ភ្នំពេញៈ អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោកស្រី Pauline Tamesis បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេចបាន​សម្រាប់​វិស័យ​មីន​ក្នុង​អាណតិ្ត​បេសកកម្ម​រយៈពេល ៤ ​ឆ្នាំ​របស់​លោកស្រី​នៅ​កម្ពុជា ខណៈ​ក្នុង​អាណត្ដិ​នេះ UN ក៏បាន​គាំទ្រ​ដល់​ការរៀបចំ​សន្និបាតជាតិ ​សកម្មភាព​មីន និង​ចូលរួម​ដល់​ការរៀបចំ និង​កសាង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ផងដែរ​។

លោកស្រី​បានលើកឡើង​បែបនេះ ក្នុង​ជំនួប​ជាមួយ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្នុង​ឱកាស​ដែល​លោកស្រី​ចូលជួប​សម្តែង​ការគួរសម​ និង​ជម្រាបលា​ការងារ​។

លោកស្រី Pauline Tamesis បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ជា​ប្រមុខ បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ធ្វើឱ្យ​កម្ពុជា​មានការ​ប្រែប្រួល​មុខមាត់​ខ្លាំង ដែល​លោកស្រី​បាន​មើលឃើញ​យ៉ាងច្បាស់​ក្នុង​អាណត្តិ​បេសកកម្ម​របស់​លោកស្រី​នៅ​កម្ពុជា​។

លោកស្រី Pauline Tamesis ក៏បាន​កោតសរសើរ ចំពោះ​សមិទ្ធផល​សម្រេចបាន សម្រាប់​វិស័យ​មីន​កម្ពុជា ក្រោម​ការងារ​សម្របសម្រួល និង​ដឹកនាំ​របស់​អាជ្ញាធរ​មីន​។ លោកស្រី​ថ្លែងថា​៖ «UN នឹង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ និង​បន្ត​កៀរគរ​ធនធាន​គាំទ្រ​ដល់​គោលដៅ​របស់​កម្ពុជា​រហូត​ដល់​ឆ្នាំ​ ២០២៥»​។

លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​ដឹកនាំ​យ៉ាងច្បាស់លាស់ ដោយបាន​ដាក់បញ្ចូល​ការងារ​សកម្មភាព​មីន​ក្នុង​គោលដៅ​ទី​ ១៨ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​គោលនយោបាយ​សំខាន់ៗ​សម្រាប់​អភិវឌ្ឍ​ជាតិ​។

លោក​ លី ធុជ បាន​ថ្លែង​អំណរគុណ​ដល់​លោកស្រី Pauline Tamesis ដែល​បាន​ផ្តល់នូវ​ភាព​ជា​មិត្ត ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​គាំទ្រ​ដល់​កិច្ចដំណើរការ​ថែរក្សា​សន្តិភាព​ក៏ដូចជា​ការងារ​បោសសម្អាត​មីន ក្នុង​អាណត្តិ​បេសកកម្ម​របស់​លោកស្រី​។

លោក​បាន​បន្តថា​៖ «​តាំងពី​ចាប់ផ្តើម​ដំណើរ​បេសកកម្ម​របស់​លោកស្រី​អ្នកសម្របសម្រួល UN ប្រចាំ​នៅ​កម្ពុជា ឆ្នាំ​ ២០១៨ លោកស្រី​បាន​ចូលរួម​គាំទ្រ​ដល់​ការរៀបចំ​សន្និបាតជាតិ សកម្មភាព​មីន និង​ចូលរួម​ដល់​ការរៀបចំ និង​កសាង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សកម្មភាព​មីន ២០១៨-២០២៥ ផងដែរ​»​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា ដើម្បី​គាំទ្រ​ដល់​ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ “​កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ​ ២០២៥” អាជ្ញាធរ​មីន បានរៀបចំ​នូវ​គោលការណ៍​ណែនាំ​ស្តីពី​ការអនុវត្ត​យន្តការ​ភូមិ​អស់​មីន ដែល​នឹង​ធានាថា រាល់​ចម្ការមីន​ទាំងអស់ ដែលមាន​នៅក្នុង​ភូមិ​ត្រូវបាន​បោសសម្អាត​ក្នុង​គោលដៅ​ជួយ​ពន្លឿន​ដល់​ការ​បោសសម្អាត​មីន និង​ទាក់ទាញ​នូវ​ការចូលរួម​គាំទ្រ​ពី​ម្ចាស់ជំនួយ​ថ្មីៗ និង​វិស័យ​ឯកជន​បន្ថែមទៀត​។

លោក លី ធុជ បានឱ្យ​ដឹងថា អាជ្ញាធរ​មីន​បាននិង​កំពុង​ធ្វើ​ចលនា​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ជា​មិត្ត​ប្រតិបត្តិករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ វិនិយោគិន និង​សប្បុរសជន​នានា ដើម្បី​ទទួល​ការគាំទ្រ និង​ធ្វើការ​បោសសម្អាត ដោយ​ចាប់ផ្តើម​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្រោម​ការដឹកនាំ​ និង​សម្របសម្រួល​របស់​អាជ្ញាធរ​មីន​ហើយ​ការប្រកាស​ភូមិ​អស់​មីន ឬ​ខេត្ត​អស់​មីន ដែល​ត្រូវ​រៀបចំ និង​ទទួលស្គាល់​ពី​អាជ្ញាធរ​មីន ក្នុង​នាម​ជា​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ និង​ជា​សេនាធិការ​តែ​ ១​ គត់​ឱ្យ​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​វិស័យ​មីន​ទូទាំងប្រទេស​។

លោក​ថ្លែងថា កម្ពុជា បានកំណត់​នូវ​វិសាលភាព និង​ទំហំ​ផលប៉ះពាល់​យ៉ាងច្បាស់ ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទូទាំង​ប្រទេស ដែល​គិត​ត្រឹម​ឆ្នាំ ​២០២១​ កម្ពុជា នៅសល់​ផ្ទៃដី​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ចំនួន​ ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន​ ៧៨៨​ គីឡូម៉ែត្រ​ក្រឡា ដែល​កម្ពុជា​ត្រូវ​បោសសម្អាត​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥ ដែល​នៅសល់​ក្នុង​រាជធានី​ខេត្ត​ចំនួន​ ២៣​ ទៀត​។

រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​ប្រកាស​រាជធានី​/​ខេត្ត ដែលមាន​ផលប៉ះពាល់​ដោយសារ​មីន​តិចតួច​ចំនួន ៧ ជា​រាជធានី​/​ខេត្ត​អស់​មីន រួមមាន ខេត្តព្រៃវែង (៣,៦ ហិកតា​) ខេត្តកណ្តាល (៦,៥ ហិកតា​) ភ្នំពេញ (១២៥ ហិកតា​) ​ខេត្តកំពង់ចាម (១២៨ ហិកតា​) ខេត្ត​ព្រះសីហនុ (១៧៤ ហិកតា​) ខេត្តរតនគិរី (៣៤០ ហិកតា​)​ និង​ខេត្តតាកែវ​ចំនួន ​(៣៦៣ ហិកតា​)៕