
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ រូបថត WPDD
ភ្នំពេញៈ នាយកដ្ឋានសុខុមាលភាពជនពិការស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំជាមន្ត្រីអនុវត្តន៍ច្បាប់ ដើររៃអង្គាសថវិកានៅតាមរោងចក្រ សហគ្រាស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២៩ មីនា បានជូនដំណឹងដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសថា កន្លងមកមានជនខិលខូចមួយចំនួន ជាពិសេស ឈ្មោះ ហ៊ុន សារ៉ាក់ និងបក្ខពួកបានក្លែងបន្លំជាមន្ត្រី-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកថា ពួកគេយកសេចក្ដីជូនដំណឹងរបស់ក្រសួងស្ដីពីការអនុវត្តកាតព្វកិច្ចច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការសម្រាប់វិស័យឯកជនទៅទារលុយពីរោងចក្រ និងបោកប្រាស់លុយជនមានពិការភាព ដោយសន្យាថានឹងទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ដូចជា ប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភរបបនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ល។
លោក យៀប ម៉ាលីណូ លើកឡើងថា កន្លងមកក្រុមនេះធ្លាប់បានចុះហត្ថលេខា និងប្រថាប់ត្រាក្លែងបន្លំជាប្រធានការិយាល័យក្រុង/ស្រុក/ខណ្ឌនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្តក្នុងរូបភាពជាក្រុមកីឡាករទៅប្រកួតប្រណាំងរទេះ និងកីឡាបាល់ទះ ដើម្បីប្រមែប្រមូលថវិកាសប្បុរសធម៌ ដែលផ្ទុយពីការពិត។
លោកបញ្ជាក់ថា៖ «នាយកដ្ឋានសុខុមាលភាពជនពិការ សូមបដិសេធចំពោះសកម្មភាព និងលិខិតសុំជំនួយទាំងឡាយដែលក្រុមខិលខូចខាងលើបានប្រព្រឹត្ត និងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់»។
ជាមួយគ្នានេះ ដើម្បីចៀសវាងការចាញ់បោកបញ្ឆោត លោក យៀប ម៉ាលីណូ បានជម្រាបជូនក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវពិនិត្យចំណុចមួយចំនួន មុនពេលមន្ត្រីចុះត្រួតពិនិត្យ ឬទំនាក់ទំនងការងារ ពោលត្រូវមានលិខិតផ្លូវការជម្រាបជូននាយកក្រុមហ៊ុន រោងចក្រ សហគ្រាស ជាមុនសិន។ គ្រប់មន្ត្រីទាំងអស់ត្រូវមានកាតសម្គាល់មន្ត្រីរាជការ ឬមានលិខិតឧទ្ទេសនាមដែលចេញ ដោយក្រសួង ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយរាល់ការចុះត្រួតពិនិត្យ និងចុះបញ្ជិកាដោយឥតគិតថ្លៃ។
នាយកដ្ឋានសុខុមាលភាពជនពិការបានណែនាំដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវទាក់ទងលេខទូរស័ព្ទ 012 911 616 / 011 506 767 / 012 848 124 ឬតាមរយៈ Hotline 1270 ដោយ ឥតគិតថ្លៃ ដើម្បីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីដែលមានជនសង្ស័យ។
នាយកដ្ឋានក៏បានបញ្ជាក់អំពីទោសដែលបញ្ញត្តិ ក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ត្រង់មាត្រា ៥៣ អំពើទាញយកប្រយោជន៍ដោយចេតនា ដោយរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយនៃបុគ្គលនេះ បណ្តាលមកពីស្ថានភាពពិការភាព ដោយបង្ខំបុគ្គលនេះឱ្យប្រព្រឹត្តអំពើ ឬមិនប្រព្រឹត្តអំពើដែលធ្វើឱ្យខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់បុគ្គលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៦ លានរៀល។ មាត្រា ៥៦ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ- ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ ទៅ ៦ លានរៀល អំពើជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការអនុវត្តមុខងារសាធារណៈណាមួយ ដោយបំពេញកិច្ចណាមួយក្នុងចំណោមកិច្ចទាំងឡាយ ដែលសម្រាប់តែអ្នកមានសិទ្ធិក្នុងមុខងារនេះ។
លោក សេម សុវុន្ថា នាយកសមាគមជនពិការអង្គរគាំទ្រចំណាត់ការរបស់ក្រសួង និងស្នើសមត្ថកិច្ចចាត់វិធានការជនក្លែងបន្លំយកមកផ្តន្ទាទោសតាមច្បាប់។
លោកថា៖ «អ្វីដែលសំខាន់មួយទៀត សូមឱ្យជនពិការខ្លួនឯងឈប់ចាញ់បោកអ្នកដើរយកលុយទាំងនោះ ហើយបើដឹងខ្លួនឯងមានពិការភាព ត្រូវទៅចុះឈ្មោះនៅតាមសាលាឃុំសង្កាត់ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួនដែលអាចនឹងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌។ ព្រោះសម័យកូវីដ គ្រួសារជនពិការក្រីក្របំផុត គាត់បានទទួលពីរាជរដ្ឋាភិបាលរហូតដល់ ៣០ ម៉ឺនទៅ ៤០ រៀល»៕
វីដេអូ៖