The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​រាប់រយ​ក្បាល​បាន​ងាប់ ដោយសារ​អាកាសធាតុ​ក្ដៅ

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​រាប់រយ​ក្បាល​បាន​ងាប់ ដោយសារ​អាកាសធាតុ​ក្ដៅ

Content image - Phnom Penh Post
សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ពាន់តាឡី​ដែល​ងាប់​ពីថ្ងៃ​ទី​ ២៤ មីនា​។ រូបថត ហ្វេសប៊ុក

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​រាប់រយ​ក្បាល​បាន​ងាប់ ដោយសារ​អាកាសធាតុ​ក្ដៅ

ព្រៃវែងៈ សត្វ​ស្លាប​រាប់រយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ឈឺ​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​​ទួលពាន់​តាឡី ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ខណៈ​មន្ត្រី​ជំនាញ​បាន​ដើរ​ប្រមូល​សត្វ​ងាប់​ទាំងនោះ​ទៅ​កប់​ចោល​ដើម្បី​បញ្ចៀស​ក្លិនស្អុយ​​រាលដាល​ទៅ​សត្វ​ផ្សេងទៀត​។

នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​។

លោក តូច វ៉ារដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែមីនា​ថា សត្វ​ស្លាប​ទាំងនោះ​បានចាប់ផ្តើម​ងាប់​ជា​បន្តបន្ទាប់​ចាប់ពី​ដើមខែ​មីនា​មក ដោយ​ក្នុង​ ១​ ថ្ងៃ​ងាប់​ចន្លោះ​ពី​ ២០​ ទៅ​ជាង​ ៣០​ ក្បាល​។ លោក​ថា​៖ «​វា​អត់​មានអី​ប្លែក​ទេ ព្រោះ​ឆ្នាំមុន​កើតឡើង​អ៊ីចឹង​ដែរ​ក្នុងអំឡុង​ខែមីនា និង​មេសា ព្រោះ​អំឡុង​ខែ​នេះ​អាកាសធាតុ​គឺ​ក្តៅ អ៊ីចឹង​ធ្វើឱ្យ​សត្វ​ឈឺ​ហើយ​ស្លាប់​»​។

លោក​បន្តថា វិធានការ​ចំពោះ​​មុខ​គឺ​មន្ត្រី​ជំនាញ​ក៏ដូចជា​ប្រជាសហគមន៍​បាន​ដើរ​ប្រមូល​សត្វ​ងាប់​ទាំងនោះ​ទៅ​កប់​ចោល​ជា​រៀងរាល់ថ្ងៃ​។ ​លោក​ថា នេះ​ជា​ដំណោះស្រាយ​ដ៏ល្អ និង​ទទួលបាន​ផល​ដែល​តែងតែ​ធ្វើ​កន្លងមក រីឯ​សំណាក​សត្វ​ងាប់​ទាំងនោះ​ក៏​ត្រូវបាន​យកទៅ​មន្ទីរពិសោធន៍​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​​ពេល​សត្វ​ងាប់​យើង​ក៏​យក​សំណាក​ទៅ​មន្ទីរពិសោធន៍​ដែរ ប៉ុន្តែ​ចំពោះ​លទ្ធផល​មិនទាន់​ចេញ​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្វី​​ដែល​យើង​ធ្វើ​គឺ​តាម​ជំនាញ​ប្រមូល​ទៅ​កប់​ដើម្បី​កុំឱ្យ​សត្វ​ដែល​ងាប់​នោះ​នៅ​ស្អុយ​ពាសវាល​ពាសកាល​ជះក្លិន​ទៅ​សត្វ​ផ្សេង អ៊ីចឹង​យើង​ព្យាយាម​ប្រមូល​វា​ឱ្យអស់​ទៅ​កប់ ដូច្នេះ​វា​​មិន​រាលដាល​ទៀត​ទេ បើ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេវា​នឹង​រាលដាល​​ដល់​សត្វ​ផ្សេង បើ​មាន​ក្លិនស្អុយ​មនុស្ស​ក៏​ទ្រាំ​មិនបាន​ដែរ​»​។

