កំពង់ស្ពឺៈ ​លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) នៅ​ថ្ងៃទី​ ២៨ ខែមីនា បានដាក់​ពាក្យ​ប្តឹង​ទៅ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ជំទាស់​ការស្នើសុំ​កាត់​ឆ្វៀល​ដីព្រៃ ១ ២២៧ ហិកតា នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ដោយ​សំអាងថា ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់បាន​យក​ពលរដ្ឋ​ធ្វើជា​ខែល​។

យោងតាម​បណ្តឹង​របស់​លោក​ ជា ហ៊ាន​ ដាក់ជូនទៅ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​ ២៨ ខែមីនា បានឱ្យដឹងថា ការស្នើសុំ​ធ្វើការ​កាត់​ឆ្វៀល​ដីព្រៃ​នៅ​ភូមិ​ដូនជន ភូមិ​សូរិយា និង​ភូមិ​ថ្មី ឃុំ​តាសាល ស្រុក​ឱរ៉ាល់ គឺ​ផ្ទុយ​ពី​គោលនយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ព្រោះ​ទីតាំង​ដីព្រៃ​នៅ​ទីនោះ​ទើបតែ​មានការ​ឈូសឆាយ​នៅ​ចុងឆ្នាំ​ ២០២១ ដើមឆ្នាំ​ ២០២២ ហើយ​បច្ចុប្បន្ន មាន​ពុះ​ដីឡូត៍​លក់ និង​ទើបតែ​មានការ​ដាំ​ចម្ការ​លម៉ើ​ផងដែរ​។

ក្នុង​លិខិត​លោក​ ជា ហ៊ាន បានឱ្យដឹង​ទៀតថា ក្រោយពី​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​លើ​ទីតាំង​ដី​ ១ ២២៧ ហិកតា​នេះ ឃើញ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ដើម្បី​ស្នើសុំ​ធ្វើការ​កាត់​ឆ្វៀល​។ ក្រោយមក​អង្គការ​ក៏បាន​ចុះ​ពិនិត្យ​តាម​ក្រោយ​ជា​លទ្ធផល ឃើញថា ទីតាំង​ដី​ដែល​ស្នើសុំ​កាត់​ឆ្វៀល បាន​ពុះ​ដីឡូត៍​លក់​មួយចំនួន ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​និង បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​យកចិត្ត​ទុកដាក់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ដើម្បី​អនុវត្ត និង​គ្រប់គ្រង​ដី​រដ្ឋ​ឱ្យ​​មាន​ប្រសិទ្ធភាព​។

លោក​ ជា ហ៊ាន បញ្ជាក់ថា​៖ «​អង្គការ​សុំ​ប្តឹង​ជំទាស់​នឹង​ការកាត់​ឆ្វៀល​ដីព្រៃ​ទាំងនេះ​ជូន​ពលរដ្ឋ និង​សុំ​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ខណៈ​ទីតាំង​ដី​នោះ​ពាក់ព័ន្ធ នឹង​ដី​ដែល​ក្រសួងបរិស្ថាន​ផ្តល់ជូន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ចំនួន ៣០០ ហិកតា​ដើម្បី​ធ្វើជា​មណ្ឌល​ហ្វឹកហ្វឺន​»​។

លោក ជា ហ៊ាន បានឱ្យដឹង​នៅ​ថ្ងៃទី ​២៨ ខែមីនា​ថា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល គឺ​ការ​កាត់​ឆ្វៀល​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ចាប់ពី​ ១០ ឆ្នាំ​ឡើងទៅ ហើយ​អាស្រ័យ​ផល​ជាក់ស្តែង មិនមែនជា​ព្រៃ​ជាក់ស្តែង​ដូច​ការស្នើសុំ​បច្ចុប្បន្ននេះ​ទេ​។ បើតាម​លោក​ ជា​ ហ៊ាន​ ទីតាំង​ដែល​ស្នើសុំ​ធ្វើការ​កាត់​ឆ្វៀល​នោះ មាន​ក្រុមហ៊ុន​មួយ​កំពុង ពុះ​ដីឡូត៍​លក់ និង​ដាំ​ដើម​លម៉ើ​ជា​លក្ខណៈ​ចម្ការ​សម្រាប់​លក់ និង​បាន​យកឈ្មោះ​ប្រជាពលរដ្ឋ​ធ្វើជា​ខែល​ទៅ​ស្នើសុំ​ធ្វើការ​កាត់​ឆ្វៀល​ដី​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​អ្នក​ដាំ ក្រុមហ៊ុន​អ្នកលក់ ប៉ុន្តែ​គាត់​យកឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លក់​ឱ្យ​គាត់​ហើយ​ធ្វើជា​លិខិត​ស្នើសុំ​កាត់​ឆ្វៀល​»​។

