ភ្នំពេញៈ វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ជាង ​១,៥ ​លាន​ដូស​ក្នុងចំណោម​ ៥ ​លាន​ដូស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ផ្តល់ជូន​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​បាន​ដឹក​មកដល់​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​ ២៩ ខែមីនា រីឯ​នៅសល់​ប្រមាណ​ជា​ ៣,៥​ លាន​ដូស​ទៀត ត្រូវ​ដឹក​មកដល់​នៅ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២២​នេះ​។

វ៉ាក់សាំង ​៥​ លាន​ដូស​នេះ​ជា​ចំណែក​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន​ ២០ ​លាន​ដូស​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង បាន​សន្យា​ផ្តល់​មកដល់​ប្រទេស​កម្ពុជា​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ក្នុងពេល​លោកស្រី​ចុះទៅ​ទទួល​វ៉ាក់សាំង​នេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ ៥​ លានដូស​ក្នុង​ជំហាន​ទី ​១​ ហើយ​នៅសល់​ ១៥ ​លាន​ដូស​ទៀត​ខាង​ក្រសួង​នឹង​ពិភាក្សាគ្នា​ថា តើ​នឹង​អាចមាន​តម្រូវការ​នៅពេលណា​។

លោកស្រី​មានប្រសាសន៍ថា​៖ «​នៅពេលដែល​កម្ពុ​ជាមាន​តម្រូវការ​វ៉ាក់សាំង​ទៀត ភាគី​ចិន​នឹង​ចាត់ចែង​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ដែល​នៅសល់​ ១៥​ លាន​ដូស​នេះ តាម​តម្រូវការ​របស់​យើង​។ យើង​អាច​នឹង​ស្នើ​ចិន​ដឹក​វ៉ាក់សាំង​ដែលជា​ជំហាន​ទី​ ២ ​នៅក្រោយ​ខែកញ្ញា ដោយសារតែ​យើង​នឹង​ទទួល​វ៉ាក់សាំង​បន្ថែមទៀត​ពី​យន្តការ​កូវ៉ាក់​ចំនួន ​៧,៥​ លាន​ដូស​ចាប់ពី​ដើមខែ​មេសា ដល់​ចុងខែ​កញ្ញា​»​។

ទាក់ទង​នឹង​ការទទួល​វ៉ាក់សាំង​នេះ​យ៉ាងណា​ទៀត​នោះ លោកស្រី​បាន​បញ្ជាក់ថា ក្រុមការងារ​នឹង​ពិភាក្សា​បន្ថែមទៀត​ជាមួយ​នឹង​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ទៀត​។

លោកស្រី​ យក់ សម្បត្តិ បាន​ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជំរុញ​ឱ្យមាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​កុមារ​ដែលមាន​អាយុ​ពី​ ៣ ​ទៅ​ ៥ ​ឆ្នាំ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​ឆ្លង ឈឺ និង​ការបាត់បង់​ជីវិត​ផងដែរ​ពី​វីរុស​កូវីដ​ ១៩​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​សំខាន់​ណាស់​ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា ជាពិសេស​បងប្អូន​ជនជាតិ​បរទេស​នៅ​កម្ពុជា​បាន​រួច​ផុតពី​ការឆ្លង ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផងដែរ​»​។

ប្រទេស​ចិន​ជា​ប្រទេសមួយ​ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​​កូវីដ​ ១៩ ​ដល់​ប្រទេស​កម្ពុជា ដោយ​បូករួម​ជាមួយនឹង​វ៉ាក់សាំង​ ២០ ​លាន​ដូស​នេះ​ទៀត ចិន​បានផ្តល់​ជំនួយ​សរុប​ចំនួន​ជាង​ ២៨ ​លាន​ដូស​ហើយ ហើយ​កម្ពុជា​ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ជាង ​២៨ លាន​ដូស​ផ្សេងទៀត​ផងដែរ​។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​រូបនេះ​បាន​បន្ថែមថា​៖ «​ខ្ញុំ​គិតថា មិនមាន​ប្រទេស​ណា​ដែល​ផ្តល់​វ៉ាក់សាំង​មក​ប្រទេស​កម្ពុជា​ច្រើន​ដូច​ប្រទេស​ចិន​នោះទេ ប៉ុន្តែ​ជាមួយគ្នានេះ​យើង​ក៏បាន​ធ្វើការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ដូចជា យន្តការ​កូវ៉ាក់ ប្រទេស​អូស្ត្រាលី ប្រទេស​ប៉ូឡូញ សហរដ្ឋអាមេរិក ប្រទេស​ហុងគ្រី និង​ប្រទេស​អ៊ីតាលី​ដែល​នឹង​ផ្តល់​វ៉ាក់សាំង​មក​កម្ពុជា​ចំនួន​ ១​ លាន​ដូស​ផងដែរ​នៅ​ថ្ងៃទី​ ៦ ខែមេសា ខាងមុខនេះ​»​។