ទោះជា​យ៉ាងណា លោក​ថា​តាម​ការសង្កេត​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សត្វ​ងាប់​មានការ​ថយចុះ​វិញ ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់ ខណៈ​លោក​សង្ឃឹមថា ស្ថានភាព​សត្វ​ស្លាប​​នៅ​តំបន់​អភិរក្ស​នឹង​វិល​ទៅរក​ភាពប្រក្រតី​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​ថា​៖ «​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ​អាកាសធាតុ​ត្រជាក់ មិនសូវ​ក្តៅ​ដូច​ប៉ុន្មាន​ថ្ងៃមុន សត្វ​ងាប់​ថយ​ច្រើន បើ​ប្រៀបធៀប​ទៅ​ថយ​ពាក់កណ្តាល​នៃ​ចំនួន​សត្វ​ងាប់​ក្នុង​ ១ ​ថ្ងៃ ២០ ​ទៅ​ជាង​ ៣០ ​ក្បាល ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ងាប់​ចន្លោះ​ពី​ ១០ ​ទៅ​ ២០ ​ក្បាល​ប៉ុណ្ណោះ​»​។

លោក​ នួន សារ៉េត អនុប្រធាន​សហគមន៍​អភិរក្ស​បឹងស្នេហ៍​ទួល​ពាន់តាឡី បានឱ្យ​​ដឹងថា ក្នុងអំឡុងពេល​ដើរល្បាត​នោះ​មានការ​សង្កេតឃើញថា សត្វ​ចាប់ផ្តើម​ងាប់​ច្រើន​ពីថ្ងៃ​ទី​ ៦ ខែមីនា មក ដោយសារ​អាកាសធាតុ​ក្តៅ ខណៈ​សត្វ​ខ្លះ​ឈឺ សត្វ​ខ្លះ​អាយុ​ចាស់ ហើយ​មួយចំនួនទៀត​អាច ពុល​អាចម៍​របស់​វា​។

លោក​បាន​បន្តថា តួលេខ​បឋម​​គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែមីនា មាន​សត្វ​ស្លាប​ងាប់​ជាង​ ៣០០ ​ក្បាល ហើយ​សត្វ​ស្លាប​ដែល​ងាប់​ទាំងនោះ​មានដូចជា សត្វ​ចង្កៀល​ខ្យង ក្អែកទឹក កុកគ្រោង ខ្វែក ត្រយង​ខ្លួន​រលោង​ជាដើម​។

លោក​បន្តថា ទោះបី​មាន​សត្វ​ស្លាប​ងាប់​ច្រើនក្តី ប៉ុន្តែ​ប្រជាសហគមន៍​នៅតែ​បន្ត​ចុះ​ល្បាត​រៀងរាល់ថ្ងៃ តាំងពី​ព្រឹក​រហូតដល់​ព្រលប់ ដើម្បី​ប្រមូល​សត្វ​ងាប់​មក​កប់​ចោល​ផង​ និង​ការពារ​ផង​។ លោក​ថា ករណី​សត្វ​ងាប់​នេះ​មិន​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវទេសចរ​នោះទេ ខណៈ​តំបន់​នោះ​ទទួលបាន​ភ្ញៀវទេសចរ​ជា​រៀងរាល់ថ្ងៃ​។ លោក​ថា​៖ «​ព្រោះ​ភ្ញៀវទេសចរ​អញ្ជើញ​មកលេង​ជា​រៀងរាល់ថ្ងៃ ចន្លោះ​ពី​ ៥០ ទៅ​ ១០០ ​នាក់​។

បើតាម​លោក នួន សារ៉េត ចំនួន​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ពាន់តាឡី​បាន​កើនឡើង​ជា​បន្តបន្ទាប់ ទោះបី​មាន​ករណី​សត្វ​ងាប់​ក្តី​។ ​លោក​ថា​៖ «​ពីមុន សត្វ​ស្លាបមាន​ពី ​២​ ទៅ​ ៣ លាន​ក្បាល ហើយ​ឥឡូវនេះ​មាន​ប្រហែល​ពី​ ៣ ទៅ​ ៤​ លាន​ក្បាល​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