ពោធិ៍សាត់ៈ បុរស​ចំណាស់​ម្នាក់​ដែល​សង្ស័យថា​ច្របាច់ក​កូនស្រី​អាយុ ២ ឆ្នាំ​ស្លាប់ ​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ ចេញ​ដីកា​ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ កាលពី​ថ្ងៃ​ទី ២៧ ​មីនា ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​បាន ១ ថ្ងៃ​ ដែល​ករណីនេះ​កើតហេតុ​នៅ​ភូមិ​ព្រែក ​ឃុំ​រាំងទិល ​ស្រុក​កណ្តៀង ​ខេត្ត​ពោធិ៍សាត់។

ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ កាលពី​ថ្ងៃទី ២៧ ​មីនា ​ឆ្នាំ ២០២២​ របស់លោក​ចៅក្រម​ស៊ើបសួរ ​សែង លីណា ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃ​ទី ២៩ ​មីនា ​បាន​បង្ហាញថា ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ ឈ្មោះ​ ម៉ូវ ទួក ​ហៅ ​ម៉ឺយ ទក​ អាយុ​ ៥៦ ឆ្នាំ។ ជននេះ​ត្រូវ​ដាក់ឱ្យ​នៅក្រោម​ការពិនិត្យ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​ជន​រងគ្រោះ។

ដីកា​របស់​តុលាការ​បញ្ជាក់ថា​៖ «បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច ​នៃ​កម្លាំង​សាធារណៈ​នាំ​ជន​ត្រូវ​ចោទ​ដែលមាន​ដូច​ខាងលើ​ទៅ​ពន្ធនាគារ ​ឬ​មណ្ឌល​ឃុំខ្លួន ​ខេត្ត​ពោធិ៍សាត់»។

លោក ​ម៉ូ លីដា ​ស្នងការរង​ទទួលផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៩ ​មីនា ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ម៉ូវ ​ទួក ​ជា​ឪពុក​បង្កើត ​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ ទួក ទូច ​អាយុ​ ២ ខួប។ ជន​ត្រូវ​ចោទ​ ត្រូវបាន​ស្ត្រី​ជា​ម្តាយ​ក្មេង​រងគ្រោះ​ដាក់ពាក្យ​ប្តឹង​ កាលពី​ថ្ងៃ​ទី ២៥​ មីនា ​ហើយ ​១ ថ្ងៃ​បន្ទាប់​ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ចាប់ខ្លួន​នៅភូមិ​ព្រែក ​ឃុំរាំង​ទិល ​ស្រុក​កណ្តៀង។

បើ​តាម​លោក ​ម៉ូ លីដា ​ជន​ត្រូវ​ចោទ​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ខួប​រាល់ថ្ងៃ​ ហើយ​នៅ​ថ្ងៃ​កើតហេតុ ​គាត់​បាន​ប្រើ​ហិង្សា​ របៀប​ចាប់ក​មួល​ តែ​នៅ​ថ្ងៃ​ទី ២៤​ មីនា ​ដែលជា​ថ្ងៃ​ប្រើ​អំពើហិង្សា​នោះ ​ក្មេង​រងគ្រោះ​មិនទាន់​ស្លាប់​ទេ។ បន្ទាប់ពី​ទទួលរង​អំពើ​ហិង្សា​មក​ ម្តាយ​របស់​ក្មេង​បាន​យក​នាង​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​រាំង​ទិល​ ហើយ​ក្មេង​ក៏មាន​សុខភាព​គ្រាន់​បើ​អាច​ញ៉ាំ​បបរ​បាន។ តែ​រហូត​ដល់​ថ្ងៃ​ទី ២៦​ មីនា ​ឆ្នាំ ២០២២ ​ក្មេងរងគ្រោះ​មាន​អាការ​ធ្ងន់ធ្ងរ ​ហើយក៏​ដាច់​ខ្យល់​ស្លាប់​នៅ​មណ្ឌល​សុខភាព​ឃុំ​រាំង​ទិល។

លោក​ថ្លែងថា​៖«ករណីនេះ​មាន​ខាង​អង្គភាព​ការពារ​កុមារ​ CPU ​របស់​ប្រទេស​អូស្ត្រាលី ​និង​នាយកដ្ឋាន​បច្ចេកទេស​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ពោធិ៍សាត់​[ពិនិត្យមើល​មូលហេតុ​នៃ​ការស្លាប់​របស់​ក្មេង]។ ក្មេង​រងគ្រោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា​ ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង»។

លោក​ ចាន់ សុខា ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​រាំងទិល ​ឱ្យដឹង​នៅ​ថ្ងៃ​ទី ២៩ ​មីនា ​ តាម​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងរងគ្រោះ ថា ​គ្រួសារ​របស់​គាត់​មាន​កូន​ជាមួយគ្នា​ចំនួន​៥នាក់​ ប្រុស​២នាក់ ​ស្រី​២នាក់ ​ហើយ​ក្មេងស្រី​រងគ្រោះ​ជា​កូន​ទី៤ ​និង​កូន​ម្នាក់​ទៀត​កំពុង​នៅ​ក្នុង​ផ្ទៃ​គាត់។ ចំពោះ​ឈ្មោះ​ម៉ូវ ទួក ​ម្នាក់នេះ​មាន​ប្រពន្ធ​៣នាក់​មកហើយ​ រីឯ​ស្ត្រី​ម្តាយ​ក្មេងរងគ្រោះ​ជា​ប្រពន្ធ​ទី៤។

លោក​បន្តថា ​នៅ​មុនពេល​កើតហេតុ​ថ្ងៃ​ទី ២៤​ មីនា ​ប្រពន្ធ​របស់​ជន​ត្រូវ​ចោទ​បាន​នាំកូនៗ​ចំនួន​៣នាក់​ជិះទូក​ទៅរក​ត្រី​ដោយ​ទុក​ក្មេង​រងគ្រោះ​នៅ​ជាមួយ​ឪពុក។ លុះ​ពេល​ល្ងាច​ត្រឡប់​មកពី​រកត្រី​វិញ ​ក្មេង​រងគ្រោះ​មាន​អាការ​មិន​ស្រួលខ្លួន​ ហើយ​ស្ត្រី​ជា​ម្តាយ​បាន​សួរ​កូន ​ទើប​ដឹងថា ​ឪពុក​វាយ​កូន។ នៅ​ថ្ងៃ​ដដែល​នោះ​ម្តាយ​ក្មេង​បាន​យក​កូន​ទៅ​មណ្ឌល​សុខភាព​ឃុំ។

លោក​បញ្ជាក់ថា​៖ «នៅ​ថ្ងៃទី ២៥​ មីនា ​ម្តាយ​ក្មេង​ដាក់ពាក្យ​ប្តឹង​មក​ខ្ញុំ​ដោយសារ​កូន​គាត់​ស្លាប់។ បន្ទាប់ពី​ខ្ញុំ​ទទួល​បណ្តឹង​បាន ​១ ថ្ងៃ ​ទើប​កម្លាំង​សមត្ថកិច្ច​របស់ខ្ញុំ​ចាប់​ឪពុក​ក្មេង»៕