បើតាម​លោក​ ជា ហ៊ាន ដីព្រៃ ១ ២២៧ ហិកតា​នោះ ត្រូវបាន​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ​រួច ផ្ទៃ​ដីព្រៃ​ប្រមាណ​តែ ៥០ ទៅ ៦០ ហិកតា​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា​៖ «​ក្រុម​ហ្នឹង​គឺ​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់ មិនមែន​ក្រុមហ៊ុន​ជួល​ដី​រដ្ឋ​ទេ អ៊ីចឹង​បើតាម​នីតិវិធី​ច្បាប់ ក្រុមហ៊ុន​បង្កើត​ក្រុមហ៊ុន​គឺ​ជួល​ដី វិនិយោគ​ពី​រដ្ឋ ប៉ុន្តែ​នេះ មិនមែន​ជួល មិនមែន​អី​ទេ គឺ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​ការទិញ​នោះ​វា​មិនទាន់​ស្របច្បាប់​នៅឡើយ ព្រោះ​ជា​ដី​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​មិនទាន់បាន​កាត់​ឆ្វៀល​រួចរាល់​ចេញពី​តំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ​» ។ ទោះយ៉ាងណា​លោក​ ជា ហ៊ាន មិនបាន​ប្រាប់​ឱ្យដឹងពី​ឈ្មោះ​ក្រុមហ៊ុន​នោះទេ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​រក​ប្រភព​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន​ដែល​លោក​ ជា ហ៊ាន ​អះអាងថា ជា​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​នោះបានទេ​នៅ​ថ្ងៃទី​ ២៨ ខែមីនា ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​បើ​យោងតាម​របាយការណ៍​របស់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ នៅ​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២២ បានឱ្យដឹងថា កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដឹកនាំ​ដោយ​លោក ថន ចាន់ អនុប្រធាន​ការិយាល័យ ដែនជម្រក​សត្វព្រៃ បាន​ចុះ​ល្បាត​ស្រាវជ្រាវ ពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​រុករាន​ដីព្រៃ​នោះ​នៅ​ចំណុច​ត្រពាំង​កំពឹស ភូមិសាស្ត្រ​ភូមិ​ដូនជន ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ពិនិត្យ​ឃើញថា ទីតាំង​ដី​នេះ ស្ថិតក្នុង​ដី​ក្រសួង​បរិស្ថាន ផ្តល់​ឱ្យ​បណ្ឌិត្យ​សភា​នគរបាលជាតិ និង​មាន​ការកាប់​គាស់​រុករាន​ដីព្រៃ​ថ្មីៗ​ព្រមទាំង​មាន​ដាំ​ដើម​លម៉ើ​ទើបតែ​ដាំ​ប្រាកដ​មែន ហើយ​បច្ចុប្បន្ន មន្ត្រី​បរិស្ថាន​កំពុង​តាមដាន​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស​។

របាយការណ៍​បញ្ជាក់ថា​៖ «​ទីតាំង​ដី​នេះ ស្ថិតក្នុង​ដី​ដែល​ក្រសួង​បរិស្ថាន​ផ្តល់ឱ្យ​បណ្ឌិត្យ​សភា​នគរបាលជាតិ​កម្ពុជា​ទំហំ ៣០០១​ ហិកតា​។ មានការ​កាប់គាស់ រុករាន​ដីព្រៃ​ថ្មីៗ ទំហំ​ប្រមាណ ១០ ​ហិកតា រួមទាំង​មាន​ដើម​លម៉ើ​ទើប​ដាំ​ប្រមាណ ៥៤០ ​ដើម​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បានទេ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​លោក​ធ្លាប់​ប្រាប់ថា អាជ្ញាធរ​បាន​ពិនិត្យ និង​ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ដែល​បាន​ស្នើសុំ​ធ្វើការ​កាត់​ឆ្វៀល​ដី​នោះ​ហើយ​។ ដោយឡែក​ការងារ​បន្ត រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ​នឹងធ្វើ​ការប្រជុំ​ត្រួតពិនិត្យ​បន្ត​នីតិវិធី​មុននឹង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើ​អនុបយោគ​ប្រគល់​ដី​ទៅឱ្យ​ប្រជាពលរដ្ឋ​។

លោក វ៉ី សំណាង មិនបាន​បញ្ជាក់​ច្បាស់​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​ធ្វើការ​កាត់​ឆ្វៀល​ដី​នោះទេ ប៉ុន្តែ​លោក​ប្រាប់ថា ប្រជាពលរដ្ឋ​នៅ​ដោយ​កន្លែង​ផ្សេងៗ​គ្នា ហេតុនេះ​ការ​កាត់​ឆ្វៀល​អាច​នឹងធ្វើ​ឡើង​តាម​លក្ខណៈ​ស្បែក​ខ្លា ។ លោក​ថ្លែងថា​៖ «​ការ​កាត់​ឆ្វៀល​ហ្នឹង​មិន​នៅជាប់ៗ​គ្នា​ទេ គឺ​វា​ទៅជា​ស្បែក​ខ្លា​។ គាត់​មិន​ទៅ​នៅ​ជុំគ្នា​ដូច​យើង​ឯណា គាត់​នៅ​ដាច់ដោយឡែក​ពីគ្នា គាត់​ទៅ​នៅទីនេះ​ ២-៣ ​គ្រួសារ​អ៊ីចឹងទៅ​នៅ​ជាប់​ក្រោយ​ភូមិ នៅជាប់​នឹង​ព្រៃ បម្រុង​ទុក ព្រៃ​សហគមន៍ ដែនជម្រក​សត្វព្រៃ អ៊ីចឹងទៅ​»៕