ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការបោះឆ្នោត​បាន​ជួបប្រជុំ​ផ្សព្វផ្សាយ​គោលដៅ​ការពារ ដើម្បី​ធានា​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​រៀបចំ​នៅ​ដើមខែ​មិថុនា​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ និង​គ្មាន​ការគំរាមកំហែង បំភិតបំភ័យ ទៅលើ​គណបក្ស​នយោបាយ​នានា ដែល​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​យក​សន្លឹកឆ្នោត​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ អចិន្រៃ្តយ៍ សម្រាប់​ការបោះឆ្នោត និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និង​ជា​អនុប្រធាន​គណៈបញ្ជាការ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរស្ថាប័ន​ស្ដីពី​កិច្ចការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការបោះឆ្នោត​ថ្នាក់ជាតិ-​ថ្នាក់ក្រោម​ជាតិ តាម​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព​កាលពី​ថ្ងៃទី​ ២៨ ខែមីនា​ឆ្នាំ​ ២០២២​។

លោក ស ខេង បាន​ណែនាំ​ដល់​គ្រប់​កម្លាំង និង​មន្ត្រី​មុខងារ​សាធារណៈ​ទាំងអស់ ត្រូវតែ​ប្រកាន់​អព្យាក្រឹតភាព និង​ការពារ​គ្រប់​សកម្មភាព និង​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ ដើម្បីឱ្យ​ការបោះឆ្នោត​នៅពេល​ខាងមុខ ប្រព្រឹត្ត​ទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ គ្មាន​អំពើហិង្សា​ផ្សេងៗ ស្របតាម​ច្បាប់ និង​ជាពិសេស មន្ត្រី​នយោបាយ​ទាំងអស់​ក៏​មិនត្រូវ​ប្រើ​ធនធាន​របស់​រដ្ឋ​ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ដែរ​។

លោក ស ខេង បាន​ថ្លែងថា គោលដៅ​ការពារ​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ​មាន​ច្រើន​ទីតាំង ក្នុង​នោះ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កងរាជ​អាវុធហត្ថ​ដែល​មិន​គ្រប់គ្រាន់​លោក​ក៏បាន​ឯកភាព​ឱ្យប្រើ​កម្លាំង​ប្រជាការពារ​ ដើម្បី​ជួយ​គាំទ្រ​ក្នុង​ការរក្សា​សន្តិសុខសម្រាប់​ការបោះឆ្នោត ដោយមាន​ការបណ្ដុះ​បណ្ដាល​អំពី​គោលការណ៍​សំខាន់​មួយចំនួន​ផងដែរ​។

លោក​បន្តថា ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ជាច្រើនលើក​ច្រើនសា​នាពេល​កន្លងមក និង​អនាគត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ប្រកបដោយ​មោទនភាព ព្រមទាំង​ជា​ការបង្ហាញ​ឆន្ទៈ​នយោបាយ និង​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​ឱ្យមាន​អភិបាលកិច្ច​ល្អ បន្ត​អនុវត្ត​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ថ្នាក់មូលដ្ឋាន ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពង្រឹង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

លោក​ថ្លែងថា​៖ «​គោលបំណង​របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ​) រួមមាន​ចាត់​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​រាល់​ឧបាយកល ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​តាម​គ្រប់​រូបភាព ធានា​ឱ្យបាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អព្យាក្រឹត ដើម្បីឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ គ្មាន​អំពើហិង្សា​ផ្សេងៗ និង​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​ទាំង​ស្រុង និង​ផ្តល់នូវ​សេវា​សន្តិសុខ​ដោយ​ស្មើភាព​គ្នា​ជាដើម​»​។

លោក ស ខេង បាន​ថ្លែង​ទៀតថា គ.ស.អ ដែលមាន​សមាសភាព​មកពី​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត​ដែរនោះ ត្រូវខិតខំ​បំពេញ​មុខងារសាធារណៈ​របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់ ច្បាស់លាស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដោយ​គោរព​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់រូប​។ ទន្ទឹមនោះ​ក៏ត្រូវ​ខិតខំ​ទប់ស្កាត់​ឱ្យបាន​រាល់​អំពើ​កេងចំណេញ​នានា​ពី​ការប្រកួតប្រជែង​ខាង​នយោបាយ ព្រមទាំង​ត្រូវ​បញ្ចៀស​ឱ្យបាន​ដាច់ខាត​នូវ​អំពើហិង្សា ការបង្ក​អសន្តិសុខ និង​អស្ថិរភាព​សង្គម នៅក្នុង​ដំណាក់កាល​ទាំង​មុន អំឡុងពេល និង​ក្រោយ​ការបោះឆ្នោត​។

នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក ទៀ បាញ់ ថ្លែងថា កិច្ចប្រជុំ​នៅពេល​នេះ គឺជា​កិច្ចប្រជុំ​ដ៏មាន​សារៈសំខាន់​ក្នុង​ការ​ត្រៀមលក្ខណៈ​បំពេញ​ភារកិច្ច​ចាំបាច់ ដើម្បី​ឈាន​ឆ្ពោះទៅ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ឆ្នាំនេះ និង​ការបោះឆ្នោត​នៅពេល​ខាង​មុខជា​បន្តបន្ទាប់​ទៀត និង​ស្នើសុំ​ឱ្យមាន​ការបើក​កិច្ចប្រជុំ​ម្តងទៀត នៅពេល​ណាមួយ​សមស្រប​ដើម្បី ស្តាប់​ការបញ្ជាក់​ឡើងវិញ​ពី​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​។

លោក​បន្តថា គណៈបញ្ជាការ​ឯកភាព​រាជធានី-​ខេត្ត ត្រៀមលក្ខណៈ​បែងចែក​កម្លាំង​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ ឬ​​ទីតាំង​ពាក់ព័ន្ធ​ឱ្យបាន​ជាក់លាក់ ក្នុងនោះ​ប្រសិនបើ​ប្រើ​កម្លាំង​បន្ថែម​ក៏​គួរតែ​ទាមទារ​ការបណ្ដុះបណ្ដាល​ឱ្យ​បានច្បាស់លាស់​ ដើម្បី​ធានា​ការបំពេញ​ភារកិច្ច​ស្របតាម​ច្បាប់ និង​បញ្ចៀស​បានការ​ប្ដឹងផ្ដល់​ដែល​តែងតែ​កើតមាន​ជារឿយៗ​ក្នុង​ដំណើរការ​បោះឆ្នោត​។

លោក​ថ្លែងថា​៖ «​កម្លាំង​ការពារ ចាំបាច់​ណាស់​ត្រូវតែ​ឱ្យមាន​ការយល់ដឹង​គ្រប់ផ្នែក ទាំង​ច្បាប់ និង​សេចក្តី​ប្រកាស​ផ្សេងៗ​ឱ្យបាន​ជ្រៅជ្រះ ដើម្បី​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​តម្រូវ​តាំងពី​ការចាត់តាំង​មនុស្ស​ទៅកាន់​ការងារ​នីមួយៗ​។ ដូច្នេះ យើង​ឃើញ​ហើយ វា​តែងតែមាន​ហេតុការណ៍​កើតឡើង​រហូត​មកដល់​ពេលនេះ ក៏​នៅមាន​ការប្តឹង​ផ្តល់​គ្នា រឿង​កើតទុក្ខ​មិន​សុខចិត្ត​នេះ និង​មាន​បន្តទៀត ដូច្នេះ​ត្រូវតែ​បំពេញ​តាមផ្លូវ​ច្បាប់​ឱ្យបាន​ពេញលេញ​»​។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន​ថ្លែងថា គ.ជ.ប ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ​បាន​កសាង​ផែនការ​អន្តរ​ស្ថាប័ន សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ៣ ​ឆ្នាំ ជាប់ៗ​គ្នា (​ឆ្នាំ​ ២០២២-២០២៨)​។ ក្នុង​រយៈពេល​នេះ ស្ថាប័ន​ទាំង ​៣ មាន​ការងារ​ជាច្រើន​ដែល​ត្រូវបំពេញ ដើម្បី​លើកកម្ពស់​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ សេរី​ពហុបក្ស ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការបោះឆ្នោត​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព គ្មាន​ការគំរាមកំហែង គ្មាន​ការបំភិតបំភ័យ និង​គ្មាន​អំពើហិង្សា​។

«​ក្នុង​ផែនការ​អន្តរសា្ថប័ន បានកំណត់​ច្បាស់លាស់​អំពី​គោលដៅ និង​មុខសញ្ញា​សំខាន់ៗ ដែល​ត្រូវ​ការពារ ចំនួន​កម្លាំង​ដែល​ត្រូវ​ប្រើប្រាស់​តាម​ដំណាក់កាល​​នីមួយៗ​នៃ​ការបោះឆ្នោត ព្រមទាំង​យន្តការ រចនាសម្ព័ន្ធ​ និង​កិច្ចសហការ​សន្តិសុខ​បោះឆ្នោត សំដៅ​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នយោបាយ និង​បរិយាកាស​ល្អ​ទាំង​មុនពេល​បោះឆ្នោត ក្នុងពេល​បោះឆ្នោត និង​ក្រោយ ពេល​បោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»៕