សៀមរាបៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ការដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​ព្រៃឈើ ជា​សកម្មភាព​មួយ​ក្នុង​ការចូលរួម​ថែរក្សា​វប្បធម៌​ឱ្យបាន​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ផ្នែក​មួយ​ដ៏សំខាន់ ក្នុងការ​ថែរក្សា និង​អភិរក្ស​ប្រាសាទ​។

លោកស្រី ភឿង សកុណា បាន​ថ្លែង​បែបនេះ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក្នុង​ពិធី​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​អនុស្សាវរីយ៍​អង្គរ តូតាល់អេនើជី​ (Total Energies) នា​រមណីយដ្ឋាន​អង្គរ ខេត្ត​សៀមរាប​។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​ប្រាសាទ​តែងតែ​នៅ​ជាមួយគ្នា​នឹង​មនុស្ស ព្រៃព្រឹក្សា និង​ទឹក ដូចនេះ​ការដាំ​កូនឈើ​ឡើងវិញ ជា​ចំណែក​មួយ​ជួយ​ថែរក្សា​មរតក​វប្បធម៌​កេរ​ដូនតា​របស់​យើង ហើយ​នៅតាម​ទីវត្តអារាម​នានា​ក៏មាន​ការដាំ​កូនឈើ ដែល​វា​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទាំង​ការរក្សា​លំនឹង​បរិស្ថាន នាំ​ទឹកភ្លៀង​ទៀងទាត់​តាម​រដូវ ជួយ​ឱ្យ​ដី​មាន​សំណើម ផ្តល់​ជា​ម្លប់ និង​សម្ភារ​ប្រើប្រាស់​ជា​ផ្ទះសំបែង កុដិ​សាលា អគារ​ផ្សេងៗ​យ៉ាងច្រើន​​ឥត​គណនា​ដល់​យើង​ទៀតផង​»​។

ការដាំ​កូនឈើ​ឡើងវិញ​នាពេល​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​វា​នឹង​ជួយ​ដល់​ស្ថានភាព​បរិស្ថាន​នាពេល​បច្ចុប្បន្ន ក្នុង​ការជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ​បាក់ស្រុត​ដី​ជាដើម ស្រប​ពេលដែល​បច្ចុប្បន្ន​ពិភពលោក​កំពុង​ប្រឈម​នឹង​កម្ដៅ ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ បណ្តាល​មកពី​ឧស្ម័ន​កខ្វក់​កើតឡើង​ពី​កាកសំណល់​ប្លាស្ទិក​ដែល​មនុស្ស​ប្រើប្រាស់​ហើយ​បោះបង់ចោល​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​លោកស្រី ភឿង សកុណា​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា អ្វី​ក៏ដោយ ទោះបី​ជា​មាន​គោលនយោបាយ​ល្អ​យ៉ាងណា​ក៏ដោយ ប្រសិនបើ​មិនមាន​ការចូលរួម​ទេ មិនមាន​ការយល់ដឹង​ទេនោះ យើង​មិនអាច​សម្រេចបាន​នោះទេ​។ ដូចជា​ករណី​ចាក់​វ៉ាក់សាំង​ជាដើម គឺ​ដោយសារតែ​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់ មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​មានការ​ចូលរួម​ទាំងអស់​គ្នា​របស់​ប្រជាពលរដ្ឋ ទើប​ធ្វើឱ្យ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើនជាង​ ៩០ ​ភាគរយ​»​។

លោកស្រី ភឿង សកុណា បាន​បន្ដថា ការដាំ​ដើមឈើ ឬ​ការធ្វើ​សកម្មភាព​នានា​ទៅបាន​នេះ ក៏​អាស្រ័យ​លើ​ប្រទេស​ជាតិ​មាន​សន្ដិភាព បើ​គ្មាន​សន្ដិភាព ក៏​គ្មាន​មនុស្ស​ជួបជុំគ្នា​ដាំ​ដើមឈើ​ដូច​ពេល​នេះដែរ ដែល​ជាក់ស្ដែង បច្ចុប្បន្ន​មាន​ប្រទេស​មួយចំនួន​កំពុង​មាន​សង្គ្រាម ដែល​ពួកគាត់​មិនអាច​ជួបជុំគ្នា​ដាំ​ដើមឈើ​បានឡើយ​។

យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ឱ្យដឹងថា ក្រុមហ៊ុន​តូតាល់​អេនើ​ជី បាន​បង្កើត​ឧទ្យាន​អនុស្សាវរីយ៍​អង្គរ តូតាល់​អេនើ​ជី នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ការដាំ​កូនឈើ​ប្រណីត​ចំនួន ៤ ​ប្រភេទ ស្មើនឹង​ ២០០ ​ដើម​។ ដើមឈើ​ទាំងនោះ រួមមាន​ប្រភេទ​ឈើ​ធ្នង់ ឈើ​បេង ឈើ​គ្រញូង និង​ឈើ​គគីរ​។

ក្នុង​ឧទ្យាន អនុស្សាវរីយ៍​អង្គរ​តូតាល់​អេ​នើជី​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមហ៊ុន តូតាល់​អេនើជី នាពេល​កន្លងមក បានរួម​គ្នា​ដាំ​កូនឈើ​បាន​ចំនួន​ប្រមាណ​ជាង​ ១ ​ម៉ឺន​ដើម​រួចមកហើយ ដោយ​ក្នុង​ផែនការ​រយៈពេល​ ៥ ​ឆ្នាំ នឹង​ដាំ​កូនឈើ​ឱ្យបាន​ជាង​ ២​ ម៉ឺន​ដើម ក្នុង​ទំហំ​ផ្ទៃដី​ចំនួន​ ៨ ​ហិកតា ក្នុង​ឧទ្យាន​មួយ​នេះ​៕