូចនេះ​ដំណើរការ​តាម​ប្រព័ន្ធ​ឌីជីថល​ក្នុង​មន្ទីរពេទ្យ​នេះ មិនមែន​ជា​រឿង​ចម្លែក​សម្រាប់​កូរ៉េ​ទេ តែ​វា​ជា​រឿង​ថ្មី​សម្រាប់​កម្ពុជា​យើង​»​។

លោក​បញ្ជាក់ទៀតថា បើសិន​គ្រាន់តែ​មាន​មន្ទីរពេទ្យ​សាងសង់​រួចហើយ ប៉ុន្តែ​មិនមាន​ការផ្ទេរ​នូវ​បច្ចេកវិទ្យា​សម្រាប់​ការចេះដឹង និង​ទទួលយក​ចំណេះដឹង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​នោះទេ កម្រិត​នៃ​ការព្យាបាល​ក៏នៅ​តែ​មាន​កម្រិត​ដដែល​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​ក្រុមគ្រូពេទ្យ របស់​យើង​ទាញយក​នូវ​ចំណេះដឹង បច្ចេកវិទ្យា​ទាំងឡាយ​ដែល​កូរ៉េ​បាន​ផ្ទេរ​មកឱ្យ​យើង ហើយ​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​នៃ​ការព្យាបាល​របស់​យើង​ឱ្យ​កើនឡើង​ថែមទៀត​»​។

ឆ្លៀតពេល​នោះដែរ លោក ហ៊ុន សែន ក៏បាន​បន្ត​អំពាវនាវ​ទៅដល់​គ្រូពេទ្យ​ទាំងអស់ បន្ត​ការយកចិត្ត​ទុកដាក់​ពី​សុខុមាលភាព​របស់​ប្រជាជន​ដោយស្មោះ​ត្រង់ និង​ត្រូវ​គិតគូរ​ពី​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ដែល​វា​ជា​ចំណុច​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​លើកឡើង​ថា មន្ទីរពេទ្យ​ព្រះអង្គឌួង គឺជា​គ្រឹះស្ថានសាធារណៈ​របស់​រដ្ឋ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០១២ ដែលជា​ពហុព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ចក្ខុរោគ មាត់​ធ្មេញ សើ​ស្បែក កែ​សម្ផស្ស និង​ស្តារ​លទ្ធភាព​ពលកម្ម និង​ជំងឺ​សំខាន់ៗ​មួយចំនួនទៀត​។

លោក​បន្តថា ដោយមាន​ការណែនាំ​ពី​ក្រសួង​សុខាភិបាល​នៅ​ឆ្នាំ ​២០១៤ មន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​ប្រែក្លាយ​ចេញ​វេជ្ជបញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​បន្ទាប់មកទៀត នៅ​ខែ​មិថុនា ឆ្នាំ​ ២០១៩ មន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​ដាក់​ឱ្យប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​។

លោក​ ម៉ម ប៊ុនហេង ​បាន​មានប្រសាសន៍​ថា៖ «​មន្ទីរពេទ្យ​ព្រះអង្គឌួង ជា​មន្ទីរពេទ្យ​រដ្ឋ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ឌីជីថល និង​ដែល​ហៅថា មន្ទីរពេទ្យ​ឌីជីថល​»​។

អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង​នេះ មាន​កម្ពស់​ ៥ ​ជាន់ ដែល​បានចាប់ផ្តើម​សាងសង់ឡើង​នៅ​ខែមីនា​ឆ្នាំ ​២០២០ និង​បើតាម​គម្រោង​នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ ២០២១ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ គម្រោង​នេះ​បាន​ពន្យារពេល​មក​ដើមឆ្នាំ ​២០២២ ​វិញ​។ គម្រោង​សាងសង់​អគារ​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា​-​កូរ៉េ ចំណាយ​ថវិកា​សរុប ៨ ​លាន​ដុល្លារ​អាមេរិក រួមមាន ១- ​ការសាងសង់​អគារ​កម្ពស់​ ៥​ ជាន់ លើ​ផ្ទៃ​សំណង់​សរុប​ជាង ៤​ ពាន់​ម៉ែត្រការ៉េ ចែកចេញជា ៨២ ​បន្ទប់ មាន​គ្រែ​សម្រាក​ព្យាបាល​ចំនួន​ ១២៨ ​គ្រែ ចំណាយ​អស់​ថវិកា​ចំនួន ៤ ៦៧០ ០០០ ​ដុល្លារ​អាមេរិក​។ ២- ការបំពាក់​សម្ភារ​បរិក្ខារពេទ្យ​ទំនើបៗ ចំណាយ​អស់​ថវិកា​ចំនួន​ ១ ៥០០ ០០០ ដុល្លារ​អាមេរិក និង ៣- ការបណ្ដុះបណ្ដាល​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ SOON CHUN HYANG Medical Center នៃ​សាធារណរដ្ឋ​កូរ៉េ​ចំណាយ​ថវិកា ១ ៨៣០ ០០០ ដុល្លារ​អាមេរិក​។

លោក Park Heung kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​សាទរ ចំពោះ​សមិទ្ធផល​នៃ​អគារ​មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង​នាពេលនេះ ដែល​កើតចេញពី​ចំណងមិត្តភាព​កម្ពុជា​-​កូរ៉េ​។

លោក​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង​នេះ​ថា ក្រៅពី​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស និង​បុគ្គលិក​ទាំងអស់​ក៏ត្រូវ​បាន​បង្កើន​សមត្ថភាព តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល និង​ការផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​ផងដែរ​៕