ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ជិត​ ៤៦ ០០០ ​នាក់ សម្រាប់​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន​នានា ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ជំនួយ​អ្នក​ចូលនិវត្តន៍​ឡើយ លើកលែងតែ​ក្រសួង​ស្ថាប័ន ដែលមាន​គោលការណ៍ ដោយឡែក​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​ ២៥ ​ខែមីនា ឆ្នាំ​ ២០២២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពីថ្ងៃ​ទី ២៩ ខែមីនា​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក ព្រុំ សុខា ជម្រាប​ដល់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​គ្រប់​ក្រសួង-​ស្ថាប័ន​ស្តីពី​គោលការណ៍​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​មន្ត្រី​ជាប់កិច្ចសន្យា និង​គ្រូបង្រៀន​ប្រភេទ​ផ្សេងទៀត​ជូន​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​សម្រាប់​ឆ្នាំ​ ២០២២​។

លោក ព្រុំ សុខា បាន​លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អនុញ្ញាតឱ្យ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ជំនួស​អ្នក​ចូលនិវត្តន៍​ឡើយ លើកលែង​​តែ​ក្រសួង​-​ស្ថាប័ន ដែលមាន​គោលការណ៍​ដោយឡែក​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ ​ក្នុងករណី​មាន​គោលការណ៍​អនុញ្ញាតឱ្យ​ជ្រើសរើស​ក្របខ័ណ្ឌ​បន្ថែម​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​មុខងារ​​សាធារណៈ​ស្នើឱ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​មាន​កិច្ចសហការ​សម្រាប់​ដំណើរការ​ជ្រើសរើស​ចាប់​តាំងពី​​ដំណាក់កាល​ដំបូង​រហូតដល់​ដំណាក់កាល​បញ្ចប់​។

មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ត្រូវ​ជ្រើសរើស​រហូតដល់ ៤៥ ៩៣១ នាក់ សម្រាប់​ ៣២ ​ក្រសួង ស្ថាប័ន ដែល​ក្នុងនោះ រួមមាន ព្រះបរមរាជវាំង ទីស្តីការ​គណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន ក្រសួងសុខាភិបាល ​ក្រសួងផែនការ ក្រសួង​អប់រំ ​យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងបរិស្ថាន និង​ស្ថាប័ន​ជាច្រើន​ទៀត​។

លោក ព្រុំ សុខា បានឱ្យដឹងថា​៖ «​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្តល់​គោលការណ៍​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​ ១៦ ៩៣២ ​នាក់​, មន្ត្រី​ឆ្មាំ​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ​ជាប់កិច្ចសន្យា​ចំនួន ២៥០​ នាក់​,​គ្រូបង្រៀន​ពុទ្ធិកសិក្សា​ជាប់កិច្ចសន្យា​ចំនួន​ ១ ៤៦២ អង្គ​/​នាក់​, គណៈ​គ្រប់គ្រង​ពុទ្ធិកសិក្សា​ចំនួន ៣៥២ អង្គ​/​នាក់​,​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ចំនួន ៩ ៨៩៦ ​នាក់​»​។

លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក៏បាន​យល់ព្រម​ជ្រើសរើស​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ខ្មែរ​-​អ៊ិស្លាម​ចំនួន​ ១៧៨​ នាក់​, គ្រូបង្រៀន​ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន ២ ៤៧២ ​នាក់​, គ្រូបង្រៀន​ ២ ​ថ្នាក់ ២ ​ពេល​ (២ ​វេន​) ​ចំនួន​ ១១ ៦៧១ ​នាក់​,​គ្រូបង្រៀន​ថ្នាក់​គួប​ ២ ​ចំនួន ២ ៥៩៨ ​នាក់ និង​គ្រូបង្រៀន​ថ្នាក់​គួប​ ៣ ​ចំនួន ១២០ ​នាក់​។

រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ផែនការ​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា ក្រសួង-​ស្ថាប័ន នីមួយៗ​ត្រូវ​រៀបចំ​តារាង​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​មក​ក្រសួង​មុខងារសាធារណៈ​ ដើម្បី​ទទួលស្គាល់ និង​បញ្ចូល​ការបែងចែក​ការប្រើប្រាស់​ជាក់ស្តែង​ទៅក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។

