ភ្នំពេញៈ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​ការជួសជុល និង​សង្គ្រោះ​ប្រាសាទ​គុក ឬ​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ដើមខែ​មេសា​ខាងមុខ ហើយ​ដែល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​។

លោក​ ផាន់ ណាឌី អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​សំបូរ-​ព្រៃគុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមីនា ថា យោងតាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២ ប្រាសាទ​គុក ឬ​ប្រាសាទ​អាស្រម​មហាឥសី ដែលមាន​ទីតាំង ស្ថិតក្នុង​តំបន់​ប្រាសាទ​សំបូរព្រៃគុក​មាន​អាយុកាល​ជាច្រើន​សតវត្សរ៍​មកហើយ មុន​សម័យអង្គរ ហើយ​ត្រូវបាន​ចាស់​ទ្រុឌទ្រោម​ដោយសារ​គ្រោះធម្មជាតិ និង​សកម្មភាព​មនុស្ស​ជាច្រើន​ជំនាន់​កន្លងមក​នោះ​នឹង​ត្រូវ​ធ្វើការ​ជួសជុល​ឱ្យមាន​ភាពរឹងមាំ​ល្អប្រសើរ​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​ ណាឌី បាន​បញ្ជាក់ថា​៖ «​គម្រោង​ជួសជុល​ និង​សង្គ្រោះ​ប្រាសាទ​គុក ឬ​ប្រាសាទ​អាស្រម​មហាឥសី​នេះ នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៥​ ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើមខែ​មេសា​ខាងមុខនេះ និង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២២ នេះ​»​។

បើតាម​លោក​ ផាន់ ណាឌី រមណីយដ្ឋាន​សំបូរ​ព្រៃគុក​ជា​ក្រុង​បុរាណ ឦសានបុរៈ ដែល​ត្រូវបាន​សាងសង់ឡើង​នៅ​សតវត្សរ៍​ទី​ ៦ និង​ដើម​សតវត្សរ៍​ទី ​៧ (​ក្នុងសម័យ​ចេនឡា​) ដោយ​ស្តេច​ឦសាន​វរ្ម័នទី​ ១ នៅ​សម័យ​ចេនឡា​។ នៅក្នុង​រមណីយដ្ឋាន​នេះ​មាន​ទីទួល​បុរាណ និង​ប្រាសាទ​ចំនួន​ ២៩៣​ កន្លែង​។ ក្រុម​ប្រាសាទ​ស្ទើរតែ​ទាំងអស់​ក្នុង​រមណីយដ្ឋាន​សំបូរ​ព្រៃគុក​ជា​ប្រភេទ​សំណង់​ដែល​ត្រូវបាន​សង់ឡើង​ពី​ឥដ្ឋ លើកលែងតែ​ប្រាសាទ​គុក​ ឬ​ប្រាសាទ​អាស្រម​មហាឥសី ជា​ប្រភេទ​សំណង់ ដែល​ត្រូវបាន​សង់​ឡើង​ពី​ថ្មភក់​។ ប្រាសាទ​នេះ​មាន​រចនាប័ទ្ម​ស្រដៀង​គ្នា​ទៅនឹង​ប្រាសាទ​មួយចំនួន​របស់​ប្រទេស​ឥណ្ឌា ទើប​ធ្វើឱ្យ​ភាគី​ឥណ្ឌា​ចាប់អារម្មណ៍​ និង​បាន​ចុះ​អនុស្សរណៈ​ដើម្បី​គាំទ្រ​លើ​គម្រោង​ជួសជុល​ប្រាសាទ​នេះ​។

លោក​បាន​បន្តថា នៅពេល​នេះ ក្រុម​ជំនាញការ​នៃ​ប្រទេស​ទាំង​ ២ (​កម្ពុជា​-​ឥណ្ឌា​) ​កំពុង​ពិភាក្សាគ្នា​លើ​កិច្ចការ​បច្ចេកទេស​មួយចំនួន ដើម្បី​កំណត់​ពេលវេលា​សមស្រប​ណាមួយ សម្រាប់​ការចាប់ផ្ដើម​ដំណើរការ​អនុវត្ត​គម្រោង​ជួសជុល និង​សង្គ្រោះ​ប្រាសាទ​ដ៏មាន​​វ័យ​ចំណាស់​នេះ ។

ចំណែក​លោក​ ច័ន្ទ វិត្ថារ៉ុង ប្រធាន​នាយកដ្ឋាន រមណីយដ្ឋាន​បុរាណវិទ្យា និង​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា បន្ទាប់ពី​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​ ២០១៧ មក​នោះ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក បាន​ធ្វើ​កិច្ច​ការសំខាន់ៗ​ជាច្រើន​។ ក្នុងនោះ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បានរៀបចំ​ស្លាក​សញ្ញា​បង្ហាញ​ទិស​ច្រកចូល​ប្រាសាទ បន្ទប់ទឹក​ចំនួន​ ៣ ​ទីតាំង កែលម្អ​កន្លែង​អាហារដ្ឋាន​ឱ្យមាន​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ល្អ​នៅ​មួយកន្លែង​។

លោក​បាន​ថ្លែងថា​៖ «​ទន្ទឹមនឹង​នេះ ក្រុមការងារ​យើង​បាន​សិក្សា​ចងក្រង​ផែនទី​ហានិភ័យ​នៃ​ប្រាសាទ​នីមួយៗ និង​បាន​ជួសជុល​ប្រាសាទ​ដែលមាន​ហានិភ័យ​ខ្ពស់​មួយចំនួន​ឱ្យមាន​ភាពរឹងមាំ​ល្អប្រសើរ​ឡើងវិញ​ផងដែរ ក្រោម​ការចូលរួម​ត្រួតពិនិត្យ និង​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេកទេស​ពី​គណៈកម្មការ ICC Angkor»​។

បើតាម​ប្រសាសន៍ លោក ច័ន្ទ វិត្ថារ៉ុង ប្រាសាទគុក ឬ​ប្រាសាទ​អាស្រម​មហាឥសី គឺជា​ប្រាសាទ ស្ថិត​ក្នុង​ហានិភ័យ​មធ្យម​ក្នុង​ចំណោម​ប្រាសាទ ដែល​ត្រូវបាន​សាងសង់​ពី​ថ្មភក់ ដែលមាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក​៕