ក្រចេះ: ក្មេងស្រី​ ២ ​នាក់ បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​ ២៧ មីនា ខណៈ​ពួកគេ​ទៅ​ងូតទឹក​លេង​នៅ​ចំណុច​ព្រែក​ទេរ​ស្ថិតក្នុង​ភូមិ​ព្រែកកូវ ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខេត្តក្រចេះ​។

លោក អ៊ុន ណាវុធ នាយរង​ផ្នែក​សេនាធិការ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ចិត្របុរី ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ មីនា ថា ក្មេងរងគ្រោះ​ឈ្មោះ​ ទី យោ សុខណី ភេទ​ស្រី អាយុ​ ១៦ ​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ រិន ណាសួន ភេទ​ស្រី អាយុ​ ៨ ​ឆ្នាំ​។ រវាង​ក្មេងរងគ្រោះ​ទាំង ​២​ នាក់ មិនមែន​ជា​មនុស្ស​ស្គាល់គ្នា​ទេ និង​រស់នៅ​ភូមិ​ខុសគ្នា ហើយ​នៅ​ថ្ងៃកើតហេតុ​មិនមាន​មនុស្ស​ចាស់​ណា​ម្នាក់​ស្ថិតនៅ​ទីនោះ​ឡើយ​។

លោក​ប្រាប់ថា​៖ «​នៅ​ថ្ងៃទី​ ២៧ មីនា​នោះ មាន​ក្មេង​ ៥​ នាក់​ទៅ​ងូតទឹក​ព្រែក​ទេរ ដោយពេល​នោះ មាន​ក្មេងស្រី​ម្នាក់​អាយុ​ ៨​ ឆ្នាំ បាន​លង់ទឹក ហើយ​ក្មេងស្រី​អាយុ​ ១៦​ ឆ្នាំ​នោះបាន​ចុះជួយ តែ​គាត់​អត់​ចេះ​ហែល​ទឹក​ក៏​លង់​ស្លាប់​ទាំង ​២​ នាក់​ទៅ​»​។

លោក ណៃ ភី មេឃុំ បុសលាវ ប្រាប់​នៅ​ថ្ងៃទី​ ២៨ ​មីនា​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣ ​រសៀល​ថ្ងៃទី​ ២៧ មីនា ហើយ​នៅ​តំបន់​ព្រែកទេរ​នោះ​ក៏​មិនមែន​ជា​កន្លែង​លេង​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ដែរ និង​ជា​តំបន់​គ្មាន​ផ្ទះ​អ្នកស្រុក​រស់នៅ​ទេ​។ ចំពោះ​ស្ថានភាព​ទឹក​ព្រែក​វិញ គឺមាន​កន្លែង​ខ្លះ​កម្ពស់​ ២ ​ជំហរ​មនុស្ស​ចាស់ និង​កន្លែង​ខ្លះ​ជម្រៅ​មួយ​ជំហរ​របស់​មនុស្ស​ចាស់ ដោយមាន​ជង្ហុក​រាក់ជ្រៅ ទៅតាម​សណ្ឋាន​ដី​ព្រែក​។

លោក​បន្ត​តាម​សម្តី​សាច់ញាតិ​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ​ទី យោ សុខណី ថា តាមពិតទៅ​ក្មេងរងគ្រោះ​រស់នៅ​ភូមិ​ផ្សេងគ្នា ប៉ុន្តែ​នាង​បានមក​លេង​គូ​ដណ្តឹង នៅ​ភូមិ​ព្រែក​កូវ ឃុំ​បុសលាវ​។ លុះ​នៅវេលា​រសៀល​ក្មេងស្រី​រងគ្រោះ​បាន​ទៅលេង​ទឹក​នៅ​ព្រែក​ទេរ ដែល​នៅ​ទីនោះ​ក៏មាន​ក្មេង​ ៤ ​នាក់​ទៅលេង​ទឹក​នៅ​ទីតាំង​កើតហេតុ​នោះដែរ​។

លោក​បន្តថា នៅពេល​កំពុង​ចុះ​ងូតទឹក​លេង​សប្បាយ​នោះ ស្រាប់​តែ​មាន​ក្មេងស្រី​ម្នាក់​ឈ្មោះ​ រិន ណាសួន អាយុ​ ៨ ​ឆ្នាំ បាន​លង់ទឹក ពេល​ឃើញ​ដូច្នេះ​ក្មេងស្រី សុខណី បាន​ចុះទៅ​ជួយ​ស្រង់​តែ​ប្រហែលជា​កន្លែង​នោះ​មាន​ជម្រៅ​ទឹក​ជ្រៅ​ក៏​លង់​ស្លាប់​ទាំង​ ២ ​នាក់​ទៅ​។ គ្រោះថ្នាក់​នេះ អត់​មាន​នរណា​ដឹង​ទេ ប្រហែល​ជា ​៣​ ម៉ោង​ក្រោយ​កើតហេតុ​ទើប​អ្នកភូមិ​ដឹង​ដោយសារ​តែមាន​ក្មេង​ម្នាក់​រត់​មក​ប្រាប់​។ លោក​ថា​៖ « អ្នកភូមិ​បាន​នាំគ្នា​រាវ​រកឃើញ​សាកសព​ក្មេង​អាយុ​ ៨ ​ឆ្នាំមុន​។ ក្រោយមក​ប្រហែល​ម៉ោង​ ៨ ​យប់មិញ ​(​ថ្ងៃទី​ ២៧​ មីនា​) ​ទើប​គេ​រាវ​រកឃើញ​សាកសព​ក្មេងស្រី​អាយុ​ ១៦ ​ឆ្នាំ​ម្នាក់ទៀត​»៕