ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ច្រានចោល​ទាំងស្រុង​ចំពោះ​មតិ​លើកឡើង​មួយចំនួន​នៅតាម​បណ្តាញ​សង្គម ដែល​បាន​ចោទប្រកាន់​មកលើ​អាជ្ញាធរ​ថា បាន​ប្រើ​ហិង្សា និង​បៀតបៀន​ផ្លូវភេទ លើ​ស្ត្រី​ជា​ក្រុមបាតុករ ណាហ្គាវើលដ៍ ដោយ​ចាត់ទុក​ការ​ចោទ​នោះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី ​២៩ ​មីនា បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​របស់​មជ្ឈដ្ឋាន​មួយ​ក្តាប់​តូច​តាម​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់​មកលើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា បាន​ប្រើ​អំពើហិង្សា បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី-​ភ្នំពេញ សូម​ធ្វើការ​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ច្បាស់លាស់ មាន​ចេតនា​មួលបង្កាច់ ចោទប្រកាន់ និង​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​កំពុង​បំពេញភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​»​។

សេចក្តី​ប្រកាស​បន្តថា ដើម្បី​ចៀសវាង​សាធារណជន​មានការ​ភាន់ច្រឡំ​តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ខាងលើ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ជាថ្មី​ថា ចាប់តាំងពី​ក្រុម​បាតុករ​ដែលជា​អតីត​បុគ្គលិក និងបុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​តាម​ទីសាធារណៈ​អស់​រយៈពេល​ប្រមាណ​ជាង​ ៣ ​ខែ​ក្តី អាជ្ញាធរ មាន​សមត្ថកិច្ច​បាន​ខិតខំ​ចូលរួម​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​។ ជាងនេះទៀត​អាជ្ញាធរ​ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​ប្រកបដោយ​ភាពអត់ធ្មត់​ខ្ពស់ ទោះបីជា​រង​នូវ​ការ​មួលបង្កាច់​ចោទប្រកាន់​ប្រមាថ​មើលងាយ​ដោយ​ប្រើពាក្យ​ពេចន៍​អសុរោះ និង​អាកប្បកិរិយា​មិន​សមរម្យ អសីលធម៌ រហូត​ឈានដល់​ទទួលរង​នូវ​ការប្រើ​អំពើហិង្សា បង្ក​របួសស្នាម​ពី​សំណាក់​ក្រុម​បាតុករ​ទាំងនោះ​ក្តី​។

រដ្ឋបាល​រាជធានី​បន្តថា ការខិតខំ បំពេញភារកិច្ច​ទាំងអស់នេះ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ក្រុមបាតុករ​ទាំងអស់​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​រាជធានី​-​ភ្នំពេញ ដែល​គួរតែ​ទទួលបាន​នូវ​ការផ្តល់​តម្លៃ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា​ទទួលបាន​នូវ​ការ​ចោទប្រកាន់​ថា បាន​ប្រើ​ហិង្សា បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ​។

រដ្ឋបាល​រាជធានី​បន្តថា​៖ «​វា​អាច ទៅរួច​ដែរឬទេ ដែលថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា និង​អំពើ​អសីលធម៌​ដូច​ការចោទប្រកាន់​នៅ​ចំពោះមុខ​មនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ​នៅ​ទីប្រជុំជន​ជាច្រើន​នាក់ តាម​ទីសាធារណៈ​។ ពិសេស​ស្ថិតក្រោម​ការត្រៀម​រង់ចាំ​ផ្តិត​យក​រូបភាព​ពី​សំណាក់​ក្រុមបាតុករ ដែល​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​គ្រប់​ដៃ តាម​ផែនការ​គ្រោងទុក​របស់​អ្នក​នៅ​ពីក្រោយ​ដែល​រៀបចំ​ជា​ឈុតឆាក​សម្រាប់​ឱ្យ​សម្ដែង​»​។

