ភ្នំពេញៈ ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ​) ​បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ពង្រឹង​វិធានការ​សន្តិសុខ ការពារ​រាល់​ព្រឹត្តិការណ៍​នយោបាយ ទប់ស្កាត់​រាល់​ការប៉ុនប៉ង​ណាមួយ​មកលើ​ដំណើរការ​បោះឆ្នោត​ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កើតឡើង​។

ក្នុង​កិច្ចប្រជុំ​លេខាធិការដ្ឋាន​​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការបោះឆ្នោត​ (​គ.ស.អ​) ​កាលពី​ថ្ងៃទី​ ២៨ ខែ​​មីនា លោក នេត សាវឿន ថ្លែងថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​ខ្ពស់​ជាងគេ​នៅ​រាជធានី ខេត្ត​របស់​ខ្លួន ក៏ដូចជា ការទទួល​ខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​អំពី​កិច្ចការ​រៀបចំ​ការបោះឆ្នោត​ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន គឺ​ត្រូវ​ប្រើប្រាស់​កម្លាំង​ទាំងអស់ ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិយាកាស​សង្គម ដំណើរការ​បោះឆ្នោត​ឱ្យបាន​ដោយ​ជោគជ័យ​។

លោក​បន្តថា ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត កងរាជអាវុធហត្ថ បញ្ជាការដ្ឋាន​តំបន់សឹករង និង​ជាមួយ​កម្លាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដើម្បី​ធ្វើជា​សេនាធិការ​ជូន​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​នៅតាម​រាជធានី ខេត្ត​។ តួនាទី​ស្នងការ​នគរបាល​រាជធានី ខេត្ត ត្រូវ​រៀបចំ​ធ្វើ​ផែនការ​ជាក់លាក់​ ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​រាជធានី ខេត្ត​របស់ខ្លួន​ឱ្យបាន​បន្ទាន់​។

បើតាម​លោក នេត សាវឿន គ្រប់​ស្នងការ​នគរបាល​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ផែនការ​ពង្រាយ​កម្លាំង​បញ្ជូន​ទៅដល់​ស្រុក​ឃុំ និង​ប្រមូល​កម្លាំង​ប្រជាការពារ​ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិការ​បោះឆ្នោត​នេះ​។ ​ទន្ទឹម​​នោះ​ក៏ត្រូវ​ត្រៀមកម្លាំង​សម្រាប់​ជំនួស​នៅតាម​ការិយាល័យ​បោះឆ្នោត​ផងដែរ ខណៈ​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ​មិនទាន់បាន​ធូរស្រាល​នៅឡើយ​នោះ​។

លោក​ នេត សាវឿន ថ្លែងថា​៖ «​គោលបំណង​របស់​យើង គឺ​ធានា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយ​ត្រូវ​ធានា​បរិយាកាស​ស្ងប់ស្ងាត់ គ្មាន​ការ​គំរាមកំហែង គ្មាន​ការបំភិតបំភ័យ​ និង​គ្មាន​អំពើហិង្សា អព្យាក្រឹត​សេរី ត្រឹមត្រូវ យុត្តិធម៌​សុវត្ថិភាព​គ្រប់​គោលដៅ​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ ខែមីនា​នេះ​ថា លោក​មិនអាច​ប្រាប់​ពី​ចំនួន​កងកម្លាំង​ដែល​ត្រូវការពារ​ក្នុងអំឡុង​ពេល​រៀបចំ​ការបោះឆ្នោត​បានទេ ព្រោះ​វា​ជាការ​សម្ងាត់​របស់​កងកម្លាំង ក៏ប៉ុន្តែ​លោក​ថា ជាគោលការណ៍ គឺ​កងកម្លាំង​នឹង​ការពារ​នៅតាម​គោលដៅ​អាទិភាព​ដូចជា ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ស្នាក់ការ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ​(​គធ.ខប​) ស្នាក់ការ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ (​គឃ.សប​) ការិយាល័យ​ពិនិត្យ​បញ្ជី​ឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​,​ការដឹកជញ្ជូន​ឧបករណ៍​សម្ភារ​ឯកសារ​បោះឆ្នោត សន្លឹកឆ្នោត និង​កន្លែង​ទុក​សន្លឹកឆ្នោត​។

