កំពង់ឆ្នាំង/បាត់ដំបងៈ ​អាជ្ញាធរខេត្ត​ជុំវិញ​បឹង​ទន្លេសាប​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ការបង្ក្រាប​បទល្មើស​ជលផល​ដល់​ប្រជាសហគមន៍​នេសាទ និង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​។

ជាក់ស្ដែង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ពីថ្ងៃ​ទី​ ២៨ ខែមីនា បាន​ចុះបង្ក្រាប​ចាប់​ជនសង្ស័យ​ក្នុង​បទល្មើស​ជន​ផល​ម្នាក់ទៀត​ដល់​លំនៅឋាន បន្ទាប់ពី​ជនសង្ស័យ​លួច​ឆ្មក់​ប្រព្រឹត្ត​បទល្មើស​នេសាទ ដោយ​ប្រើប្រាស់​កាណូត​ល្បឿន​លឿន និង​ឧបករណ៍​ឆក់​ត្រី រួមជាមួយ​អួន​ក្រឡា​ល្អិត​ខុសច្បាប់ ក្នុង​ភូមិសាស្ត្រ ភូមិ​ចុងកោះ និង ភូមិ​កណ្ដាល​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​បាន​ព្យាយាម​បើក​គេចខ្លួន​។ នេះ​បើតាម លោក​ តាត សីហាក់ មន្ត្រីរដ្ឋបាល​ជលផល ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ​។ ក្រោម​ការសម្របសម្រួល​ផ្នែក​ច្បាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ជនសង្ស័យ​ឈ្មោះ ឈឿង រដ្ឋា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ មាន​លំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ម៉ោង ១១:៣០ ​នាទី​ព្រឹក ថ្ងៃទី ២៨ ខែមីនា​។

លោក​ថា​៖ «​ជនសង្ស័យ​រូបនេះ​ជា​មុខសញ្ញា​ចាស់​ដែល​តែងតែ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍​ឆក់​នាពេល​កន្លងមក​។ នៅពេល​ចុះបង្ក្រាប​ចាប់​ជនសង្ស័យ​សមត្ថកិច្ច​យើង​ក៏បាន​ចាប់​រឹបអូស​វត្ថុតាង រួមមាន​ម៉ាស៊ីន​ឆក់​ត្រជាក់ ១ ​គ្រឿង និង​កាណូត​បាឡាស្មាច់ បំពាក់​ដោយ​ម៉ាស៊ីន​ ៦ ​សេះ​ល្បឿន​លឿន​ ១ ​គ្រឿង​ផងដែរ​»​។

បើតាម​លោក​ សីហាក់ ចាប់​តាំងពី​មាន​បទបញ្ជា​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​ជលផល​ឱ្យអស់ ដោយ​ប្រើ​គ្រប់​លទ្ធភាព និង​មធ្យោបាយ ដើម្បី​សង្គ្រោះ​ធនធាន​មច្ឆជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​មក កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាលខេត្ត​កំពង់​ឆ្នាំ បាន​បង្ក្រាប​ចាប់​ជន​-​សង្ស័យ​ក្នុង​បទល្មើស​នេសាទ​បាន​ចំនួន​ ៣​ នាក់​ហើយ​។ ពួកគេ​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​នាំយកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដោយ​ចោទប្រកាន់​តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្ដីពី​ជលផល​។

ចំណែក​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅពី​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅតាម​ដង​ទន្លេ ស្ទឹង ព្រែក ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​ដំបូង​នេះ អាជ្ញាធរ​បានប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រជានេសាទ​ទាំងអស់​ត្រូវ​បង្ហាញខ្លួន​ និង​ប្រគល់​ឧបករណ៍​ឆក់​បែប​ទំ​ទើប​ទាំងអស់​ទៅ​មន្ត្រី​ជំនាញ​។

លោក​បន្តថា​៖ «​រហូតមកដល់​ពេលនេះ ប្រជានេសាទ​ចំនួន​ ៣ ​ស្រុក​បាន​សហការ​ និង​ប្រគល់​ឧបករណ៍​ឆក់​ចំនួន​ ៣០៨​ គ្រឿង មកដល់​មន្ត្រី​ជំនាញ​»​។

នៅ​ទី​ ២៩ ​មីនា លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ លោក​កំពុង​បន្ត​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង ចុះ​ពិនិត្យ​ស្ថានភាព និង​ពង្រឹង​ការបង្រាប​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ ស្រុក​សង្កែ និង​ស្រុក​ឯកភ្នំ ដោយមាន​ការរុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន​។ ប៉ុន្តែ​មិនមាន​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​ណា​ម្នាក់​នោះទេ​។ លោក​ថ្លែងថា​៖ «​នៅ​ខេត្ត​បាត់ដំបង​មិនមាន​បទល្មើស​នេសាទ​ជា​ដុំកំភួន​នោះឡើយ​»​។

