ភ្នំពេញៈ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ ១ ៦៩៤ ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ ៧១០ ​នាក់​។ ចំនួន​នេះ​មានការ​ថយចុះ​ប្រមាណ​ជាង​ ២០​ ភាគរយ បើ​ធៀប​ទៅនឹង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២១​។ ប៉ុន្តែ​ចំនួន​គ្រឿងញៀន​ដែល​ចាប់បាន​មាន​ការកើនឡើង​ជាង ៣ ៤០៥ គ.ក្រ ឬ​កើន​លើស​ ១៩​ ដង បើ​ធៀប​ទៅនឹង​ត្រី​មាស​ទី ​១ ឆ្នាំ​ ២០២១​។

លោក អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប «​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២២ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​» ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២​។

លោក​បាន​ថ្លែងប្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សរុប​ ៨០ ​នាក់ ដែល​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ​បទល្មើស​គ្រឿងញៀន​បាន​ថយចុះ​ចំនួន ៤៣៦ ​ករណី បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន​រហូតដល់ ២១៣០​ ករណី​។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​គ្រឿងញៀន​ក៏មាន​ការថយចុះ ចំនួន​ ៩៦២ ​នាក់​ផងដែរ ធៀប​ទី​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ដែលមាន​ការចាប់​ឃាត់ខ្លួន​បាន​រហូតដល់ ៤ ៦៧២ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ថ្វីបើ​តួលេខ​នៃ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ក៏​ដូចជា​តួលេខ​នៃ​ជនសង្ស័យ ដែល​ត្រូវបាន​បង្ក្រាប​ចាប់​ក្នុង​បទល្មើស​គ្រឿងញៀន ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ មាន​ការថយចុះ​ប្រមាណ​ជាង​ ២០ ​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្តែ​វត្ថុតាង​គ្រឿងញៀន​ដែល​ត្រូវបាន​បង្ក្រាប​ចាប់បាន​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ​មាន​ការកើនឡើង​ជាង ៣ ៤០៥ គ.ក្រ ឬ​កើន​លើស ​១៩​ ដង​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ដែលមាន​ត្រឹមតែ​ជាង​ ១៧៤ ​គ.ក្រ ប៉ុណ្ណោះ​»​។

បើតាម​លោក អ៊ិន សុង វត្ថុតាង​គ្រឿងញៀន​ដែល​ត្រូវបាន​រឹបអូស​ពី​ការបង្ក្រាប​បទល្មើស​សរុប​មាន​ចំនួន​ជាង ៣,៥៨ ​តោន ក្នុងនោះ​មេតំហ្វេតាមីន ប្រភេទ​ម្សៅ​ក្រាម (ICE) ​ចំនួន​ជាង ៦៣០,៨០ ​គ.ក្រ, មេតំហ្វេតាមីន​គ្រាប់ (WY) ៨៦,២១ ​ក្រាម​, ហេរ៉ូអ៊ីន (Heroin) ៣៧០,៦៤​ ក្រាម​, អ៊ិចស្តាស៊ី (MDMA) ៨៤,២៨ ​គ.ក្រ, កេតាមីន (Ketamine) ជាង ២,៨៣ តោន​, នីមេតាហ្សេប៉ាម ​(Nimetazepam) ជាង ១០,២៦ ​គ.ក្រ និង កាទីណូន (Cathinone) ១៩​ គ.ក្រ​។ ចំណែក​សារធាតុ​គីមី​ផ្សំ​ប្រមាណ ២៥,០៦ ​តោន​, កញ្ឆា​ក្រៀម​ប្រមាណ​ ៥៥,៩ គ.ក្រ និង​កញ្ឆា​ស្រស់ ៦៩៥២​ដើម​។

ដោយឡែក​មធ្យោបាយ សម្ភារ ពាក់ព័ន្ធ​បទល្មើស ដែល​បាន​ចាប់យក​រួមមាន​រថយន្ត ៣៧ ​គ្រឿង​, ម៉ូតូ ៣៨៧ ​គ្រឿង​, ទូរស័ព្ទ ១ ៣៨៨ ​គ្រឿង​, លុយ​ខ្មែរ​ជាង ១៧,២០ ​លាន​រៀល​, លុយ​អាមេរិក ៣ ២១០ ​ដុល្លារ​, លុយ​ថៃ ៣ ២១០ ​បាត​, ជញ្ជីង ៧៥ ​គ្រឿង​, អាវុធខ្លី ០៣ ​ដើម​, ឧបករណ៍ប្រើប្រាស់​វេចខ្ចប់ និង​ម៉ាស៊ីន​សំយោគ​កែច្នៃ​គ្រឿងញៀន​មួយចំនួនធំ​។

