ភ្នំពេញៈ ក្រសួង​សុខាភិបា​ល​បានប្រ​កាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ជាង​ ៣០​ នាក់ បន្ថែម​ទៀត​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់​ និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​រហូត​ជាង ​៧០ នាក់​ផង​ដែរ​ តែមិន​បានរក​ឃើញ​អ្នកស្លាប់​ដោយ​សារ​មេរោគ​កូ​វីដ​ ១៩​ អូ​មី​ក្រុង​នេះ​ទេ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ​ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៣៣​ នាក់​ទៀត មាន​ឆ្លង​វីរុស​កូ​វីដ ១៩ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ​៧១ នាក់។ ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ចំនួន ៣៣ ​នាក់ និង​មិន​មាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ៣០ ខែ មីនា ​ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៥៨៥​ នាក់ ​អ្នកជា​សះ​ស្បើយ សរុប ចំនួន ១៣១ ៥៩៨ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៤ ​នាក់៕