បន្ទាយមានជ័យៈ នាពេល​បច្ចុប្បន្ន គិត​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ មាន​ពលករ​ខ្មែរ​ជាង​ ៧០០ ​នាក់ បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​ស្រុកកំណើត​វិញ ខណៈដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឡើងវិញ នៅពេល​ដែល​អត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ បាន​បន្ត​ថយចុះ​។

ក្នុង​ចំណោម​ពលករ​ជាង​ ៧០០ ​នាក់​នោះ មានមក​តាម​ច្រក​អន្តរជាតិ​ខេត្ត​ចំនួន​ ៣ គឺ​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តបាត់ដំបង​។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក សេក សុខុម ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ឆ្នាំនេះ​សង្កេតឃើញ​មាន​ពលករ​ចាប់ផ្តើម​សម្រុក​មក​បណ្តើរៗ​ហើយ តាំងពីដើម​ខែមីនា ដោយ​ក្នុង​ ១ ​ថ្ងៃ​ជិត ៣០០ ​នាក់​។

លោក​ថា​៖ «​ពលករ​ចាប់ផ្តើម​ត្រឡប់មក​ផ្ទះសំបែង​វិញ​ហើយ ដើម្បី​ចូលរួម​ជួបជុំ​ជាមួយ​បងប្អូន ក្រុមគ្រួសារ​គាត់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ក្នុង​ ១ ​ថ្ងៃ​ចន្លោះ​ពី​ ២៧០ ទៅ​ជាង​ ៣០០​ នាក់ ព្រោះ​យើង​បាន​ខកខាន​ប្រារព្ធ​អស់​រយៈពេល ២ ​ឆ្នាំ​មកហើយ​»​។ បន្ថែម​ពីនេះ​លោក​សង្ឃឹមថា ឈាន​ចូលដល់​ខែមេសា ពលករ​នឹង​បន្ត​សម្រុក​មក​បន្ថែមទៀត​ ខណៈ​រដ្ឋាភិបាល​បាន​បើកចំហ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​មិនបាច់​ធ្វើតេស្ត​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​រួចហើយ ។

លោក​បញ្ជាក់ថា វិធានការ​ចំពោះមុខ​នាពេល​បច្ចុប្បន្ន​ពលករ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ គឺ​អនុញ្ញាតឱ្យ​គាត់​ទៅផ្ទះ តែ​ពលករ​ដែល​មក​អត់​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​អត់​មាន​កាត​ចាក់​វ៉ាក់សាំង​គឺ​តម្រូវឱ្យ​ពិនិត្យ​សុខភាព និង​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​រយៈពេល​ ១៤​ ថ្ងៃ​។

លោក​បន្តថា សម្រាប់​វិធានការ​លើក​នេះ​ខុសពី​លើក​មុន ខណៈ​ឆ្នាំ​កន្លងទៅ​អាជ្ញាធរ​បាន​ត្រៀម​ឡាន​កងយោធពល​ខេមរភូមិន្ទ​ ដើម្បី​ដឹក​ពួកគាត់​ចេញពី​ព្រំដែន​ហើយ​បែងចែក​បន្ត​ទៅតាម​ខេត្ត​នីមួយៗ​។ ប៉ុន្តែ​ឥឡូវនេះ ពលករ​អាច​រក​មធ្យោបាយ​ត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​។

លោក​ថា​៖ «​ប៉ុន្តែ​បន្ទុក​អាជ្ញាធរ​ខេត្ត គឺ​ផ្តល់​បាយ​ដល់​ពលករ​ ៣​ ពេល​សម្រាប់​ពលករ​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក និង​អ្នក​វិជ្ជមាន​កូវីដ​ ១៩ អាច​អនុញ្ញាត​ឱ្យទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​ថែមទៀត​ផង ក្នុងករណី​គាត់​មានលទ្ធភាព​»​។

លោក​ឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ១០ ​ថ្ងៃ​ចុង​ក្រោយនេះ មាន​ពលករ​ត្រឡប់​មកវិញ​ជាង ២ ០០០ ​នាក់ ខណៈ​ដែល​នៅក្នុង​ខែមេសា ពលករ​អាច​នឹង​វិល​ចូល​ស្រុក​ ១ ​ថ្ងៃ ៣០០ ​ទៅ ៤០០ ​នាក់​ឯណោះ​។ បើតាម​លោក សុខុម ក្នុងចំណោម​ពលករ​ដែល​ត្រឡប់​ពី​ថៃ​ទាំងនោះ មាន​អ្នក​វិជ្ជមាន​កូវីដ​ពី​ ២ ​ទៅ ៣ ​នាក់ ក្នុង​ចំណោម ២០០ ទៅ​ ៣០០​ នាក់ ហើយ​ភាគច្រើន​នោះបាន​ចាក់​វ៉ាក់សាំង​រួចហើយ​។

អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​លោក សួស សុភ័ក្ត្រ បានឱ្យដឹងថា ក្នុង ​១ ​ថ្ងៃ​ពលករ​ត្រឡប់​ចូល​ស្រុក​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង​មាន​ពី ៣០​ ទៅ​ ៤០ ​នាក់ ហើយ​ថ្ងៃ​ខ្លះ​សម្រុក​មក​ច្រើន​រហូត​ជាង​ ១០០​ នាក់​។ សម្រាប់​ខេត្តបាត់ដំបង ការអនុវត្ត​វិធានការ​សុខាភិបាល ក៏​មិន​ខុសពី​ខេត្ត​ផ្សេងទៀត​ដែរ​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​ហើយ មិន​តម្រូវឱ្យ​ធ្វើតេស្ត​នោះទេ ខណៈ​ពលករ​មិនទាន់​ចាក់​វ៉ាក់សាំង​តម្រូវឱ្យ​ធ្វើតេស្ត​ និង​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​។

រីឯ​នៅ​ខេត្ត​ឧត្តរមានជ័យ​វិញ​ពលករ​វិល​មក​ស្រុក​វិញ​ក្នុង​រយៈពេល ១០ ​ថ្ងៃ​ចុង​ក្រោយនេះ មាន​ជាង​ ៤ ពាន់​នាក់​ហើយ​គិត​ជា​មធ្យម​ក្នុង​ ១​ ថ្ងៃ​មាន ៤០០​ នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ចំនួន​ពលករ​ចូលមក​តាម​ច្រក​ខេត្ត​នេះ​។

អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ​លោក ផល លឹម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ បន្ថែមថា ក្នុងចំណោម​ពលករ​ទាំងនោះ ភាគច្រើន​បាន​វិល​ចូល​ស្រុក​ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខ ហើយ​ក្នុងចំណោម​នោះ​ក៏មាន​ពលករ​ខុសច្បាប់​ត្រូវបាន​ថៃ​ចាប់បញ្ជូន​ត្រឡប់​មកវិញ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៨ ខែមីនា ក៏បាន​ជំរុញ​ឱ្យ​មាន​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ផងដែរ​ចំពោះ​ពលករ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ហើយ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​។ លោក​បានឱ្យ​ដឹងថា មកដល់​ពេលនេះ មាន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ជាង​ ១ ​ពាន់​នាក់ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​៕

វីដេអូ៖