ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ជិត ៤០ នាក់ បន្ថែមទៀតដែលសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់ និងមានអ្នកជាសះស្បើយបន្ថែមរហូតជិត ៧០ នាក់ផងដែរ ប៉ុន្ដែមិនបានរកឃើញអ្នកស្លាប់ដោយសារមេរោគកូវីដ ១៩ អូមីក្រុងនេះថ្មីទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ បានបញ្ជាក់ថា មនុស្សចំនួន ៣៩ នាក់ទៀត មានឆ្លងវីរុសកូវីដ ១៩ និងមានអ្នកជាសះស្បើយចំនួន ៦៨ នាក់។ ការរកឃើញនេះមានករណីឆ្លងសហគមន៍ចំនួន ៣៨ នាក់ និងអ្នកដំណើរពីបរទេសម្នាក់។

គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១៣៥ ៥៥២ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣១ ៥២៧ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៤ នាក់៕