ទន្ទឹមនឹងនេះ លោក​ ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ជំរុញ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង អន្តរជាតិ នៅក្នុង​ការស្រាវជ្រាវ កំណត់​មុខសញ្ញា​ជនល្មើស​ទីតាំង​ស្នាក់នៅ រក្សាទុក​ជួញដូរ​ និង​កែច្នៃ​គ្រឿងញៀន​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ឈានដល់​ការបង្ក្រាប​ចាប់​ជនល្មើស​ព្រមៗ​គ្នា ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​មានប្រសាសន៍​ថា​៖ «​ក្នុងនាម​យើង​ជា​យុទ្ធជន​ប្រឆាំង​ជាមួយ​បទល្មើស​គ្រឿងញៀន ក្នុងនាម​យើង​ជា​អ្នកអនុវត្ត​ច្បាប់ យើង​ត្រូវ​ស្វែងយល់​អំពី​សភាពការណ៍​ពាក់ព័ន្ធ​បរទេស ពាក់ព័ន្ធ​អន្តរជាតិ តំបន់ ពិសេស​ពាក់ព័ន្ធ​ប្រទេស​កម្ពុជា​យើង​» ។

លោក​បាន​បន្តថា ក្នុង​ស្ថានភាព​ដែល​ពិភពលោក ក៏​ដូច​កម្ពុជា​បាននិងកំពុង​ជួប​ប្រឈម​នូវ​វិបត្តិ​នៃ​ជំងឺឆ្លង Covid-19 នោះ​សកម្មភាព​សេដ្ឋកិច្ច​មួយចំនួនធំ​ត្រូវបាន​ផ្អាក​សកម្មភាព​ផលិតកម្ម និង​សេវាកម្ម ប៉ុន្តែ​ផ្ទុយទៅវិញ ក្នុង​រយៈពេល​ដូចគ្នានេះ និន្នាការ​ផលិត ចរាចរ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅលើ​សកលលោក នៅតែ​បន្ត​កើនឡើង​ឥតឈប់ឈរ​។ នៅក្នុង​វិធានការ​ជា​បន្តបន្ទាប់​ទៅមុខទៀត លោក​ ម៉ក់ ជីតូ បាន​ជំរុញ​ឱ្យកម្លាំង​សមត្ថកិច្ច​ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​រួមទាំង​បញ្ញើ​ប្រៃសណីយ៍​ឱ្យបាន​ហ្មត់ចត់​ និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់​ និង​បង្ក្រាប​ការនាំ​ចូល​គ្រឿងញៀន​ខុសច្បាប់​។ ពង្រឹង​វិធានការ​គ្រប់គ្រង​ត្រួតពិនិត្យ​ការនាំ​ចូល និង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ ដោយ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ទៅតាម​វិធាន​បច្ចេកទេស​ និង​ត្រូវ​ដក​ពិសោធ ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​សំដៅ​បង្ការ​មិនឱ្យ​សារធាតុ​គីមី​ផ្សំ​ធ្លាក់​ក្នុង​ដៃ​ឧក្រិដ្ឋជន យក​ទៅ​កែច្នៃ​ធ្វើជា​សារធាតុ​ញៀន​ជាដាច់ខាត និង​ត្រូវ​បន្ត​លើកកម្ពស់​គុណភាព​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ប្រតិបត្តិការ​ស៊ើបអង្កេត​ប​ទ​ល្មើស​គ្រឿងញៀន និង​សម្អាត​ប្រាក់​ជាដើម​។

លើសពីនេះ លោក​ក៏បាន​ជំរុញ​ឱ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​គឿង​ញៀន​អង្គការ​អន្តរជាតិ​ជាពិសេស​ជាមួយនឹង​បណ្តា​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា មានដូចជា​ថៃ វៀតណាមឡាវ​៕

វីដេអូ៖