ភ្នំពេញៈ ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ​បានប្រកាស​សាលដីកា​ភ្លាមៗ​នៅ​ថ្ងៃទី​ ២៩ ​មីនា ចំពោះមុខ​មេធាវី​ជនជាប់ចោទ និង​មេធាវី​ជនរងគ្រោះ បន្ទាប់ពី​ជំនុំជម្រះ​ជិត​ ១ ​ម៉ោង ដោយ​រក្សា​ទោស​ ៥​ ឆ្នាំ​ដដែល សម្រាប់​ជនជាប់ចោទ​ម្នាក់​ក្នុង​បទ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​ ១២​ ឆ្នាំ ប្រព្រឹត្ត​នៅ​ឃុំ​ឃ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​ឆ្នាំ​ ២០២០​។

លោក​ ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ​បានអាន​សាលដីកា បន្ទាប់ពី​បាន​ពិភាក្សា​ថា ជនសង្ស័យ ឈ្មោះ​ សេង សុខឃីម អាយុ​ ២០ ​ឆ្នាំ ដែល​ត្រូវ​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​នោះ​ត្រូវ​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ២៩​ មីនា និង ត្រូវ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ដដែល​នេះ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​ក្រុមប្រឹក្សា​ពិភាក្សាគ្នា​មក​បាន​រួម​មតិ​គ្នា និង​សម្រេច​រក្សា​ទោស​ ៥ ​ឆ្នាំ​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្តកំពត​ទុកជាបានការ​ដដែល​»​។

អង្គហេតុ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​បង្ហាញថា រឿងក្តី​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​ជាង ​៨ យប់ ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ​នៅផ្ទះ​របស់​ក្មេងរងគ្រោះ ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​ឈ្មោះ​ សេង សុខឃីម អាយុ​ ២០ ​ឆ្នាំ​។ ជនជាប់ចោទ​បាន​លេង​ប្រដាប់ភេទ​ក្មេងរងគ្រោះ​ឈ្មោះ អ.ស. អាយុ​ ១២ ​ឆ្នាំ ហើយ​បាន​យក​ប្រដាប់ភេទ​របស់ខ្លួន​ដាក់​ក្នុង​ប្រដាប់ភេទ​របស់​ក្មេងស្រី​រងគ្រោះ​។ នៅពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នោះ ក៏ត្រូវ​ក្មេងស្រី​រងគ្រោះ​ប្រាប់​ជនជាប់ចោទ ថា នាង​ទៅ​បត់ជើងតូច​ហើយក៏​គេចខ្លួនបាត់​។ ដោយមាន​ការឈឺ​ចុកចាប់​ពេក ព្រឹក​ឡើង​ថ្ងៃទី​ ៨ ខែ​ឆ្នាំ​ដដែល ក្មេង​រងគ្រោះ​បាន​ប្រាប់​ឪពុកម្តាយ​របស់​នាង ហើយ​ត្រូវបាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនជាប់ចោទ​នៅ​ថ្ងៃ​ដដែល​នោះដែរ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្តកំពត បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ៨ ​កក្កដា ឆ្នាំ ​២០២០​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ ចោទ​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​។ ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ភ្នំពេញ​បន្តទៀត​។

លោកស្រី ​ថូ ណាវី ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី ដែលមាន​ឪពុក​របស់​ក្មេងរងគ្រោះ​ជា​តំណាងឱ្យ​ក្មេងស្រី​រងគ្រោះ​បាន​សន្និដ្ឋាន​ចំពោះមុខ​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​នា​ថ្ងៃទី​ ២៩ មីនា​ថា ផ្អែក​តាម​ចម្លើយ​របស់​ក្មេងស្រី​រងគ្រោះ​ក្នុង​អង្គហេតុ​បាន​រៀបរាប់ថា នាង​ពិតជា​ត្រូវបាន​ឈ្មោះ​ សេង សុខឃីម ប្រព្រឹត្ត​មកលើ​ខ្លួន​ពិតប្រាកដ​មែន​។ រីឯ​លិខិត​កោសល្យវិច័យ​ដែល​បាន​ពី​គ្រូពេទ្យ​បញ្ជាក់ថា នៅ​ប្រដាប់ភេទ​របស់​ក្មេងរងគ្រោះ​មាន​ស្នាម​ដាច់​រហែក​។

លោកស្រី​មេធាវី​បញ្ជាក់ថា​៖ «​តុលាការ​ខេត្តកំពត ផ្តន្ទាទោស​ ៥ ឆ្នាំ ដល់​ជនជាប់ចោទ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ ហេតុដូច្នេះ​ខ្ញុំ​ស្នើសុំ​តម្កល់​ទោស​ ៥ ​ឆ្នាំ​ដដែល​»​។

លោក​មេធាវី ១ ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៩ ​មីនា​ថា តាមពិត​ក្មេងរងគ្រោះ​ក៏​ស្រឡាញ់​កូនក្តី​របស់លោក​ដែរ ហើយ​កូនក្តី​លោក​ក៏​ធ្លាប់​ប្រាប់​ជនរងគ្រោះ​ថា គាត់​នឹង​ចូល​ស្តីដណ្តឹង​យក​ជនរងគ្រោះ​ធ្វើ​ប្រពន្ធ​ទៀតផង​។ កូនក្តី​លោក​បាន​សារភាព​ថា​គាត់​ពិតជា​បាន​ប្រព្រឹត្ត​មែន​។

លោក​ថ្លែងថា​៖ «​ក្នុងពេល​កូនក្តី​ខ្ញុំ​ធ្វើ​សកម្មភាព​រំលោភ​លើ​ជនរងគ្រោះ​ហេតុអ្វី​ក៏​មិន​ស្រែក ព្រោះ​នៅក្នុង​ផ្ទះ​មាន​មនុស្ស​ច្រើន​នាក់​ដែរ​។ តែ​យ៉ាងណា ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​មេត្តា​បន្ថយទោស​ដល់​កូនក្តី​ខ្ញុំ​ផង​»​។

នៅពេល​ជំនុំជម្រះ​នៅ​ថ្ងៃទី ​២៩ ​មីនា លោកស្រី​ យិន សុគន្ធារី តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​ថា តាម​ការសិក្សា​លើ​អង្គហេតុ លោកស្រី​ថា ជនជាប់ចោទ​បាន​សារភាព រីឯ​លិខិត​ពេទ្យ​ក៏​បញ្ជាក់ថា ប្រដាប់ភេទ​ក្មេង​ក៏មាន​របួស​ដែរ​។ ហេតុដូច្នេះ​លោកស្រី​ស្នើសុំ​តម្កល់​ទោស ​៥ ​ឆ្នាំនេះ​នៅ​ដដែល​៕