បន្ទាយ​មានជ័យៈ​ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលា​ការ​ខេត្ត​នៅ​ថ្ងៃទី ​៣០ ​មីនា បន្ទាប់​ពី​ចាប់​ខ្លួន​បាន​ ២ ថ្ងៃ​ ពាក់​ព័ន្ធ​ករណី​វាយ​ប្តី​នឹង​ដំបង​ឫស្សី​បណ្ដាល​ឱ្យស្លាប់​កាល​ពី​យប់​ថ្ងៃទី​ ២៨ ​មីនា ​នៅ​ភូមិ​គោក​ពន្លៃ ឃុំចំ​ណោម ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ឧត្តម​សេនីយ៍​ត្រី​ នូ ជី​វ័​ន្ត ​ស្នង​ការរង​ទទួល​ផែន​ការងារ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ឱ្យដឹង​នៅ​ថ្ងៃទី​ ៣០​ មីនាថា សមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទណ្ឌរ​បស់​លោក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ឈ្មោះ ​ជា រេ​ត ​អាយុ ​៤០​ ឆ្នាំ ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃទី​៣០ មីនា ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​សម្លាប់​មនុស្ស​។

លោក​ថ្លែង​ថា៖ «ស្ត្រី​សង្ស័យ​ម្នាក់​នោះ​ខាង​កម្លាំង​ជំនាញ​ខ្ញុំ​បាន​កសាង​សំណុំរឿង​បញ្ជូន​គាត់​ទៅ​សា​លាដំ​បូង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃនេះ ​​ហើយ (ថ្ងៃទី ៣០ មីនា)។ ខាង​អយ្យការ​កំពុង​តែ​ចាត់​ការ​រឿង​នេះ​បន្ត​ហើយ»​។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​ពី​តំណាង​អយ្យ​ការ​យ៉ាង​ណា​នោះ ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាចសុំ​កា​របញ្ជាក់​ពី​លោក សំរិទ្ធ ​សុខុន អ្នក​នាំ​ពាក្យ​អយ្យការ​អម​សា​លាដំ​បូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បានទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់​ទង​បាន​ កាលពី​ថ្ងៃទី​ ៣០ ​មីនា ។

លោក តាន់ សុគន្ធ នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ចំណោម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០​ មីនាថា ចំពោះ​ជនរង​គ្រោះ​ជា​ប្តី​ឈ្មោះ ឆែម ថង​យូ អាយុ ៤២ ឆ្នាំ។ ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​ចំណោម ​ស្រុកមង្គល​បុរី ​ខេ​ត្តបន្ទាយ​មាន​ជ័យ។ ប៉ុន្តែ​បាន​បង្កហេតុ​នៅ​ភូមិ​គោក​ពន្លៃ ​ឃុំចំណោម​ ហើយ​ជន​រង​គ្រោះ​គឺជា​មនុស្ស​ញៀន​ស្រា​ និង​តែង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ប្រចាំ​ផង​ដែរ​។

លោក​បាន​រៀប​រាប់​តាម​សម្តី​សាច់​ញាតិ​របស់​ស្ត្រី​សង្ស័យ​ថា​ ស្ត្រី​ឈ្មោះ ​ជា រេ​ត មាន​ប្តី​មុន​និង​មាន​កូន​ស្រី​ម្នាក់​ហើយ​កូនស្រី​របស់​គាត់​មាន​ប្តី​និង​មានកូន​ប្រុស​ម្នាក់​អាយុ​៤ឆ្នាំ។ ក្រោយ​មក​ ស្ត្រី​សង្ស័យ​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ជនរ​ងគ្រោះ​និង​មាន​កូន​ប្រុស​ជា​មួយ​គ្នា​ចំនួន​៣​នាក់​ ប៉ុន្តែ​ប្តី​របស់​សង្ស័យ​តែងតែ​ផឹក​ស្រា​និង​វាយដំ​ប្រពន្ធ​​ស្ទើរ​រាល់​ថ្ងៃ។​

លោក​បន្ត​ថា មុន​ពេល​កើត​ហេតុ​ ស្ត្រី​សង្ស័យ​បាន​មក​លេង​ផ្ទះ​កូន​ស្រី​បង្កើត​នៅ​ភូមិគោក​ពន្លៃ ឃុំចំណោម​ ស្រុក មង្គល​បុរី​។លុះដល់​ម៉ោងជា​ង៩យប់​ថ្ងៃទី​២៨ មី​នា ស្រាប់តែ​ប្តី​បាន​មក​តាម​ ឃើញ​ប្រពន្ធ​កំពុង​យោល​ចៅ​ដេក​ក្នុង​អង្រឹង។​ ពេលនោះ​បុរសជាប្ដី​ក្នុង​សភាព​ស្រវឹង​ស្រា​ខ្លាំងផង ​​បាន​យក​ផ្លែ​ដូង​ខ្ចី​គប់​ត្រូវ​ចៅ​ប្រុស​​ដែល​កំពុង​ដេក​ក្នុង​អង្រឹង​និងបាន​​ច្របាច់​ក​ប្រពន្ធ។ ដោយ​សារស្ត្រី​សង្ស័យ​ខឹង​ខ្លាំង ​ក៏​ស្ទុះ​ទៅយក​ដំបង​ឫស្សី​មក​វាយ​សំពង​ប្តី​ត្រូវចំ​គល់​ថ្គាម​និង​មុខ​បណ្ដាល​ដាច់​ខ្យល់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែម្តង។​បន្ទាប់មក​អ្នកភូមិ​បាន​រាយ​ការណ៍​មក​នគរបាល​ប៉ុស្តិ៍​ឃុំ​ចំណោម ហើយ​លោក​ក៏បាន​សុំ​គោលកា​រណ៍​ពី​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បុរី​ចុះ​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​ទាំង​យប់​ថ្ងៃ​ដដែល​តែ​ម្ដង​។

លោក​​បញ្ជាក់ថា​៖«នៅ​យប់​ថ្ងៃទី​២៨​មីនា​នោះ​ពេល​គាត់​វាយ​ប្តី​ស្លាប់​គឺ​គាត់​អត់​រត់​ទៅ​ណា​ទេ​ហើយ​កម្លាំង​សមត្ថ​កិច្ច​របស់​ប៉ុស្តិ៍​យើង​ចុះទៅ​ឃាត់ និង​នាំខ្លួន​គាត់​មក​ប៉ុស្តិ៍​ទាំងយប់។ គាត់​ថា​គាត់​បាន​វាយ​សម្លាប់​ប្តី​គាត់​មែន»។

លោក​ ចៅ ម៉ី មេឃុំចំណោម បាន​ប្រា​ប់​នៅ​ថ្ងៃទី ៣០ ​មីនាថា គ្រួសារ​ប្តី​ប្រពន្ធ​១​គូ​នេះ​ចេះ​តែ​មាន​ការ​ទាស់​ទែង​គ្នា​ស្ទើរ​រាល់​ថ្ងៃជា​យូរ​ខែ​ឆ្នាំ​មក​ហើយ​ ហើយ​ជនរង​គ្រោះ​ក៏​ជា​មនុស្ស​ផឹក​ស្រា​ជា​ប្រចាំ​ដែរ។ រីឯ​សាក​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅធ្វើ​បុណ្យ​នៅ​ភូមិ​ស្រែ​ព្រៃ​ឃុំ​គោក​ពន្លៃ​៕