
លោក ស៊ុន ចាន់ថុល និងមន្ត្រីជំនាញចុះពិនិត្យផ្លូវកំពត-វាលរេញពីថ្ងៃទី ២៩ មីនា។ រូបថត ក្រសួងសាធារណការ
កំពតៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវ (កំពត-វាលរេញ) ប្រវែង ២០ គីឡូម៉ែត្រឱ្យមានភាពប្រសើរជាងមុនដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិន ខណៈកំពុងរង់ចាំប្រាក់កម្ចីសម្បទានពីភាគីចិន ដែលផ្លូវនេះត្រូវការថវិកាពី ៦០ ទៅ ៧០ លានដុល្លារ ទើបអាចស្ថាបនាបានឱ្យស្របទៅតាមស្តង់ដាបច្ចេកទេស។
ក្នុងអំឡុងពេលដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) កាលពីថ្ងៃទី ២៩ ខែមីនា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានដាក់លិខិតជាលាយលក្ខណ៍អក្សរទៅមិត្តចិនឱ្យជួយជាប្រាក់កម្ចីសម្បទាន សម្រាប់សាងសង់ផ្លូវ ២០ គីឡូម៉ែត្រនេះរួចហើយ។
លោកថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសម្បទាន មកសាងសង់ផ្លូវ ២០ គីឡូម៉ែត្រនេះ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើលិខិតជាលាយលក្ខណ៍អក្សរទៅស្ថានទូតចិនហើយ ដើម្បីស្នើសុំថវិកា អ៊ីចឹងយើងរង់ចាំថវិកាជាផ្លូវការពីមិត្តចិន ជាប្រាក់កម្ចី ដើម្បីយកមកសាងសង់ផ្លូវនេះតាមលក្ខណៈបច្ចេកទេស»។
លោកបន្តថា ទន្ទឹមនឹងការរង់ចាំនេះ ក្រសួងក៏មិនព្រងើយកន្តើយ ចំពោះផ្លូវនេះដែរ ខណៈក្រសួងកំពុងរកប្រភពថវិកាដើម្បីជួសជុលផ្លូវនេះឱ្យប្រសើរឡើងជាបណ្តោះអាសន្ន និងស្នើសុំការយោគយល់ពីអ្នកដំណើរផងដែរ។
លោកថា៖ «ប៉ុន្តែមុននឹងទទួលថវិកានេះ ផ្លូវខូច សម្បុកមាន់ច្រើន ដែលមានការលំបាកវេទនាក្នុងការធ្វើដំណើរ ជាពិសេសពេលរដូវភ្លៀង ហើយឥឡូវនេះ ផ្លូវជាតិលេខ ៤ កំពុងតែពង្រីក អ៊ីចឹងមានការកកស្ទះ ហើយមានការបង្វែរចរាចរណ៍ពីផ្លូវជាតិលេខ ៤ មកផ្លូវលេខ ៣ សិន អ៊ីចឹងធ្វើឱ្យកំណើនការធ្វើចរាចរណ៍ ផ្លូវកំពត វាលរេញ ច្រើន»។
លោកបន្តថា៖ «អ៊ីចឹងដំណោះស្រាយបញ្ហានេះ ខ្ញុំកំពុងប្រឹងប្រែងរកប្រភពថវិកា ដើម្បីមកជួយសម្រួលឱ្យធ្វើចរាចរណ៍ស្រួលជាងមុន ប៉ុន្តែមិនមែនធ្វើជាលក្ខណៈបច្ចេកទេសទេ គឺធ្វើបណ្តោះអាសន្ន កុំឱ្យវាពិបាកពេក ២០ គីឡូម៉ែត្ររហូតដល់ការសាងសង់តាមលក្ខណៈបច្ចេកទេសដែលមានភាពរឹងមាំ និងជាប់បានយូរ»។
