ភ្នំពេញៈ លោកស្រី អ៊ីម ចុងហ៊ី អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ហៅ​កាត់​ KOICA បានបង្ហាញ​ពី​ផែនការ និង​គម្រោង​ថ្មី​ជាច្រើន​ដើម្បី​គាំទ្រ​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៤ ដើម្បី​ជួយ​ឱ្យ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ KOICA ឱ្យដឹងថា ការបង្ហាញ​នេះ ត្រូវបាន​ធ្វើឡើង ខណៈ​លោកស្រី អ៊ីម ចុងហ៊ី អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ ខណៈ​លោកស្រី ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ.ជ.នា/ក.អ.ក) ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​នៅ​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជារួម​ជាមួយ​កម្ពុជា ការបង្ហាញ​អំពី​គម្រោង​គាំទ្រ​របស់ KOICA សម្រាប់​ប្រទេស​កម្ពុជា ផែនការ​ប្រចាំ​ប្រទេស​របស់ KOICA សម្រាប់​ប្រទេស​កម្ពុជា KOICA Cambodia Country Plan (CP) គម្រោង​ថ្មី​សម្រាប់​ឆ្នាំ​ ២០២២ គម្រោង​ត្រៀម​សម្រាប់​ឆ្នាំ​ ២០២៣ និង​វឌ្ឍនភាព​បច្ចុប្បន្ន​នៃ​ការស្នើសុំ​គម្រោង​ថ្មី​សម្រាប់​ឆ្នាំ ​២០២៤ ការពិនិត្យ​ទៅលើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ការកំណត់​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​។

លោកស្រី អ៊ីម ចុងហ៊ី បាន​លើកឡើងថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ឈានមុខ​គេ ក្នុង​វិស័យ​វប្បធម៌​អាស៊ីអាគ្នេយ៍ ហើយ​មានការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់ ជាមួយនឹង​សក្ដានុពល​នៃ​ការអភិវឌ្ឍ​យ៉ាងខ្លាំង​។ ជាពិសេស កម្ពុជា​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​យ៉ាង​ល្អ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​មកនេះ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​រក្សា​ការគ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការបើក​ដំណើរ​ការិយាល័យ​កយកា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សុវត្ថិភាព​»​។

លោកស្រី​បន្តថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដៃគូ​ដ៏សំខាន់​របស់​កូរ៉េ ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​នៃ​ការគាំទ្រ​ការអភិវឌ្ឍ​របស់ KOICA និង​ជា​ប្រទេស​ដៃគូ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដ៏​សំខាន់​មួយ​។ KOICA នឹង​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បីឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​។

បើតាម​លោកស្រី អ៊ីម ចុងហ៊ី ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ KOICA បានធ្វើ​សកម្មភាព​គាំទ្រ​ចម្រុះ​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទៅវិញទៅមក ហើយ KOICA សង្ឃឹមថា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោក ឈៀង យ៉ាណារ៉ា ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ KOICA ហើយ​បាន​ថ្លែង​អំណរគុណ​ចំពោះ KOICA និង​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង និង​កម្មវិធី ក៏ដូចជា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​របស់​ប្រទេស​កម្ពុជា និង​ដើម្បី​សម្រួល​ដល់​ការស្តារ​សេដ្ឋកិច្ចកម្ពុជា​។

ចាប់តាំងពី​ឆ្នាំ ​១៩៩១ ដល់​ឆ្នាំ​ ២០២១ KOICA បានផ្តល់​ជំនួយ​ឥតសំណង​ប្រហែល​ ៣១០​ លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ជា​ទម្រង់​នៃ​គម្រោង​អភិវឌ្ឍន៍ កម្មវិធី​បណ្តុះបណ្តាល ការប្រឹក្សា អ្នកស្ម័គ្រចិត្ត​ជាដើម ហើយ​បាន​បង្កើន​ចំនួន​ជា​បន្តបន្ទាប់​ជា​រៀងរាល់​ឆ្នាំ​។

ដោយឡែក សម្រាប់​ឆ្នាំ​ ២០២២ ​នេះ​វិញ ជំនួយ​ឥតសំណង​របស់ KOICA សម្រាប់​ប្រទេស​កម្ពុជា​មាន​ចំនួន​សរុប ៣០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​មាន​រួម​ជាមួយ​នឹង​គម្រោង​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ចំនួន​ ១៤ គម្រោង​កម្មវិធី ភាពជា​ដៃគូ​រវាង​សាធារណៈ និង​ឯកជន​ចំនួន​ ១៨ និង​កម្មវិធី​បណ្តុះបណ្តាល (CIAT) រួមទាំង​កម្មវិធី​អ្នកស្ម័គ្រចិត្ត​កូរ៉េ ជាដើម​៕