ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ អ៊ិត សំហេង ទទួល​ជួប​លោក Takanobu Teramoto ប្រធាន​ប្រតិភូ​បេសកកម្ម​ដោយផ្ទាល់​របស់​អង្គការ​ពលកម្ម​-​អន្តរជាតិ​ (ILO) ដើម្បី​ពិភាក្សា​លើ​ការវិវឌ្ឍ​វិស័យ​ការងារ និង​ការគោរព​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។

ក្នុងជំនួប​ពិភាក្សា នា​ថ្ងៃទី​ ២៨ ​មីនា លោក​ អ៊ិត សំហេង បាន​ជម្រាបជូន​គណៈប្រតិភូ Takanobu Teramoto ថា ការគោរព​សិទ្ធិ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ត្រូវបាន​ធានា និង​លើកកម្ពស់​ស្របពេល​កម្ពុជា​ផ្សារភ្ជាប់​ការគោរព​លក្ខខណ្ឌ​ការងារ​ជាមួយ​ពាណិជ្ជកម្ម​អន្តរជាតិ​។

លោក​បន្តថា ដោយ​អនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​ ៨៧ ច្បាប់​ស្តីពី​សហជីព កម្ពុជា​បានផ្តល់​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ទៅ​កម្មករនិយោជិត និង​និយោជក​ក្នុង​ការបង្កើត និង​អនុវត្ត​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ដោយ​សេរី គ្មាន​ការបង្ខិតបង្ខំ និង​គំរាមកំហែង​។ លោក​ អ៊ិត សំហេង ថ្លែងថា​៖ «​នៅក្នុង​កម្ពុជា មិនទាន់​ដែលមាន ហើយក៏​នឹងមិន​អនុញ្ញាត​ឱ្យមាន​ករណី​ដែល​កម្មករនិយោជិត ឬ​ថ្នាក់ដឹកនាំ​សហជីព​ត្រូវបាន​ចាប់ខ្លួន ឬ​ធ្វើទុក្ខ​បុក​ម្នេញ​ដោយសារ​សកម្មភាព​ស្របច្បាប់​របស់ខ្លួន​ក្នុងការ​អនុវត្ត​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ​ឡើយ​»​។

លោក​រដ្ឋមន្ត្រី​លើកឡើងថា បេសកកម្ម​របស់​ប្រតិភូ ILO ពិត​ជា​មាន​សារៈសំខាន់ មិនមែន​សម្រាប់តែ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​សារៈសំខាន់ សម្រាប់​កម្ពុជា​ផងដែរ​។ ព្រោះ​វា គឺជា​ឱកាស​ដែល​ក្រសួង​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដែល​រួមមាន​ទាំង​តំណាង​អង្គការ​វិជ្ជាជីវៈ និង​ដៃគូ​សង្គម​បាន​ជួប និង​សន្ទនា​ដោយផ្ទាល់​ជាមួយ​គណៈប្រតិភូ ដើម្បី​បង្ហាញ​អំពី​ការវិវឌ្ឍ​វិស័យ​ការងារ ជាពិសេស​ការគោរព​សិទ្ធិ សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការជួប​ពិភាក្សា​ជាមួយ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​ពាក់ព័ន្ធ​តំណាង​អង្គការ​វិជ្ជាជីវៈ និង​ដៃគូ​សង្គម​នាពេល​បន្ទាប់​នេះ គណៈប្រតិភូ​នឹង​ទទួលបាន​នូវ​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ និង​យកទៅ​ពិចារណា និង​វាយតម្លៃ​ប្រកប​ដោយ​សុភវិនិច្ឆ័យ ឈរលើ​មូលដ្ឋាន​ច្បាប់ និង​បទប្បញ្ញត្តិជាតិ និង​អន្តរជាតិ​ជា​ធរមាន​»​។

បន្ថែម​ពីនេះ​លោក​ អ៊ិត សំហេង បញ្ជាក់ ថា សម្រាប់​ក្រសួង​ការងារ​រង់ចាំ​ទទួល​យក​នូវ​អនុសាសន៍​របស់​បេសកកម្ម​ដោយផ្ទាល់​នេះ ដើម្បី​កែលម្អ​លក្ខខណ្ឌ​ការងារ និង​សិទ្ធិសេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ស្របតាម​បរិបទ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​។

តាមរយៈ​ជំនួប​នោះ ក្រសួង​ការងារ ឱ្យ​ដឹងថា ការប្រជុំ​ពិភាក្សា និង​ប្រឹក្សា​យោបល់​គ្នា​ទៅវិញ​ទៅមក​រវាង​គណៈប្រតិភូ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ការយល់​គ្នា​កាន់តែ​ប្រសើរ ដែល​គណៈប្រតិភូ​មាន​លទ្ធភាព​ធ្វើ​សេចក្តី​សន្និដ្ឋាន​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​វិជ្ជាជីវៈ សិទ្ធិ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ​ស្រប​តាម​ច្បាប់​ការងារ និង​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​កាន់តែ​មាន​ភាពល្អប្រសើរ​បន្តទៀត​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក​ មឿន តុលា ថ្លែងថា ដោយសារ​កម្ពុជា​ផ្តល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា​ស្តីពី​សិទ្ធិសហជីព ដូច្នេះហើយ​ទើប​ប្រតិភូ​ ILO មក កម្ពុជា ដើម្បី​ពិនិត្យ​មើលថា តើ​កម្ពុជា​អនុវត្ត​កាតព្វកិច្ច​ពេញលេញ​ឬ​នៅ​។

សម្រាប់​លោក​ដែល​ធ្វើការ​លើ​សិទ្ធិ​ការងារ មើលឃើញ​កម្ពុជា​ពុំទាន់​ធានា​ការអនុវត្ត​សិទ្ធិ​របស់​សហជីព​នៅឡើយ​ទេ ខណៈ​សហជីព​ខ្លះ​កំពុង​ជួប​បញ្ហា​ប្រឈម ក្នុង​ការសម្តែង​មតិ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​ទី​ ១ ​ខ្ញុំ​មើលឃើញ​បេសកកម្ម​របស់​ប្រតិភូ​របស់ ILO គឺ​មក​ពិនិត្យមើល​អនុសញ្ញា​ស្នូល​លេខ​ ៨៧ ផ្តោតទៅលើ​សេរីភាព​សហជីព ទី​ ២ ការអនុវត្ត​សិទ្ធិសេរីភាព​សហជីព​នៅ​ស្រុក​ខ្មែរ នៅ​ជួប​បញ្ហា​នៅឡើយ​។ បញ្ហា​មួយចំនួន​សំខាន់ៗ គឺ​រឿង​ការអនុវត្ត​ច្បាប់​របស់​យើង សព្វថ្ងៃ​មាន​បញ្ហា​ប្រឈម​។ មានន័យថា សហជីព​ដែលមាន​និន្នាការ​គាំទ្រ​ខាង​កម្មករ ពិតប្រាកដ​តែង​ត្រូវបាន​រងគ្រោះ​»៕