បន្ទាយមានជ័យៈ កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ភ្នំស្រុក​ និង​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ​បាននិង​កំពុង​បន្ត​ចុះជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ​ ២០២២ ដែល​បង្ក​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ ​៦ ​នាក់ បាន​​រងបួស និង​ខូចខាត​ផ្ទះ​សរុប​ ១១៦ ​ខ្នង​។

លោក ប៉ិះ គឹមហ៊ាក់ អធិការនគរបាល​ស្រុក​ភ្នំស្រុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ​មីនា​ថា កាលពី​ល្ងាច​ថ្ងៃអាទិត្យ​​មាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ​១ ​មេ​ធំ​បាន​បក់បោក​យ៉ាងខ្លាំង​មកលើ​ភូមិ​តេជោ​សន្តិភាព​នៃ​ឃុំ​ប៉ោយចារ​។ ហេតុការណ៍​​នេះ​បណ្ដាលឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ ៦​ នាក់ បាន​រងរបួស​ធ្ងន់​ និង​ស្រាល​ដោយសារ​ផ្ទះ​ដួលរលំ​លើ ហើយ​ផ្ទះ​ចំនួន​ ១០៥ ​ខ្នង​បាន​រង​ការខូចខាត ក្នុង​នោះ​មាន​ ៣៩ ​ខ្នង​បាន​ខូចខាត​ទាំង​ស្រុង​។

លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​ព្រលប់​ថ្ងៃអាទិត្យ ក្រោយពី​មាន​ភ្លៀងខ្យល់​រួច ខាង​កម្លាំង​សមត្ថកិច្ច​យើង​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស និង​ជួយ​រៀបចំ​រុះរើ និង​ប្រមូល​ឈើ និង​ស័ង្កសី​នៃ​ផ្ទះ​ដែល​បាក់បែក​ដើម្បី​រៀបចំ​ជួសជុល​ឡើងវិញ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមការងារ​បាន​ចុះ​ជួសជុលផ្ទះ​ឡើងវិញ​ជូន​ពលរដ្ឋ​បាន​ជាង​ ២០ ​ខ្នង​»​។

បើតាម លោក គឹមហ៊ាក់ ក្រុមការងារ​នឹង​បន្ត​ចុះជួយ​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំងនោះ​ជា​បន្តទៀត​នៅ​ព្រឹក​ថ្ងៃទី​ ២៩ មីនា នេះ​និង​ថ្ងៃ​បន្តបន្ទាប់​ទៀត​ដើម្បីឱ្យ​គ្រប់​គ្រួសារ​រងគ្រោះ​ទាំងនោះ​មាន​​ជម្រក​សមរម្យ​ និង​ប្រកប​ដោយ​សុវត្ថិភាព​។

ចំណែក​លោក លឿង សុភ័ក្ដិ អភិបាលស្រុក​ស្វាយចេក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ​មីនា​ដែរ​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែមីនា នោះ បាន​បង្កឱ្យមាន​ការខូចខាត​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​ផ្គាំ ចំនួន​ ១១​ ខ្នង​ដែល​ក្នុងនោះ មានផ្ទះ ​២​ ខ្នង​បាន​ដួលរលំ​ខូចខាត​ទាំងស្រុង និង​ ៩ ​ខ្នង​ទៀត បាន​ប៉ើង​របើក​ដំបូល​ និង​ជញ្ជាំង​បន្តិចបន្តួច​។ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយចេក​ចុះទៅ​សួរសុខទុក្ខ និង​ជួសជុលផ្ទះ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​រួចរាល់​ហើយ »​។

ដោយឡែក​អាជ្ញាធរ​ឃុំ​ជលសា ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង​វិញ ក៏បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ​ ២០២២ ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​បណ្ដាលឱ្យ​របើក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៩ ​ខ្នង​ផងដែរ​៕