ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តអនុគ្រោះដល់ជនបរទេសកំពុងបម្រើការនៅកម្ពុជា ដែលកាន់សៀវភៅការងារហួសសុពលភាពអាចស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារ រហូតដល់ខែឧសភា ដោយសារតែបញ្ហាកូវីដ ១៩ នៅបន្តរីករាលដាលនៅពិភពលោក និងកម្ពុជា។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចុះថ្ងៃទី ២៨ ខែមីនា ដែលបានជម្រាបជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសប្រកបមុខរបរណាមួយនៅកម្ពុជាដែលស្ថិតក្រោមដែនអនុវត្តន៍ច្បាប់ស្តីពីការងារ បានឱ្យដឹងថា ដោយសារស្ថានភាពឆ្នាំ ២០២២ នេះ មានបញ្ហាការរីករាលដាលនៃជំងឺកូវីដ ១៩ នៅលើពិភពលោកនៅតែបន្ត ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ធ្វើឱ្យជនបរទេសដែលធ្លាប់មានបណ្ណ/ សៀវភៅការងារជនបរទេសឆ្នាំ ២០២១ មួយចំនួន ធំមិនទាន់បានស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងាររបស់ពួកគាត់នៅឡើយ។
ក្នុងន័យនេះក្រសួងបានជម្រាបថា៖ «ការស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេស ឆ្នាំ ២០២២ ត្រូវបានពន្យារពេលដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ដោយមិនតម្រូវឱ្យធ្វើការផាកពិន័យសម្រាប់ជនបរទេស ដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ ២០២១ ឡើយ»។
ក្រសួងបានបញ្ជាក់ថា ចំពោះជនបរទេសដែលចូលថ្មីមកធ្វើការ ឬប្រកបអាជីវកម្ម នៅព្រះរាជាណាចក្រកម្ពុជាត្រូវបំពេញឯកសារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។
តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
លោក William ជនជាតិឥណ្ឌា ដែលមកបម្រើការងារនៅកម្ពុជា តាំងពីឆ្នាំ ២០១៨ មក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសម្រេចរបស់ក្រសួងការងារជារឿងល្អមួយ សម្រាប់ជនជាតិបរទេស ដែលកំពុងបម្រើការងារនៅកម្ពុជា ខណៈជនបរទេសមួយចំនួនបន្តស្នាក់នៅ និងមិនទាន់អាចត្រឡប់ទៅប្រទេសខ្លួនវិញ។
លោកបញ្ជាក់ថា៖ «វាជាវិធានការដ៏ល្អមួយ ព្រោះវាអនុញ្ញាតឱ្យជនបរទេសមានពេលវេលាគ្រប់គ្រាន់ក្នុងការបន្តបណ្ណការងាររបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩»។
លោក William បានបន្តថា៖ «ពួកយើងជាច្រើនមានការលំបាកក្នុងការស្នើសុំលិខិតឆ្លងដែនថ្មីទាន់ពេលវេលា ដោយសារយើងមិនអាចត្រឡប់ទៅប្រទេសរបស់យើងវិញ ដោយសារតែការបិទទ្វារព្រំដែនអន្តរជាតិ ហើយវិធានការរបស់ក្រសួងនាពេលនេះនឹងមានប្រយោជន៍យ៉ាងខ្លាំង»៕