លោក ចាន់ថុល បានបង្ហើបឱ្យដឹងថា តាមការសិក្សា ដើម្បីធ្វើផ្លូវប្រវែង ២០ គីឡូម៉ែត្រនេះឱ្យបានរឹងមាំ និងស្របតាមបច្ចេកទេសគ្រោងចំណាយថវិកាសរុបប្រមាណពី ៦០ ទៅ ៧០ លានដុល្លារអាមេរិក។ ផ្លូវ ២០ គីឡូម៉ែត្រនេះ មានបញ្ហាច្រើនណាស់ ធ្វើមិនដែលបានជាប់ទេតាំងពីដើមមកដោយសារផ្លូវនេះមិនបានសិក្សាឱ្យបានល្អិតល្អន់ឱ្យស្របតាមលក្ខណៈបច្ចេកទេសព្រោះនៅតំបន់នោះមានដីស្អុយខាងក្រោមរហូតដល់ ១៨ ម៉ែត្រ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងផ្លូវ ២០ គីឡូម៉ែត្រនេះ យើងបែងចែកជា ២ ពីផ្លូវជាតិលេខ ៤ មកប្រវែងមាន ៥ គីឡូម៉ែត្រ គីដីស្អុយរហូតដល់ ១៨ ម៉ែត្រ ខាងក្រោម ដូច្នេះដើម្បីធ្វើឱ្យបានជាប់ យើងវ៉ៃសសរគ្រឹះឱ្យទៅដល់ដីដែលស្អុយ ១៨ ម៉ែត្រ។ ១៥ គីឡូម៉ែត្រទៀត យើងត្រូវពង្រឹងគ្រឹះវា ដល់ចប់អស់ហើយ ទើបផ្លូវនេះវាលែងស្រុត បើមិនអ៊ីចឹងទេ ទោះយើងយកថវិកាមកធ្វើល្អបាន ១ ឆ្នាំ វាស្រុតទៅវិញ ដូច្នេះយើងបានឱ្យក្រុមហ៊ុនចិនសិក្សាអំពីលទ្ធភាពធ្វើផ្លូវនេះឱ្យបានរឹងមាំ កុំឱ្យស្រុតទៀត»។
បើតាមលោក ស៊ុន ចាន់ថុល ផ្លូវនេះ ធ្លាប់បានធ្វើ ៤ ដងរួចមកហើយ ប៉ុន្តែនាពេលនោះមិនបានសិក្សានៅតំបន់ភូមិសាស្ត្រឱ្យបានត្រឹមត្រូវ ខណៈថវិកាសាងសង់ផ្លូវពេលនោះ មានចំនួនប្រមាណជិត ២០ លានដុល្លារប៉ុណ្ណោះ។
លោកបន្តថា ក្រសួងក៏បានសិក្សាលទ្ធភាពក្នុងការធ្វើផ្លូវវាង ឬដូរផ្លូវនេះដែរ ប៉ុន្តែមិនអាចទៅរួចនោះទេ ដោយសារតំបន់ប្រវែង ២០ គីឡូម៉ែត្រនេះ សុទ្ធតែដីស្អុយ ដូច្នេះមានតែខិតខំរកថវិកា ដើម្បីបន្តធ្វើផ្លូវនេះដដែល។ បន្ថែមពីនេះ លោកបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនកុំឱ្យដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ដែលធ្វើឱ្យផ្លូវឆាប់ខូចទូទាំងប្រទេស ខណៈលោកសង្កត់ធ្ងន់ថា រថយន្តដែលដឹកលើសទម្ងន់ប្រឈមនឹងការឃាត់ទុក ១ ឆ្នាំ និងរងការផាកពិន័យជាដាច់ខាត ដោយមិនលើកលែងឡើយ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះចាប់បានប្រមាណ ១៦០ គ្រឿងទៀតហើយ ក្នុងនោះដឹកលើសទម្ងន់ជាង ១០ ភាគរយ ហើយលើសពី ១០ ភាគរយទៅឃាត់ទុក ១ ឆ្នាំ រើឥវ៉ាន់ចេញ និងផាកពិន័យ។ អ៊ីចឹងទោះមានសំណូមពរឱ្យខ្ញុំលែង ក៏ខ្ញុំអត់មានសិទ្ធិអំណាចលែងរថយន្តដែលល្មើសច្បាប់នោះដែរគឺ ត្រូវតែរក្សាទុក ១ ឆ្នាំ អ៊ីចឹងអត់មានអន្តរាគមន៍ដោះលែងឡាននោះទេ» ។ សូមជម្រាបថា សម្រាប់ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) មានចម្ងាយ ៥៤ គីឡូម៉ែត្រ ក្នុងនោះ ធនាគារពិភពលោកបានផ្តល់ថវិកា ដើម្បីស្តារផ្លូវនេះ និងធ្វើបានល្អរឹងមាំបានចំនួន ៣៤ គីឡូម៉ែត្រ៕