រដ្ឋបាល​រាជធានី​លើកឡើងថា ចំពោះ​ការចោទប្រកាន់​ខាងលើ​នេះ ប្រសិនបើ​មានការ​ពិត​នោះ គួរណាស់​តែ​ជនរងគ្រោះ​ពិតប្រាកដ បង្ហាញ​ភ័ស្តុតាង​ឱ្យបាន​ច្បាស់លាស់ និង​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​មាន​មូលដ្ឋាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​មក​ផ្តន្ទាទោស​។ ផ្ទុយទៅវិញ ប្រសិន​បើ​មានការ​ដាក់ពាក្យ​បណ្ដឹង​ជា​ផ្លូវការ ហើយ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភ័ស្តុតាង​ដូច​ការ​ចោទប្រកាន់​នោះទេ អ្នក​ទាំងនោះ​ក៏​នឹងត្រូវ​ប្រឈមមុខ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដូចគ្នា​ដែរ​។

ជាមួយ​គ្នានេះ រដ្ឋបាល​រាជធានី​-​ភ្នំពេញ ក៏បាន​ច្រានចោល​នូវ​ការចោទប្រកាន់​មកលើ​សមត្ថកិច្ច ថា បាន​រារាំង​មិនឱ្យ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​មួយចំនួន​តូច​បំពេញការងារ​របស់ខ្លួន​នោះ ដោយ​ចាត់ទុកថា ជាការ​លើកឡើង​ដោយ​គ្មាន​ហេតុផល​។

រដ្ឋបាល​រាជធានី​បញ្ជាក់ថា​៖ «​ព្រោះថា សមត្ថកិច្ច​មិនដែល​រារាំង និង​ហាមឃាត់​ឡើយ ប៉ុន្តែ​ពួកគាត់​បានធ្វើ​ដំណើរ​បំពេញការងារ​ហួស​ព្រំដែន​ច្បាប់​ដែល​បាន​កំណត់ ដោយ​ពួកគាត់​ធ្វើដំណើរ​ចូលទៅក្នុង​រង្វង់​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​»​។

រដ្ឋបាល​រាជធានី​បន្ថែមថា​៖ «​ហើយ​អាជ្ញាធរ​គ្រាន់តែ​ស្នើឱ្យ​ពួកគាត់​នៅក្រៅ​រង្វង់​ប្រតិបត្តិការ​ចៀសវាង​មាន​ឧបទ្ទវហេតុ​ដែល​បង្កឡើង​ដោយ​ជន​អគតិ ឬ​ភាន់ច្រឡំ​ថា ពួកគាត់​ជា​ក្រុម​បាតុករ ដែល​អាច​នឹង​ត្រូវបាន​អញ្ជើញ​ទៅធ្វើ​ការសម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​»​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​ (​លីកាដូ​) លោក​ អំ សំអាត ថ្លែងថា ចំពោះ​ករណីនេះ​អង្គការ​សង្គម​ស៊ីវិល ក៏​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្នើឱ្យ​មាន​ការបញ្ឈប់​ការប្រើ​ទម្រង់​ហិង្សា​ទៅលើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​បាន​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រក​វិធី​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់ គឺ​អាជ្ញាធរ និង​ក្រសួង​ដែល​ពាក់ព័ន្ធ គួរតែ​ជំរុញ​ឱ្យ​ភាគី​ណាហ្គាវើលដ៍ និង​តំណាង​សហជីព​ណាហ្គា ធ្វើការ​ចរចា និង​ដោះស្រាយ ដើម្បី​ស្វែងរក​ចំណុចរួម ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ ជា​ជម្រើស​ល្អ​បំផុត​។ បើ​មិន​អ៊ីចឹង​ទេ ការប្រើប្រាស់​កម្លាំង​ក្នុងការ​ទប់ស្កាត់​កូដករ​នោះ វា​អាច​នឹងមាន​បាតុភាព​កើតឡើង​ជា​បន្តបន្ទាប់​ដែលនាំឱ្យ​មានការ​រិះគន់​កាន់តែ​ធ្ងន់ធ្ងរ​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៤ ​កុម្ភៈ ឆ្នាំ​ ២០២២ ក៏​ធ្លាប់បាន​ច្រានចោល​ម្តង​រួចមកហើយ​នូវ​ព័ត៌មាន​ដែល​ផ្សាយ​ថា អាជ្ញាធរ​បាន​ប្រើ​ហិង្សា​លើ​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​៕

វីដេអូ៖