លោក​បន្តថា ជាមួយ​គ្នានេះ​កងកម្លាំង​ក៏ត្រូវ​យកចិត្ត​ទុកដាក់​​ការពារ​មុខសញ្ញា​សំខាន់ៗ​ផងដែរ ក្នុងនោះ​គឺ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ឥស្សរជន​ជាន់ខ្ពស់​នយោបាយ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រួមជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ​ការងារ​បោះឆ្នោត​ទាំងអស់​។

លោក​ថា​៖ «​ក្រៅពី​ការបោះឆ្នោត​យើង​មាន​ជា​ផែនការ​ទូទៅ​ដែលជា​ផែនការ​គាំទ្រ ផែនការ​អន្តរ​ស្ថាប័ន បានន័យថា គ្រប់​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​តម្រូវឱ្យ​ពង្រឹង​សន្តិសុខ​នៅក្នុង​រាជធានី​ខេត្ត​សាមី​។ ​អានេះ​ជា​ផែនការ​ទូទៅ​ដែល​យើង​ធ្វើ​ ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ និង​រៀបចំ​ការ​ផែនការ​បោះឆ្នោត​»​។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ថា ទាក់ទង​កម្លាំង​សន្តិសុខ​បោះឆ្នោត​នេះ គ.ជ.ប ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដាក់​តាម​ការិយាល័យ​បោះឆ្នោត​ដែលមាន​ចំនួន​ជាង ២៣ ៦០០ ​ការិយាល័យ​ប៉ុណ្ណោះ ដោយ​ក្នុង​ ១ ​ការិយាល័យ​មាន ភ្នាក់ងារ​សន្តិសុខ​ ៣ ​នាក់ ដោយ​​មា្នក់​ចល័ត​ជុំវិញ​បរិវេណ​​ការិយាល័យ និង​ ២ ​នាក់​ទៀត​ចល័ត​នៅ​ខាងក្រៅ​បរិវេណ​ការិយាល័យ​។

លោក​បន្តថា ក្រៅពីនេះ​ក៏​នឹង​ការពារ​នៅ​ទីស្តីការ គ.ជ.ប នៅ​រាជធានី​ភ្នំពេញ គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ចំនួន​ ២៥ រាជធានី​-​ខេត្ត និង​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត មាន​ចំនួន​ ១ ៦៥២ ​ឃុំ​-​សង្កាត់​។

ជាមួយ​គ្នានេះ​ក្រុង​ស្រុក​-​ខណ្ឌ ក៏​ជា​គោលដៅ​ដែល​ត្រូវមាន​កម្លាំង​ការពារ​ដែរ ប៉ុន្តែ​រចនាសម្ព័ន្ធ​ គ.ជ.ប អត់​មាននៅ​ក្នុងស្រុក​ខណ្ឌ​នោះទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់​ប្រដាប់អាវុធ ដើម្បី​ចាំ​ជួយ​អន្តរាគមន៍​។

លោក​ថ្លែងថា​៖ «​ការិយាល័យ​បោះឆ្នោត ២៣ ៦០០​ នេះ គឺជា​គោលដៅ​សំខាន់​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​​ការការពារ និង​ចាត់​ឱ្យមាន​សន្តិសុខ​បោះឆ្នោត ដើម្បី​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ ទាក់ទង​នឹង​បញ្ហា​នេះ ជា​ទៀងទាត់​នៅមុន​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត គ.ជ.ប គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ​) តែងតែ​ប្រជុំពិភាក្សា​លើកឡើង​ពី​វិធានការ​នានា​ពាក់ព័ន្ធ​ទៅនឹង​ការពារ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ នៅពេល​បោះឆ្នោត​»៕