មន្ត្រី​នៃ​ស្ថាតទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះទៅ​ទទួល​វ៉ាក់សាំង​នា​ព្រឹក​ថ្ងៃទី​ ២៩ ​ខែមីនា ដែរនោះ បាន​លើកឡើង​ថា ភាគី​ចិន​នឹង​បន្ត​ជំរុញ​ធ្វើយ៉ាងណា​ផ្តល់​វ៉ាក់សាំង​មក​ប្រទេស​កម្ពុជា​ឱ្យបាន​ទាន់ពេលវេលា​ទៅតាម​តម្រូវការ​សម្រាប់​ការចាក់​ជូន​ប្រជាពលរដ្ឋ​។

លោក​បាន​ប្រាប់ថា​៖ «​ចិន​និង​កម្ពុជា​គឺជា​មិត្ត​ដែកថែប និង​ជា​មិត្ត​គ្រប់​រដូវកាល ដូចនេះ​បើ​ខាង​ភាគី​កម្ពុជា​ត្រូវការ​ជំនួយ​ពី​ខាង​ចិន យើង​នឹង​ខិតខំ​ក្នុង​ការជួយ​កម្ពុជា​ផងដែរ​»​។

មន្ត្រី​រូបនេះ​បាន​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរឱ្យ​កត់សម្គាល់​ពី​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ហើយ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​មាន​តួលេខ​ខ្ពស់​ជាងគេ​មិនមែន​ត្រឹម​ក្នុង​តំបន់​នោះទេ តែ​ក៏មាន​តួលេខ​ខ្ពស់​នៅក្នុង​ពិភពលោក​ផងដែរ​។

គួរ​បញ្ជាក់ថា លោក ស៊ី ជីនភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន​ ២០ ​លាន​ដូស​មកដល់​កម្ពុជា​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៨ ខែមីនា កន្លងទៅនេះ​។

លោក​ ហ៊ុន សែន បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក នៅ​ថ្ងៃទី​ ២៩ ខែមីនា ថា ប្រទេស​ចិន គឺជា​អ្នក​ដែល​បាន​ជួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដំបូង​គេ​មកកាន់​ប្រទេស​កម្ពុជា​។ ​ក្នុងនោះ​វ៉ាក់សាំង​ជំនួយ​ចំនួន ៦០​ ម៉ឺន​ដូស​ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

លោក​បាន​បន្តថា​៖ «​ដើម្បី​គាំទ្រ​កម្ពុជា​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ និង​ការពារ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា​ពី​ជំងឺ​រាតត្បាត​សកល​មួយ​​នេះ ប្រទេស​ចិន​បាន​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​ផងដែរ​។ ​មកដល់​ពេលនេះ ចិន​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​មកកាន់​កម្ពុជា​សរុប ២៨ ៧២៤ ៨០០ ​ដូស ក្នុងនោះ ២០ ​លាន​ដូស​ជា​ជំនួយ​ថ្មី​»​។

មកទល់​ពេលនេះ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​ ៣ ​ឆ្នាំ​ឡើង​បាន​រហូតដល់​ជាង ៩២ ​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។

លទ្ធផល​ដ៏ល្អប្រសើរ​លើ​ការចាក់​វ៉ាក់សាំង​នេះ ដោយសារ​កម្ពុជា​បាន​យក​វ៉ាក់សាំង​ចិន ធ្វើជា​បង្អែក​នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា តាមរយៈ​ជំនួយ​វ៉ាក់សាំង​ទាំងអស់​បានរួម​ចំណែក​សំខាន់​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ឈាន​ទៅដល់​ការបើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ​ក្នុង​ប្រក្រតីភាព​ថ្មី​៕