ព្រះសីហនុៈ អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​កំពុង​បន្ត​អនុវត្ដ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យ​ស្របតាម​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព ខណៈ​ចាប់ពី​ឆ្នាំ​ ២០០៣​ មកដល់​បច្ចុប្បន្ន ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ធ្វើបាន ១០៨ ៨៩៧ ​ក្បាលដី​។

កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ (​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​) នៅ​ភូមិ​ ១ ភូមិ​ ២ និង​ភូមិ​ ៣ សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​។ ពិធី​នេះ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាល​ស្តីទី​ក្រុង​ព្រះសីហនុ នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​លេខ​ ១​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៩ ​មីនា​ថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ ​១ ភូមិ ២ និង​ភូមិ​ ៣ សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​នេះ សរុប​មាន​ប្រមាណ​ជាង ១០ ០០០ ​ក្បាលដី​។ លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បែបនេះ​នៅ​ទូទាំង​ភូមិសាស្ដ្រ​ខេត្ដ គឺ​ធ្វើតាម​ផែនការ និង​ដំណាក់កាល​មិនអាច​ធ្វើ​ម្តង​ទូទាំង​ខេត្ត​នោះទេ​»​។

លោក​បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០០៣ រហូតមកដល់​បច្ចុប្បន្ន រដ្ឋបាល​ខេត្ដ​បាន​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ជា​លទ្ធផល​ប្រមូល​ទិន្នន័យ​បាន ១០៨ ៨៩៧ ​ក្បាលដី​សម្រេច​ចេញ​បណ្ណ​បាន​ចំនួន ៨៧ ៣២៧ ​បណ្ណ និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន ៧៨ ៤៨៩​ បណ្ណ​»​។

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​លើកឡើងថា ការចុះបញ្ជី​ដីធ្លី​នេះ គឺ​ត្រូវ​ចុះបញ្ជី​ទាំង​ដី​ឯកជន និង​ដី​រដ្ឋ ដែល​អនុវត្តតាម​នីតិវិធី និង​បច្ចេកវិទ្យា​ទំនើប តម្លាភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់ ដែល​ប្រទេស​ជឿនលឿន លើ​ពិភពលោក​គេ​កំពុង​អនុវត្ត ហើយ​មាន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ដីធ្លី ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

លោក​ថ្លែងថា​៖ «​ឯកសារ​ដែល​ភ្ជាប់​មកជា​មួយ​សម្រាប់​ចុះបញ្ជី​ដីធ្លី​នេះ រួមមាន​ដូចជា សំបុត្រកំណើត សំបុត្រ​បញ្ជាក់​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រ​បញ្ជាក់​មរណភាព និង​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​របស់ខ្លួន និង​សូមឱ្យ​ម្ចាស់​ដី​ទាំងអស់ មេត្តា​ចូលរួម​ដោយផ្ទាល់​ក្នុងការ​ចង្អុលបង្ហាញ និង​កំណត់​ព្រំ​នៃ​ក្បាលដី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់​»​។

លោក គួច ចំរើន បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ការកំណត់​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ភូមិ​ ១ ភូមិ ​២ និង​ភូមិ​ ៣ សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​ទន្ទឹង​រង់ចាំ​ជា​យូរ​មកហើយ និង​តប​តាម​ការ​សំណូមពរ​របស់លោក​ចៅ​សង្កាត់​លេខ ​១ ដែល​បានធ្វើ​កិច្ច​អន្តរាគមន៍​ជាច្រើនលើក​ច្រើនសា នៅពេល​ចូលរួម​ប្រជុំ និង​បាន​លើក​បញ្ហា​សំណូមពរ​ទាក់ទង​ការចុះបញ្ជី​ដីធ្លី​នៅ​សង្កាត់​លេខ​ ១ ជូន​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ចំណែក​ខ្ញុំ​ក៏​ធ្លាប់បាន​ដឹកនាំ​កិច្ចប្រជុំ​នានា​ជា​បច្ចេកទេស ក្របខ័ណ្ឌ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ដំណើរការ និង​ការវិវឌ្ឍ​នៃ​ស្ថានភាព​ដីធ្លី​ក្នុង​សង្កាត់​លេខ​ ១ ​នេះ និង​បាន​ចំណាយពេល​មិន​ក្រោម ២០ ​ដងនោះ​ទេ ដើម្បី​រិះរក​វិធី​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ឆាប់​ដើម្បី​បងប្អូន​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់​»​។

លោក គួច ចំរើន បញ្ជាក់ថា​៖ «​នៅពេល​ខាងមុខ​ទីក្រុង​របស់​យើង​កាន់តែ​រីកចម្រើន មនុស្ស​ស្នាក់នៅ​កាន់តែ​ច្រើន យើង​ខិតខំ​ធ្វើការ​អភិវឌ្ឍ​ក្រុង​របស់​យើង​បន្តទៀត​»​។

លោក​លើកឡើងថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ច្បាស់លាស់ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​តារារះ​នា​ទិសនិរតី ហើយ​រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មការ​បច្ចេកទេស​ជាច្រើន ដើម្បី​ជួយ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យមាន​ការរីកចម្រើន​។ គោលដៅ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ខេត្ដ គឺ​ចង់​ពង្រីក​ក្រុងព្រះសីហនុ​ឱ្យ​កាន់តែ​ធំ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ឱ្យ​កាន់តែ​ល្អប្រសើរ​៕