សម្រាប់​ក្រសួង-​ស្ថាប័ន​ដែល​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​នេះ​​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងតិច​ ១ ​សប្តាហ៍ ត្រូវធ្វើឡើង​តាមរយៈ​ការប្រឡងប្រជែង​ (​វិញ្ញាសាសរសេរ​ ឬ​សម្ភាស​ផ្ទាល់មាត់​) ​និង​បេក្ខជន​ទាំងនោះ​​ត្រូវមាន​សញ្ជាតិ​ខ្មែរ ព្រមទាំង​មាន​អាយុ​យ៉ាងតិច ១៨ ​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្តថា បេក្ខជន​ត្រូវបំពេញ​ការងារ​សម្រាប់​រយៈពេល​យ៉ាងតិច​ ៣​ ខែ និង​យ៉ាងច្រើន​ ១២ ​ខែ ក្នុង​ឆ្នាំ​នីមួយៗ​និង​ពេល​ចូល​បម្រើ​ការងារ​ត្រូវបំពេញ​ប្រវត្តិរូប និង​របប​ស្វ័យប្រកាស​ដែល​ត្រូវ​ធានា​អះអាង និង​​បញ្ជាក់​ពី​ការប្រើប្រាស់​ជាក់ស្តែង​​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ ឬ​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែមីនា​ថា កន្លងទៅ​រាជរដ្ឋាភិបាល​តែងតែ​អនុញ្ញាតឱ្យ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ដើម្បី​ជំនួស​អ្នក​ចូលនិវត្តន៍​ក្នុងពេល​ស្ថានភាព​សង្គម​ធម្មតា​។

លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​សេដ្ឋកិច្ចសង្គម​ដែល​យើង​រង​នូវ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​មេរោគ​កូវីដ​ ១៩ និង​នៅពេល​ថ្មីៗ​នេះ​​យើង​រង​នូវ​ការជះឥទ្ធិពល​ដោយ​ប្រយោល​ពី​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​នេះ​ផង វា​ធ្វើឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​-​សង្គម ដែល​យើង​រងគ្រោះ​ទាំងអស់គ្នា​។ ​ដូចនេះ​រាជរដ្ឋាភិបាល​មិនបាន​អនុញ្ញាត​ឱ្យ​មានកា​រ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ជំនួស​អ្នក​ចូលនិវត្តន៍​នោះទេ​»​។

លោក​ យង់ ពៅ បាន​បន្តថា ការអនុញ្ញាតឱ្យ​ជ្រើសរើស​តែ​មន្ត្រី​ក្របខ័ណ្ឌ​កិច្ចសន្យា​នេះ​ជា​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ស្ថិត​​ក្នុង​បរិបទ​ដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​កូវីដ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​ការជ្រើសរើស​តែ​មន្ត្រី​ជាប់កិច្ចសន្យា​គឺ​ប្រាកដ​ណាស់​ជា​ការជួយ​សន្សំសំចៃ​កញ្ចប់​ថវិកាជាតិ​បាន​មួយចំនួន​ផងដែរ​។

លោក​ថា​៖ «​មន្ត្រី​ជាប់​កិច្ចសន្យា​គឺជា​មន្ត្រី​ដែល​ទទួលបាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល​ក្នុង​ ១ ​ឆ្នាំ​ម្តង ចូលទៅ​បម្រើ​ការងារ​ចាំបាច់​របស់​ក្រសួង​ស្ថាប័ន​ដែល​ត្រូវការ​ចាំបាច់ ហើយ​ប្រសិនបើ​ពួកគាត់​បម្រើការ​ងារ​បាន​ ១​ ឆ្នាំ ហើយ​រាជរដ្ឋាភិបាល​អស់​កញ្ចប់​ថវិកា​នឹង​ជួល ឬ​គម្រោង​នោះ​ចប់​អ៊ីចឹង​!​វា​នឹង​ចប់​ដោយ​ស្វ័យប្រវត្តិ​តាម​កិច្ចសន្យា​ប្រចាំឆ្នាំ ប៉ុន្តែ​ប្រសិនបើជា​មន្ត្រី​ក្របខ័ណ្ឌ​គឺ​ត្រូវ​រក្សា​មន្ត្រី​នោះ​រហូតដល់​ចូលនិវត្តន៍​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែមីនា​ថា ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ ដើម្បី​ឆ្លើយតប​នឹង​កង្វះខាត​មន្ត្រី​ក្នុង​ស្ថាប័ន​សាធារណៈ​ក៏ដូចជា​បំពេញ​នូវ​មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ហើយ​នោះ គឺជា​រឿង​ល្អ ដោយសារ​វា​អាច​សន្សំសំចៃ​ថវិកា​របស់​​ជាតិ និង​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​​អំពាវនាវ​ឱ្យ​រាល់​ការជ្រើសរើស​មន្ត្រី​ទាំង​ក្នុង​ក្របខ័ណ្ឌ​ក្តី​ជា​មន្ត្រី​ជាប់កិច្ចសន្យា​ក្តី សុំឱ្យ​ការ​ជ្រើសរើស​នោះ​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌ ដោយ​ចៀសវាង​នូវ​ការរើសអើង​ផ្នែក​នយោបាយ​ និង​អំពើពុករលួយ​ទើប​អាច​ធានាថា​មន្ត្រី​ដែល​យកមក​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​សាធារណៈ​មាន​គុណសម្បត្តិ​ខ្ពស់ និង​ចំណេះ​ជំនាញ​គ្រប់គ្រាន់​ក្នុង​​ការបម្រើ​ជាតិ​»៕