ទោះយ៉ាងណា​លោក សុខ លូ បានដាក់​បទបញ្ជា​ឱ្យ​កងកម្លាំង និង​មន្ត្រី​គ្រប់​មន្ទីរ អង្គភាព ក្រោម​ចំណុះ​រដ្ឋបាល​ខេត្តបាត់ដំបង រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាសហគមន៍​នេសាទ​ចុះ​ស្រាវជ្រាវ​កំណត់​ទីតាំង មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បី​ឈានដល់​ការបង្ក្រាប​ចាប់​ជនល្មើស​ឱ្យបាន​ទាន់ពេលវេលា និង​ដោយ​គ្មាន​ការលើកលែង​។ លោក​ថា​៖ «​យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ដ្រ​របស់​យើង​ឱ្យបាន​ទោះបី​បទល្មើស​នោះ​មាន​ទ្រង់ទ្រាយ​ធំ​ ឬ​តូច​ក៏ដោយ​»​។

ទន្ទឹមនឹងនេះ​លោក​បាន​ប្រាប់​ដល់​មន្ដ្រី​ដែល​ធ្លាប់​មាន​ការពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ត្រូវ​ប្រញាប់​ដក​ខ្លួន​ចេញ​ជាបន្ទាន់ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​ច្បាប់​ដោយ​មិនត្រូវ​មាន​ការលើកលែង​ជាដាច់ខាត​។

ស្រដៀង​គ្នា​នេះ លោក តេង ច័ន្ទណាត ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ២៧ ខែមីនា ក្រុមការងារ​ច្រមុះ​ថ្នាក់ជាតិ​បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​ក្នុង​តំបន់​អភិរក្ស​ចំនួន ​២ ​កន្លែង​ ដើម្បី​ដាក់​កម្លាំង​ថ្នាក់ជាតិ​ប្រចាំការ​នៅ​ទីនោះ និង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​បោសសម្អាត​បទល្មើស​ជលផល​នៅលើ​បឹង​ទន្លេសាប​ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​ទាំងអស់​តែម្ដង​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅថ្ងៃនោះ​យើង​មិនបាន​ចុះបង្ក្រាប​បទល្មើស​អី​ទេ គ្រាន់តែ​មើល​ទីតាំង​ក្នុង​តំបន់​អភិរក្ស​ទាំងមូល​នៃ​ខេត្តសៀមរាប​។ នៅថ្ងៃនេះ កម្លាំងចម្រុះ​ថ្នាក់​ខេត្ត​បាន​បន្ត​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ជនប្រព្រឹត្ត​បទល្មើស ឬ​អ្នកពាក់ព័ន្ធ​យកលុយ​យក​កាក់​ពី​បទល្មើស ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​»​។

យោង​មាត្រា​ ៩៨ នៃ​ច្បាប់​ស្ដីពី​ជលផល ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ប្រើ​ឧបករណ៍​ឆក់ និង​ស្បៃ​មុង​គ្រប់​ប្រភេទ​ខុសពី​ច្បាប់​កំណត់ ត្រូវ​ផ្ដទ្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៣​ ឆ្នាំទៅ ​៥ ​ឆ្នាំ ខណៈ​មាត្រា​ ១០១​ នៃ​ច្បាប់​នេះ​បាន​កំណត់ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ដោយ​ប្រើ​មង​ ឬ​អួន​គ្រប់​ប្រភេទ ដែលមាន​ក្រឡា​តូច​ជាង​ ១ ​សង់ទីម៉ែត្រ ក្នុង​ដែន​ទឹកសាប​ត្រូវ​ផ្ដទ្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១​ ខែ​ទៅ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១​ លាន​រៀល​ទៅ​ ៥ ​លាន​រៀល​។

ចំណែក​មាត្រា​ ១០២​ នៃ​ច្បាប់​នេះ ចែងថា ប្រសិនបើ​សកម្មភាព​បទល្មើស​នោះ​ប្រព្រឹត្តឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល និង​មន្ត្រី​អាជ្ញាធរ​ផ្សេងទៀត​ដោយបាន​អន្តរាគមន៍​ដោយផ្ទាល់​ ឬ​ប្រយោល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំទៅ​ ៣​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥​ លាន​រៀល​ទៅ​ ៥០ ​លាន​រៀល​៕