ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល លោក​ ហ៊ុន សែន សម្តែង​ក្តីកង្វល់​ពី​ការវិវឌ្ឍ​នៃ​មេរោគ​បំប្លែង​ថ្មី ក្រៅពី​ប្រភេទ​អូមីក្រុង ថា​តើ​វា​នឹង​មានការ​បំប្លែង ឬ​ប្រែ​ក្លាយទៅជា​អ្វី​ទៀត ដែល​វា​នៅតែ​ជា​បញ្ហា ដោយ​លោក​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ធ្វើការ​តាមដាន​ជាប់លាប់​នូវ​ការ​ប្រែប្រួល​ទាំងឡាយ​នៃ​ជំងឺ​នេះ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក​នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង នា​ថ្ងៃទី​ ២៨ ខែមីនា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា​៖ «​យើង​ត្រូវ​តាមដាន​ឱ្យ​ជាប់​នូវ​ការប្រែប្រួល​ទាំងឡាយ​នៃ​ការវិវឌ្ឍ​នៃ​ជំងឺ​នេះ​នៅក្នុង​ពិភពលោក និង​នៅក្នុង​ប្រទេស​ជុំវិញ​ប្រទេស​របស់​យើង​។ នៅ​ប្រទេស​ថៃ វៀតណាម និង​ឡាវ កំពុងតែ​កើត ហើយ​តួលេខ​នៃ​ការឆ្លង​ក្នុងប្រទេស​ទាំងនេះ​កំពុងតែ​មានការ​កើនឡើង​ផងដែរ ខណៈដែល​ប្រទេស​យើង​កំពុងតែ​ថយចុះ​»​។

លោក​ ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យមាន​ការពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ផងដែរ ចំពោះ​ពលករ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។ អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤​ ថ្ងៃ ហើយ​មកដល់​ពេលនេះ​មាន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ជាង​ ១ ​ពាន់​នាក់​ផងដែរ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​។

លោក​បន្ថែមថា ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​នៃ​មេរោគ​កូវីដ ​១៩ នៅ​ឆ្នាំ​ ២០២២ ​នេះ មាន​សភាព​ធូរស្រាល​ច្រើន បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ ប៉ុន្តែ​លោក​ ហ៊ុន សែន មិនទាន់​ឱ្យមាន​ភាព​អត្តនោម័ត​ជាមួយនឹង​កូវីដ​ ១៩​ នេះ​ទេ ដោយសារ​មេរោគ​នេះ​នៅតែ​ឆ្លង​ដោយ​មិន​រើសមុខ​នៅឡើយ​។ លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ទៀតថា ចំនួន​អ្នក​ឆ្លង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ក្នុង បន្ទប់សង្គ្រោះបន្ទាន់ មាន​ចំនួន​តែ​ជាង​ ៤០ ​នាក់​ប៉ុណ្ណោះ ខណៈ​អ្នក​សម្រាក​ព្យាបាល​កម្រិត​ស្រាល​ក៏មាន​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​ដែរ​។

លោក​ ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ថ្លែង​នូវ​ការកោត​សរសើរ​ចំពោះ​ក្រសួង​សុខាភិបាល ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លងទៅនេះ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ ដើម្បី​ជម្នះ​នូវ​ការលំបាក​ទាំងឡាយ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩»​។

ឆ្នាំមុន ពេលនេះ ម៉ោង​នេះ ជា​ពេលវេលា​ដ៏លំបាក ក្រោយ​ពេលដែល​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​បានចាប់ផ្តើម ដែល​ពេលវេលា​នោះ កម្ពុជា​ចាប់ផ្តើម​មាន​មនុស្ស​ស្លាប់ និង​រាប់រយ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្នុង​ ១​ ថ្ងៃៗ ហើយ​និង​មាន​អ្នក​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​យ៉ាង​កកកុញ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​យើង​មិនដែល​បណ្តែតបណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ណា​ម្នាក់​ស្លាប់ ដោយ​គ្មាន​ការពិនិត្យ និង​ព្យាបាល​នោះឡើយ ហើយក៏​គ្មាន​ប្រជាពលរដ្ឋ​យើង​ដេក​ឈឺ​តាម​ចិញ្ចើមថ្នល់​នោះដែរ​»​។

បើតាម​លោក ​ហ៊ុន សែន អ្នកជំងឺ​កូវីដ​ ១៩ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ មាន​ប្រមាណ​ ៦០០ ​នាក់​ហើយ​ជា​អ្នកជំងឺ​ស្រាល​។ ឯ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​មាន​ចំនួន​ ៤៤ ​នាក់​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ប្រៀបធៀប​ស្ថានភាព​ឆ្នាំទៅ និង​ឆ្នាំនេះ មាន​ភាពខុសគ្នា ប៉ុន្តែ​ខ្ញុំ​នៅតែ​បញ្ជាក់ថា យើង​មិនត្រូវ​អត្តនោម័ត​ជាមួយនឹង​កូវីដ ​១៩ ​ទេ ព្រោះថា វា​មិន​រើសមុខ​នោះទេ​។ ប៉ុន្តែ​ពេលនេះ​យើង​មាន​វ៉ាក់សាំង និង​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​ ៩២% ​ហើយ​ដែរ ដែល​ធ្វើឱ្យមាន​ភាពស៊ាំ​សហគមន៍​ក្នុង​ការ​កាត់បន្ថយ​នូវ​ការឆ្លង ឬ​ឆ្លង​ហើយ តែ​វា​មិន​នាំមក​នូវ​ភាព​ធ្ងន់ធ្ងរ​នោះទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ដោយ​មោទនភាព​ថា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំនេះ​ប្រជាពលរដ្ឋ​នឹង​មានឱកាស​សម្រាប់​ដើរកម្សាន្ត​ដែល​កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ២ ​ឆ្នាំ​រួចមកហើយ​។ ទោះយ៉ាងណា លោក​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល ៣ ​កុំ និង​ ៣ ​ការពារ ដោយ​មិនត្រូវ​មានការ​ភ្លេចខ្លួន​ក្នុងការ​ការពារ​ខ្លួន​នោះទេ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ការកសាង​មន្ទីរពេទ្យ​ដែល​អាចដាក់​អ្នកជំងឺ​បាន​ជាង​ ១ ​ម៉ឺន​នាក់ នៅតែ​បន្ត​កសាង​ដដែល ហើយ​ប្រសិនបើ​ពេលណា​មួយ​អស់​កូវីដ យើង​នឹង​​ប្រើប្រាស់​អគារ​ទាំងនោះ​ទៅជា​អគារ​ពិនិត្យ ព្យាបាល​ជំងឺ​ធម្មតា​វិញ ដោយសារ​មន្ទីរពេទ្យ​នោះ មាន​កន្លែង​វះកាត់ សម្ភព និង​ជំងឺ​ដទៃទៀត ដោយមាន​ការបំពាក់​បរិក្ខារ​ទំនើប​ផងដែរ​»​។

ទាក់ទង​នឹង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ​របស់​សាធារណរដ្ឋ​ប្រមានិត-​ចិន​នឹង​កើត​ជំងឺមហារីក លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានបង្ហាញ​ពី​ការហួសចិត្ត​ចំពោះ​អ្នក​ដែល​បង្កើត​ព័ត៌មាន​មិន​ពិត​នេះ​ឡើង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា នៅមាន​មនុស្ស​ប្រភេទ​នេះ ដែល​និយាយ​ដូចនេះ​។ វ៉ាក់សាំង​ត្រូវបាន​គេ​ចាក់​រាប់ពាន់​លាន​នាក់​រួចហើយ​។ ក្នុងនោះ​មិនមែន​មានតែ​ប្រទេស​កម្ពុជា​យើង​ជាង​ ១៤ ​លាន​នាក់​នោះទេ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩»​។

លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លើកឡើង​ដែរ​ថា ការបង្កើត​ពាក្យ​ប្រឌិត បំផុស​ចលនា មិន​ឱ្យមាន​ការចាក់​វ៉ាក់សាំង គឺជា​ការខុសឆ្គង​ធំ​ណាស់ ដែល​អាច​បង្កឱ្យមាន​គ្រោះមហន្តរាយ​ដល់​ពលរដ្ឋ​ផង សុខភាព​សាធារណៈ​ផង និង​សង្គមជាតិ​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​អ្នក​ដែល​បង្កើត​ពាក្យ​ប្រឌិត​ទាំងនេះ មិនមែន​គាត់​មិន​យល់​ទេ តែ​ខ្ញុំ​គិតថា ពួកគាត់​មានបំណង​ផ្សេង​។ គឺ​គាត់​នឹង​ទះដៃ​សាទរ នៅពេល​ដែលមាន​ការឆ្លង​ឡើងវិញ​ម្តងទៀត បើ​បងប្អូន​មិនបាន​ចាក់​ដូស​ជំរុញ​ដើម្បី​បង្កើត​កងការពារ​ពី​កូវីដ​ ១៩ ​នេះ​»​។

លោកស្រី​បន្ថែមថា វ៉ាក់សាំង​បាន​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ធំធេង​ណាស់ ដោយ​មិនត្រូវ​មើលរំលង​ឡើយ​។ វ៉ាក់សាំង​កូវីដ​ ១៩ ​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា សុទ្ធតែជា​វ៉ាក់សាំង​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

យោងតាម​ក្រសួង​សុខាភិបាល​ឱ្យដឹងថា រហូត​ដល់​ចុងខែ​កញ្ញា ឆ្នាំ​ ២០២២ ​ខាងមុខ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​សរុប​រហូតដល់​ជិត​ ៥០​ លាន​ដូស ដែល​បច្ចុប្បន្ន កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ​ទាំង​ការបញ្ជាទិញ និង​ជំនួយ​ជាង​ ៤៣ ​លាន​ដូស​ហើយ​៕